សាខាគយ​ និង​កំពង់ផែ​អន្តរជាតិ​ព្រះសីហនុ ​ប្រមូល​ចំណូល​បាន​ជិត​២០០​លាន​ដុល្លារ​

114

សីហនុ ៖ ​​នៅក្នុង​រយៈពេល​៤​ខែ ​ដើមឆ្នាំ​២០១៨​នេះ​ សាខាគយ​ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ព្រះសីហនុ ​ប្រមូល​ចំណូល​បាន​ជាង​៧៩៨​ ប៊ី​លាន​រៀល​ ត្រូវ​ប្រមាណ​១៩៩​លាន​ដុល្លា​រ​អាមេរិក កើន​ឡើង​២៣៦​ប៊ី​លាន​រៀល​ត្រូវ​ប្រមាណ​៤២% ​ បើ​ធៀប​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

លោក​ យឿ​ក យូ ប្រធាន​សាខា​គយ ​និង​រដ្ឋាករ​កំពង់ផែ​រ​អន្តរជាតិ​ក្រុងព្រះសីហនុ ​បាន​​លើកឡើង នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល​ថ្មី​របស់​សាខា​គយ​ និង​រដ្ឋាករ​កំពង់ផែ ​អន្តរជាតិ​ព្រះសីហនុ ​កាលពី​ថ្ងៃទី​១៧ ​ខែឧសភា​ កន្លងមក​ថា​ កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ​ គឺជា​កំពង់ផែ​ធំជាងគេ​ ដោយមាន​ក្រុមហ៊ុន​នាំចេញ​នាំចូល​ និង​បាន​បំពេញបែបបទ​នៅ​ទីនោះ​ជាច្រើន ​ជាពិសេស​ធុរជន​ល្អ​បំផុត​១៧​ក្រុមហ៊ុន ​ដែល​ភាគច្រើន​នាំចូល​ស្រា​បៀរ​ សំបក​កំប៉ុង ស្រូវ​សាលី​ ទឹក ដោះ​គោ ​ខោ​ទឹកនោម ស្ករស និង​ប្រេងរំអិល​ជាដើម​។

កាលពី​ឆ្នាំ​២០១៧​កន្លងមក ​សាខាគយ ​និង​រដ្ឋាករ​កំពង់ផែរ​អន្តរជាតិ​ក្រុងព្រះសីហនុ​ ប្រមូល​ចំណូល​បាន​ជាង​១៨៧៨​ប៊ី​លាន​រៀល ​ត្រូវ​ប្រមាណ​ជាង ​៤៦៩​លាន​ដុល្លា​រ​អាមេរិក​ផងដែរ​។ ​ចំណែក​ការ​ប្រមូល​ចំណូល​នៅក្នុង​រយៈពេល​៤​ខែ​ ដើមឆ្នាំ​២០១៨​នេះ​វិញ​ភាគច្រើន​ជា​ចំណូល ​បាន​មកពី​ការ​នាំចូល​រថយន្ត បារី ជាពិសេស​ពី​ក្រុមហ៊ុន​ធុរជន​ដែល​ល្អ​បំផុត​ទាំង​១៧​ក្រុមហ៊ុន ។

ឯកឧត្តម ​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន​ ទេសរដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និង​ ហិរញ្ញវត្ថុ​បាន​ធ្វើ​ការណែនាំ ​និង​ជំរុញ​ពង្រីក​ប្រសិទ្ធភាព​ការងារ ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អនុវត្តន៍ ​ការងារ​របស់​ខ្លួន ​ត្រូវ​អនុវត្តន៍​ការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ​ដោយ​ប្រកាន់យក​នូវ​អភិក្រម​ទាំង​៤​របស់​ក្រសួង ​គឺ​ការ​អនុវត្តន៍​ការងារ​ប្រកបដោយ​វិជ្ជា ​ និង​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ ការ​អនុវត្តន៍​ការងារ​ជា​ក្រុម ​ការអនុវត្តន៍​នូវ​ស្មារតី បុ​រេ​សកម្ម ​និង​ការ​មិន​ត្រូវ​មើល​រំលង​កំហុស​ខ្លួនឯង​។

ឯកឧត្តម ​ទេសរដ្ឋមន្ត្រី​ បន្តថា ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ទាំងអស់​ ត្រូវ​បង្កើន​កិច្ចសហការ​ឲ្យ​កាន់​តែ​ជិត ស្និត​ថែមទៀត ​ដើម្បី​ធានា​ប្រសិទ្ធ​ក្នុង​ការ​បំពេញការងារ​ ការ​សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ គ្រប់​លំដាប់​ថ្នាក់​នៅ​មូលដ្ឋាន ត្រូវ​ជំរុញ​លើកកម្ពស់​អភិបាលកិច្ច​ល្អ ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម ​អាជីវកម្ម ការ ​ ផ្តោត​យកចិត្តទុកដាក់​លើ​ការ​អនុវត្តន៍​ថវិកា​កម្មវិធី និង​ត្រូវ​បន្ត​រៀបចំ​ផែនការ​បណ្តុះ​បណ្តាល​ថែមទៀត ​ដើម្បី​ជំរុញ​ការ​គ្រប់គ្រង់​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព និង​មាន​តម្លាភាព ៕