ក្រុមគ្រួសារ​តាក់ស៊ី​ខេត្តពោធិ៍សាត់​ ប្ដេជ្ញា​ទៅ​បោះឆ្នោត​ ដើម្បី​សន្តិភាព​ និង​ការ​អភិវឌ្ឍ​

136

ពោធិ៍សាត់ ៖ ​ប្រទេស​កម្ពុជា នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ថ្ងៃទី​២៩​ ខែកក្កដា ឆ្នាំ​២០១៨ នេះ ​ហើយ​​ការបោះឆ្នោត​នេះ​ នឹង​ប្រព្រឹត្តទៅ​មិន​អាច​អាក់ខាន​បាន ​ជាមួយ​នឹង​ការសន្យា​របស់​ប្រជាពលរដ្ឋ​ភាគច្រើន​ថា ​នឹង​ទៅ​ចូលរួម​ ក្នុងការ​បោះឆ្នោត​ដ៏​មាន​សារសំខាន់​មួយ​នេះ​។

ក្រុមគ្រួសារ​តាក់ស៊ី ក្នុង​ខេត្តពោធិ៍សាត់ ​បាន​ប្តេជ្ញា​ចិត្ត​ថា​ នឹង​ទៅ​បោះឆ្នោត ​ដើម្បី​រក្សា​សន្តិសុខ​ និង​ការ​អភិវឌ្ឍ ​ប្រទេសជាតិ​ឲ្យ​បាន​កាន់តែ​ខ្លាំងក្លា​ជាង​ពេលនេះ​ទៀត​។​ ​ការ​ប្តេជ្ញា​របស់​ក្រុម​គ្រួសារ​តាក់ស៊ី​ខេត្តពោធិ៍សាត់​នេះ​ បាន​ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃទី​១៧ ខែឧសភា​ម្សិលមិញនេះ​ ក្នុង​ពិធី​ជួបជុំ​ជា​លក្ខណៈ​ គ្រួសារ ​ជាមួយ​មេ​គ្រួសារ ​គឺ​ឯកឧត្តម ​ម៉ៅ ធនិន ​អភិបាលខេត្ត​ពោធិ៍សាត់​។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ​និង​ជា​មេ​គ្រួសារ​តាក់ស៊ី ​បាន​អំពាវនាវ​ដល់​សមាជិក​គ្រួសារ​តាក់ស៊ី ​ទាំងអស់ ​នាំគ្នា​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ ក្នុង​គោលបំណង​តែមួយ គឺ​រក្សា​សន្តិភាព​ ដែល​កំពុង​មាន​បច្ចុប្បន្ន ​ក៏ដូចជា ​ការពារ​ភាព​សុខដុមរមនា​ក្នុង​មុខរបរ​ទទួលទាន​របស់​ខ្លួន​រាល់ថ្ងៃ​។ ​បោះឆ្នោត​ ដើម្បី​ទទួល​បាន​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​ សម្រាប់​ខេត្តពោធិ៍សាត់​។

ឯកឧត្តម បាន​បញ្ជាក់ថា ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​បន្តទៀត ​ខេត្តពោធិ៍សាត់ ​នឹង​ទទួល​បាន ​សមិទ្ធផល​ច្រើនជាង​នេះ​។ ​កន្លងមក រាជរដ្ឋាភិបាល បាន​ផ្តល់​អាទិភាព​ជូន​ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់ ​ច្រើនណាស់​ ដូចជា ​ផ្លូវ​ចាក់​កៅស៊ូ ​រាប់រយ​គីឡូ​ម៉ែត្រ​ ផ្លូវជាតិ​លេខ​៥៥ ​សំណង់​វា​រី​អគ្គិសនី ​ទំនប់​អាងទឹក​ ប្រព័ន្ធ​ធានា​សាស្ត្រ​តូចធំ ​និយាយ​រួម ​គឺ​ផ្តល់​ជូន​ការ​អភិវឌ្ឍ​គ្រប់​វិស័យ រួមទាំង ​​វិស័យ​កាត់ដេរ​ ដែល​បាន​ប្រាក់ចំណូល​រាប់​លាន​ដុល្លារ​ក្នុង​មួយខែៗ ​សម្រាប់​កូនចៅ​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​។ ទាំងអស់​នេះ​ហើយ​ ជា​កត្តា​ដែល​ទាំងអស់គ្នា ​ត្រូវ​ទៅ​បោះឆ្នោត ​ដើម្បី​ផល ប្រយោជន៍​ផ្ទាល់ខ្លួននិង​សង្គម​៕