មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង ​ចុះ​ធ្វើ​វ៉ាក់សាំង​គោក្របី

71

ស្វាយរៀង ៖ ​ដើម្បី​រួមចំណែក​ការពារ​ជំងឺ ​បំប៉ន​សុខភាព​សត្វ ត្រៀម​បង្កបង្កើនផល​នៅ​រដូវវស្សា​ឆ្នាំនេះ​ឲ្យ​បាន​ទាន់​ រដូវ​កាល ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ ​ខេត្តស្វាយរៀង ​បាន​ចុះ​ធ្វើ​វ៉ាក់សាំង​ ដល់​សត្វ​គោក្របី​ និង អប់រំ​ពី​វិធី​ថែទាំ​ នៅ​តាម​តំបន់​ប្រឈម​ជំងឺឆ្លង​នានា ​ក្នុង​ទូទាំង​ខេត្ត​។

ក្នុង​ពេល​ចុះ​ធ្វើ​វ៉ាក់សាំង​ការពារ​ជំងឺ​សត្វ​គោក្របី​ និង​ណែនាំ​បច្ចេកទេស​ថែទាំ​ចិញ្ចឹម​សត្វ ​នៅ​ថ្ងៃទី ១៨ ​ខែឧសភា នេះ ​នៅក្នុង​ស្រុក​កំពង់រោទិ៍ ​លោក ថាច់ រតនា ​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្តស្វាយរៀង ​បាន​ប្រាប់​ពលរដ្ឋ ​ដែល​មាន​សត្វ​ចិញ្ចឹម​ ត្រូវ​រិះរក​វិធី​ដាំ​ស្មៅ​ និង​រុក្ខជាតិ​ផ្សេងៗ​ទៀត ​រួមមាន ​អំពៅ ពោត និង​ដើម​ក្ទម្ពទេស ​ដើម្បី​ទាញ​យក​ផល ​ពិសេស​ រក​ដើម​ចេក​ហាន់​ជា​ចំណិត​តូចៗ ​លាយ​ជាមួយ​កន្ទក់​ឲ្យ​គោ​ស៊ី​ក៏បាន​ ក្នុង​ស្ថានភាព​ស្រុក ​ឃុំ ​បាន​នឹង​កំពុង​ប្រឈម​គ្រោះធម្មជាតិ​។

លោក បាន​បញ្ជាក់ថា ​គ្រោះធម្មជាតិ​ បាន​គំរាមកំហែង​ដល់​ការងារ​បង្កបង្កើនផល​ច្រើន​ណាស់ ​នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​ ដើម្បី​បញ្ចៀស​សត្វ​ពី​ករណី​ផ្ទុះ​ជំងឺ​នៅ​កន្លែង​ណាមួយ ​ត្រូវ​រាយការណ៍ ​ដល់​មេភូមិ ឃុំ ស្រុក ជាបន្ទាន់ ដើម្បី​ឲ្យ​ក្រុមការងារ​ចុះ​ធ្វើ​វ៉ាក់សាំង​ កុំ​ទុក​បណ្តោយ​ឧ្យ​សត្វ​ឈឺ​ងាប់​ គ្មាន អ្នក​ណាមួយ​ចេញមុខ​អន្តរាគមន៍​ជួយ​ព្យាបាល​សត្វ​។

ទាក់ទង​នឹង​ស្ថានភាព​សុខភាព​សត្វ គោ ក្របី លោក​ប្រធាន​មន្ទីរ បាន​ណែនាំ​ដល់​កសិករ ​គួ​រក​វិធី​ប្រក់​ដំបូល​ក្រោល​ ពិសេស ដុត​ភ្នក់​កម្ចាត់​មូស​ ឬ​ ដាក់​មុង​សត្វ ​ឲ្យ​បានល្អ​សមរម្យ ​ដើម្បី​ឲ្យ​សត្វ​ដេក សម្រាក ​ឲ្យ​មាន​សុខភាព​ល្អ ​ពីព្រោះ​តំបន់​នេះ ​បច្ចុប្បន្ន ​បាន​រង​នូវ​អាកាសធាតុ ​ពិសេស ​សត្វ​មូស កើត មាន​ច្រើន ​ហើយ​តែងតែ​ហើរ​មក​ខាំ​គោក្របី ​បណ្តាល​ឲ្យ​មាន​ជំងឺ​ដង្កាត់​ដល់​សត្វ​ផងដែរ​។

លោក​ប្រធានមន្ទីរ​កសិកម្ម ​បាន​បញ្ជាក់ថា​ ការធ្វើ​វ៉ាក់សាំង​គោក្របី មន្ទីរ​កសិកម្ម​ខេត្ត បាន​រួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គោលដៅ​ មាន​ផ្ទុះ​ជំងឺ និង​តំបន់​សត្វ​ឆ្លងកាត់​ តំបន់​ព្រំដែន​កម្ពុជា វៀតណាម ​រហូតមកដល់​ពេលនេះ​ បានសម្រេច​ប្រមាណ​ជាង​១០​លើក​ហើយ ចាប់ពី​ខែ កុម្ភៈ ក្នុងឆ្នាំនេះ​៕