ពលរដ្ឋ​ឃុំ​ស្វាយទាប ​សប្បាយរីករាយ ​ខណៈ​មាន​ផ្លូវ​កៅស៊ូ​ល្អ​ លែង​លំបាក​ដូច​មុន​

302

កំពង់ចាម ៖ ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ​គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​បម្រើ​ដល់​ការរស់នៅ​ប្រកប​មុខរបរ​រក​ទទួល​ទាន​របស់​ពល រដ្ឋ ​ព្រោះថា ​កាលណា​មាន​ផ្លូវថ្នល់​ល្អ ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចំណាយ​តិច​ក្នុង​ការ​ធ្វើដំណើរ​ទាំង​ពេលវេលា​ និង​ថវិកា ​ដែល​កត្តា​ នេះ​ នឹង​ជួយ​ធ្វើ​ឲ្យ​កម្រិត​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ នឹង​កើនឡើង​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ស្វាយទាប ស្រុក​ចម្ការលើ ​ខេត្តកំពង់ចាម ​បាន​នឹង​កំពុង​សាទរ ​និង​សប្បាយ​រីករាយ ​ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​នឹង​កំពុង​កសាង​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​ជូន​ពួកគេ ចាប់ពី​ថ្នល់​បំបែក​ទីរួមស្រុក​ចម្ការលើ​ រហូតដល់​ស្រុក​បារាយណ៍​ ខេត្តកំពង់ធំ ​ដែល​វា​នឹង​ជួយ​សម្រួល ​ដល់​ការ​ធ្វើដំណើរ ​កាត់បន្ថយ​ការ​ចំណាយ ​និង​លើកស្ទួយ​កម្រិតជីវភាព ប្រជាពលរដ្ឋ​ជាមិនខាន​។

ផ្លូវ​មួយ​ខ្សែ​ដែល​ត​ភ្ជាប់​ពី​ស្រុក​ចម្ការលើ ​រហូត​ដល​ស្រុក​បារាយណ៍ ​ខេត្តកំពង់ធំ ​ដែល​នឹង​ត្រូវ​អភិវឌ្ឍន៍​ ​កសាង​ឡើង​ក្រាល​កៅស៊ូ មាន​ស្ពាន ​មាន​លូបង្ហូរទឹក​ ដែល​សម្រួល​ភាព​ងាយស្រួល​យ៉ាង​ខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។ ​ជាមួយគ្នានេះ ​ពលរដ្ឋ​នៅ​ភូមិ​ស្រែ​ព្រាល ឃុំ​ស្វាយទាប ​បាន​សម្តែង​ភាព​សប្បាយ​រីករាយ​ចំពោះ​ការ​អភិវឌ្ឍ​របស់​ថ្នាក់ដឹកនាំ​បច្ចុប្បន្ន ​ដែល​កំពុង​ខិតខំ​យក​ទុកដាក់​ការ​កសាង​ផ្លូវថ្នល់ ​ត​បណ្តាញ​ប្រព័ន្ធ​អគ្គិសនី ​ហើយ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​ កំពុង​ត្រូវ​បាន​កសាង​ជា​បន្តបន្ទាប់ ​ដើម្បី​ប្រែក្លាយ​មុខមាត់​ពី​តំបន់​ដាច់ស្រយាល ​ឲ្យ​ក្លាយ​ជា​តំបន់​មាន​មនុស្ស​អ៊ូអរ ​ទីប្រជុំជន​ និង​មាន​ជីវភាព​ល្អប្រសើរ​មួយ​កម្រិត​បន្ថែមទៀត​។

ប្រជាពលរដ្ឋ បាន​បញ្ជាក់ថា ​ផ្លូវ​មួយ​ខ្សែ​នេះ ​ពីមុនមក​ពិបាកធ្វើ​ដំណើរ ​និង​មិន​នឹក​ស្មានថា ​មានការ​អភិវឌ្ឍ​ដូច្នេះ​ឡើយ ​នេះ​មកពី​ប្រទេស​កម្ពុជា​ មានការ​អភិវឌ្ឍ​គ្រប់​វិស័យ​ គ្រប់​តំបន់​ ក្រោម​ការដឹកនាំ​ដ៏​ឆ្លាតវៃ​របស់​សម្តេច​តេ​ជោ​ ហ៊ុន សែន​ ដែល​បាន​ដឹកនាំ​នាវា​មួយ​នេះ​ទៅ​រក​សុខ​សន្តិភាព​ ស្ថិរភាព សុវត្ថិភាព ​និង​ភាព​រីកចម្រើន​កាន់តែ​ច្រើន​ឡើង​បន្ថែមទៀត​៕