រដ្ឋមន្ត្រី​ពាណិជ្ជកម្ម អះអាងថា កម្ពុជា​ជោគជ័យ​ច្រើន លើ​ការអនុវត្ត​ការងារ​កម្មសិទ្ធិបញ្ញា

294

ភ្នំពេញ ៖ ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់​-​គ្រង​កម្ម​សិទិ្ធបញ្ញា​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បញ្ជាក់ថា ​នៅក្នុង​ឆ្នាំ​២០១៧​ កន្លងទៅ​ន កម្ពុជា​ទទួល​បាន​ផ្លែផ្កា​ជាច្រើន ក្នុង​ការ​អនុវត្ត​ការងារ​កម្មសិទ្ធិបញ្ញា​ របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា​។ ​ហើយ​ភាព​ជោគជ័យ​នេះ ​ជា​សញ្ញា​វិជ្ជមាន​មួយ​របស់​កម្ពុជា​។

ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ មានប្រសាសន៍ថា លទ្ធផល​សំខាន់ៗ មួយ​ចំនួន​គួរ​ជាទី​មោទនៈ ដូចជា ​ការចូល​ជា​សមាជិក​ នៃ​ច្បាប់​ទីក្រុង​ហ្សឺ​ណែវ ​ស្តីពី​កិច្ចព្រមព្រៀង​លី​ស្បោ​ន ​ដែល​កិច្ចព្រមព្រៀង​មួយ​ផ្តោត​ជាសំខាន់​លើ ឈ្មោះ​ប្រភព​ដើម​នៃ​ទំនិញ និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​, ការ​កសាង​ច្បាប់​, ការពង្រីក​កិច្ចការពារ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ ​ទំនិញ​, ការ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ស្នើសុំ​ចុះបញ្ជី​ម៉ាក​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​, កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​, គម្រោង​កម្មសិទ្ធិបញ្ញា ​និង​ការ​ផ្តល់​សេវាសាធារណៈ​ផ្នែក​កម្មសិទ្ធិបញ្ញា​ជាដើម​។

ឯកឧត្តម​ ថ្លែង​យ៉ាងនេះ​ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្ម​សិ​ទិ្ធ​បញ្ញា​លើក​ទី​៨ ស្តីពី​លទ្ធផល​ការងារ​កម្មសិទ្ធិបញ្ញា ​និង​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​២០១៨ ​កាល​ថ្ងៃទី​១៧​ ឧសភា នៅ​ទីស្តីការក្រសួង​ ក្រុងភ្នំពេញ​។

ស្របគ្នា​នេះដែរ ប្រធាន​លេខាធិការដ្ឋាន ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា ​លោក អប់ រ៉ា​ឌី ​បាន​ឲ្យ​ដឹងថា ​អង្គភាព​អនុវត្ត​ច្បាប់​កម្មសិទ្ធិបញ្ញា ​បាន​បង្ក្រាប ​និង​ទប់ស្កាត់​បទ ​ល្មើស​កម្មសិទ្ធិបញ្ញា​យ៉ាងសកម្ម​ដើម្បី​ការពារ​សិ​ទិ្ធ​ស្របច្បាប់ ​និង​សុខភាព​សាធារណៈ​។

លោក​ បន្តថា ដើម្បី​ឲ្យ​កិច្ចការ​កម្មសិទ្ធិបញ្ញា និង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែមទៀត ​លិខិត​បទដ្ឋាន ​គតិយុត្តិ​ជាច្រើន ត្រូវ​បាន​អនុម័ត​។ ហើយ​សេចក្តីព្រាងច្បាប់ ​និង​បទប្បញ្ញត្តិ​កម្ម​សិទ្ធិបញ្ញា ​ជាច្រើន​ទៀត កំពុង​បន្ត​រៀបចំ​ពិនិត្យ ​និង​ពិភាក្សា ​ដើម្បី​បន្ត​អនុវត្តន៍​ប្រកបដោយ​ប្រសិទ្ធិ​ភាព​នៅ​ថ្ងៃ​អនាគត​៕