លោក ​ត្រាំ​ នឹង​ជួប​ជាមួយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​ក្នុង​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃ​ទី​១២​ ខែ​មិថុនា​

269

អាមេរិក៖ ​លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​សរសេរ​លើ​គណនី​ធ្វី​ត​ធ័​រកាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ជំនួប​របស់​លោក​ជាមួយមេដឹកនាំ​កំពូលកូរ៉េខាងជើង លោក ​គីម ជុង​អ៊ុន នឹង​ត្រូវ​ធ្វើឡើង​នៅក្នុង​ប្រទេស​សិង្ហបុរីនៅ​ថ្ងៃ​ទី​១២ ​ខែ​មិថុនា។

​​លោក​ ត្រាំ បាន​សរសេរ​ថា ជំនួប​ប្រកបដោយ​ក្ដី​សង្ឃឹម​ខ្ពស់រវាងលោក គីម ជុង​អ៊ុន និងរូប​ខ្ញុំ​ផ្ទាល់​នឹង​កើត​មាន​ឡើង​ក្នុង​ប្រទេស​សិង្ហបុរីនៅ​ថ្ងៃ​ទី​១២​ ខែ​មិថុនា។ យើង​ទាំង​២​ នឹង​ព្យាយាម​ធ្វើ​ឲ្យ​កិច្ចប្រជុំ​នេះក្លាយ​ជា​ឱកាស​ដ៏​ពិសេស​បំផុត សម្រាប់សន្តិភាពពិភពលោក។ ​ការ​អត្ថាធិប្បាយ​របស់​លោកបាន​កើត​មាន បន្ទាប់ពី​កូរ៉េខាងជើង​ដោះលែង​អ្នក​ជាប់ឃុំអាមេរិក​ ៣​នាក់ដែល​បាន​ត្រឡប់មកវិញ ​ជាមួយប្រមុខ​ការទូត​អាមេរិកលោក Mike Pompeo កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោកទៅកាន់​ទីក្រុងព្យុងយ៉ាង ដើម្បី​ត្រៀមសម្រាប់កិច្ចប្រជុំ​កំពូល​រវាងលោក ត្រាំ ​និងលោក​ គីម​។

​ខណៈ​ពេល​ជួប​ជាមួយ​អ្នក​ជាប់ឃុំ​ទាំង ​៣​នាក់​នៅ​ឯ​មូលដ្ឋាន​រួម Andrews នៃ​រដ្ឋ Maryland លោក ត្រាំ បាន​និយាយ​ថា “​សមិទ្ធផល​ប្រកបដោយ​មោទនភាព​បំផុត​របស់​លោក ​នឹង​លេចចេញ​ជា​រូបរាងនៅ​ពេល​ដែល​យើង​ រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​នោះ​ទាំងស្រុង ​នេះ​ជា​អ្វី​ដែល​មនុស្ស​ទាំងឡាយ​កំពុង​រង់ចាំ​ អស់​រយៈពេល​ជា​យូរ​មក​ហើយ”​។ គ្មាន​នរណា​ម្នាក់​គិត​ថា ​យើង​អាច​ស្ថិតនៅ​លើ​ផ្លូវ​ក្នុង​កម្រិត​ល្បឿន​លឿន​នេះ​ទេ​។ ពេល​សួរ​ថា ​តើ​ថ្ងៃ​ណាមួយ​លោក​ចង់​ទៅ​បំពេញ​ទស្សនកិច្ច​ នៅ​ប្រទេស​កូរ៉េខាងជើង​ដែរ​ឬ​ទេ លោក ត្រាំ ថ្លែង​ថា ពិតជា​អាច​កើតឡើង​៕
អត្ថបទ៖ សុខ​មាន