កូរ៉េខាងត្បូង​សាទរ​ការ​ប្ដេជ្ញា​របស់​កូរ៉េខាងជើង​ចំពោះ​ការ​រុះរើ​ទីតាំង​បាញ់​សាកល្បង​នុយក្លេអ៊ែរ​

145

កូរ៉េខាងត្បូង​៖ ​វិមាន​ប្រធានាធិបតី Blue House របស់​កូរ៉េខាងត្បូង​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ បាន​សាទរ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ប្រទេស​កូរ៉េខាងជើង ក្នុង​ការ​រុះរើ​ទីតាំង​បាញ់​សាកល្បង​នុយក្លេអ៊ែររបស់​ខ្លួន​។​

​លោក គីម អួ​យ​ខ្យុ​ម ( Kim Eui-kyeom) អ្នកនាំពាក្យ​សម្រាប់លោក​ប្រធានាធិបតីកូរ៉េ​ខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែង​ថា កូរ៉េខាងត្បូងបាន​ស្វាគមន៍សេចក្ដីប្រកាស របស់​កូរ៉េ​ខាងជើងកាលពី​ថ្ងៃ​សៅរ៍​ដែល​ថា ​នឹង​ធ្វើ​ពិធីសម្រាប់​ការ​រុះរើ​ទីតាំង​បាញ់​សាកល្បង​នុយក្លេអ៊ែររបស់​ខ្លួន នៅ​ពេល​វេលា​មួយចន្លោះ​ថ្ងៃ​ទី​២៣ និង​២៥​ ខែ​ឧសភា​នេះ​។ អ្នកនាំពាក្យ​រូប​នេះ​បាន​និយាយ​ថា ​ការប្រកាស​នេះ​បង្ហាញ​ពី​ឆន្ទៈ​របស់​ក្រុង​ព្យុងយ៉ាង​ តាមរយៈ​សកម្មភាព​ដែល​ហួស​ពី​ពាក្យសម្ដី​ ដើម្បី​រក្សា​ការសន្យា​របស់​ខ្លួន​ដែល​បាន​ធ្វើ​ឡើង​ នៅ​ឯ​ជំនួប​កំពូល​អន្តរ​កូរ៉េ​កាលពី​ខែ​មុន​។​

​ទំនាក់ទំនង​រវាង​ក្រុង​ព្យុងយ៉ាង​ និង​សេ​អ៊ូ​លបាន​ប្រសើរ​ឡើង​ បន្ទាប់ពី​ជំនួប​កំពូល​កាលពី​ថ្ងៃ​ទី​២៧ ​ខែ​មេសា​ នៅ​ពេល​ដែល​មេដឹកនាំ​កំពូល​របស់​កូរ៉េខាងជើង​លោក​ គីម​ ជុង​អ៊ុន ​និង​លោក​ប្រធានាធិបតី​ មូ​ន​ បាន​ជួប​គ្នា​នៅ​ភូមិ​ព្រំដែន​ផាន​មុន​ជុំ​។ ក្នុង​អំឡុង​កិច្ចប្រជុំ​នោះលោក ​គីម ​បាន​សន្យា​ថា ​នឹង​រុះរើ​កន្លែង​សាកល្បង​នុយក្លេអ៊ែរ​នៅ​តំបន់ Punggye-ri នៅ​ភាគ​ឦសាន​នៃ​ប្រទេស​នេះ ហើយ​បាន​សន្យា​ថា​នឹង​បង្ហាញ​ដំណើរការ​រុះរើ​ ឲ្យ​មាន​តម្លាភាព​ដល់​ពិភពលោក​៕
អត្ថបទ៖ សុខ​មាន