ប្រធានាធិបតី​អ៊ីរ៉ង់​ថ្លែង​ថា អ៊ីរ៉ង់​នឹង​ស្ថិត​នៅ​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដោយ​គ្មាន​វត្តមាន​សហរដ្ឋ​អាមេរិក​

125

អ៊ីរ៉ង់៖ ប្រធានាធិបតី​អ៊ីរ៉ង់លោក ហាសាន រ៉ូ​ហា​នី បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា អ៊ីរ៉ង់​នឹង​នៅតែ​ប្ដេជ្ញា​ចិត្ត​ ចំពោះ​​ការ​រក្សា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ពហុ​ជាតិ ​បើ​ទោះ​ជា​សេចក្ដី​សម្រេច​ចិត្ត​របស់​ប្រធានា​ធិបតី​អាមេរិក​លោក Donald Trump ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ឆ្នាំ2015 ដែល​ធ្វើឡើង​ដើម្បី​ទប់​ស្កាត់​សមត្ថភាព​របស់​ទីក្រុង​តេ​អេ​រ៉ង់ ក្នុង​ការ​បង្កើត​អាវុធ​នុយក្លេអ៊ែរ​ក៏ដោយ​។​

​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​លោក រ៉ូ​ហា​នី ថ្លែង​ថា ទីក្រុង​តេ​អេ​រ៉ង់នឹង​ចរចា​ជាមួយប្រទេស​ផ្សេងទៀត ដែល​បាន​ចុះហត្ថលេខា​ង​ក្នុងកិច្ចព្រមព្រៀង​នោះ​។ ​ផែនការ​សកម្មភាព​រួម​គ្រប់​ជ្រុងជ្រោយ​(JCPOA) គឺជា​ឈ្មោះ​ពេញ​នៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរដែល​បាន​ធ្វើឡើង​ក្នុង​ឆ្នាំ​2015 ​រវាង​អ៊ីរ៉ង់ សមាជិកអចិន្ត្រៃយ៍​ទាង​៥ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ មានសហរដ្ឋអាមេរិក, រុស្ស៊ី, ចិន, អង់គ្លេស, បារាំង និង​អាល្លឺម៉ង់​។​ លោក រ៉ូ​ហា​នី បាន​បន្ថែម​ថា អ៊ីរ៉ង់​បាន​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បីបន្ត​កម្ម​ភាពនុយក្លេអ៊ែររបស់​ខ្លួន​ បន្ទាប់ពីប្រឹក្សា​យោបល់​ជាមួយប្រទេស​មហាអំណាច​ផ្សេងៗ​ ដែល​មាននៅ​ក្នុង​កិច្ចព្រមព្រៀងនេះ។ ការ​ប្រកាស​របស់​លោក Trump ត្រូវ​បាន​គាំទ្រ​ដោយ​សម្ព័ន្ធមិត្ត​សំខាន់ៗ ​របស់​ទីក្រុង​វ៉ាស៊ីនតោន​នៅ​មជ្ឈិមបូព៌ា ដូចជាអ៊ីស្រាអែល ​និង​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ប្រទេស​ទាំង​២​ នោះគឺជាសត្រូវរបស់​អ៊ីរ៉ង់​៕
អត្ថបទ៖ សុខ​មាន