ប​.​ស​.​ស ប្រាប់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មាន​កង្វល់​លើ​ករណី​គ្រោះថ្នាក់​ការងារ​

334

ភ្នំពេញ៖ ក្រោយពី​មាន​មន្ទិលសង្ស័យ និង​ការ​លើកឡើង​បន្តបន្ទាប់​របស់​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​កង្វល់​ករណី​គ្រោះថ្នាក់​ការងារ​នៅ​កន្លែងធ្វើការ ឬ​ក្នុង​ម៉ោង​ការងារ​នៅ​រសៀល​ថ្ងៃនេះ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ​ជូន​សាធារណជន​កុំ​ឲ្យ​មានការ​ភ័ន្តច្រឡំ ក៏ដូចជា​ការ​ព្រួយបារម្ភ​បន្តទៀត​។​

យោង​តាម​សេចក្តី​ជូនដំណឹង របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ទទួល​បាន​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​ បាន​ឲ្យ​ដឹងថា ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​សូម​ធ្វើការ​ជម្រាប​ជូន​ដល់​សាធារណជន និយោជក ម្ចាស់​គ្រឹះស្ថាន និង​កម្មករនិយោជិត​ថា​ សេចក្តីជូនដំណឹង​របស់​ប ស ស​ធ្វើឡើង​កន្លងមក ក្នុង​គោលបំណង​ជួយ​សម្រួល​ចំពោះ​បងប្អូន​កម្មករនិយោជិត​នៅ​ពេល​មាន​បញ្ហា​សុខភាព ដែល​ត្រូវ​ទៅ​ទទួល​សេវា​ព្យាបាល​និង​ថែទាំ​សុខភាព ដោយ​ពុំ​ចាំបាច់​ជូនដំណឹង​អំពី​ហានិភ័យ​ការងារ​នោះ​ឡើយ​។ ពោល គឺ​បងប្អូន កម្មករ​និយោជិត​អាច​ចូលទៅ​ទទួល​សេវាកម្ម​គ្រប់​ពេល​ដោយ​ឥត​បង់ថ្លៃ​។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា សរុប​សេចក្តី​មក គ្រប់​ពេលដែល​កម្មករ​និយោជិត​មាន​បញ្ហា​សុខភាព ទោះជា​បញ្ហា​នោះ​ពាក់ព័ន្ធ​នឹង​ការងារ ឬ​មិន​ពាក់ព័ន្ធ​នឹង​ការងារ​ក្តី ក៏​បងប្អូន​នៅតែ​ទទួលបាន​សេវា​ព្យាបាល និង​ថែទាំ​សុខភាព​ដោយ​ឥត​បង់ថ្លៃ​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​។ តាមរយៈ​សេចក្តីបំភ្លឺ​ខាង​លើនេះ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ជឿជាក់ថា សាធារណជន​នឹង​ជ្រួតជ្រាប​ឲ្យ​កាន់​តែច្បាស់​ពី​ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​នេះ​។​

កាលពី​ថ្ងៃទី​១៧ ខែឧសភា​កន្លងទៅនេះ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បានចេញ​សេចក្តីជូនដំណឹង​លេខ​៣០/១៨ ជម្រាបជូន​ដល់​និយោជក ឬ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន និង​កម្មករ និយោជិត​ថា ចាប់ពី​ថ្ងៃទី​១​ខែមិថុនា​ខាងមុខ រាល់​ស្ថានភាព​របស់​កម្មករនិយោជិត​ដែលមាន​អាកា​រៈ​ខ្សោយ វិលមុខ ទន់ដៃទន់ជើង ញ័រ​ទ្រូង ពិបាក​ដកដង្ហើម​និង​ថប់​អារម្មណ៍ ដែល​បណ្តាលមកពី​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ឬ​ខ្វះ​សារ ធាតុ​អ៊ីយ៉ុង​ក្នុង​ឈាម មានដូចជា កាស់​ស្យូ​ម សូ​ដ្យូ​ម ប៉ូ​តា​ស្បូ​ម ម៉ាញ៉េ​ស្យូ​ម ដែលជា​ទូទៅ​និយោជក ឬ​កម្មករនិយោជិត​យល់ថា ជា​ស្ថានភាព​សន្លប់​ជា​លក្ខណៈ​បុគ្គល​ក្នុង​កន្លែងធ្វើការ ឬ​ម៉ោង​ធ្វើការ​ហើយ​ចាត់ទុកថា​ករណីបែបនេះ​ជា​គ្រោះថ្នាក់​ការងារ​។

បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ចាត់ទុកថា ករណីបែបនេះ​ជា​បញ្ហា​សុខភាព​ផ្ទាល់​របស់​បុគ្គល មិនមែន​បណ្តាលមកពី​ការងារ​ឬ​បរិយាកាស​កន្លែងធ្វើការ​ទេ​។ ដូច្នេះ កម្មករ និយោជិត​ទាំងអស់​ត្រូវ​ទទួល​ការព្យាបាល និង​ថែទាំ​សុខភាព ក្រោម​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​វិញ​៕