សម្ដេច​តេ​ជោ ហ៊ុន សែន រម្លឹក​ថា មិន​ត្រូវ​ទុកឱ្យ​ប្រជាពលរដ្ឋ​ដើរ​បោច​វល្លិ៍ ចៀជ័រ ដូច​សម័យ​មុន​ទៀត​ឡើយ

666

ភ្នំពេញ៖ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​រម្លឹក​ទៅកាន់​ប្រជាពលរដ្ឋ​ឱ្យមើល​ឃើញ​ពី​ការខិតខំ​ធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាងរ​បស់​សម្តេច ជាពិសេស​ការអភិវឌ្ឍ​ស៊ីជម្រៅ ប្រែក្លាយ​ដីព្រៃ​រិច​រិល ឱ្យទៅជា​ដីចំការ​កៅស៊ូ និង​ដំណាំ​ចំការ​ផ្សេងៗ ដោយ​មិន​ទុកឱ្យ​ពួកគាត់​នៅតែ​បន្ត​ដើរ​បោចវល្លិ៍ ចៀ​ជ័រ ដូច​ពី​សម័យ​បុព្វកាល​តទៅទៀត នោះទេ​។

​​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ដាំ​ដើមឈើ នៅក្នុង​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប ស្ថិតនៅក្នុង​ឃុំ​ឆែប​មួយ ឃុំ​ឆែប​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ ដែលជា​ឧទ្យាន​មួយ​មានតម្លៃ​ផ្នែក​បុរាណវិទ្យា ប្រវត្តិសាស្ត្រ និង​ជាតិពន្ធុ​សាសន៍ ព្រមទាំង​ធនធានធម្មជាតិ​សំខាន់ៗ​ប្រកបដោយ​និរន្តរភាព ។​

​ ​សម្តេច​បាន​មានប្រសាសន៍ថា ជាមួយនឹង​ការអភិរក្ស យើង​តែ​ក៏ត្រូវ​ធ្វើការ​ផ្លាស់ប្តូរ​មុខរបរ​របស់​ប្រជាពលរដ្ឋ​ពី​ការរកស៊ី​កាប់​អុស បរបាញ់​សត្វ រក​វ័រ ជាដើម ហើយ​អ្វីដែល​ទាក់ទង​ជាមួយនឹង​ការការពារ​នោះ យើង​ក៏​ត្រូវតែ​ដោះស្រាយ​បញ្ហា​មុខរបរ ឱ្យ​ពួកគាត់ ហើយ​ពាក់ព័ន្ធ​នឹង​ការផ្លាស់ប្តូរ​មុខរបរ​នេះ សម្តេច​ក៏បាន​រម្លឹក​ពី​ការរិះគន់ ដោយ​ហាមឃាត់​ពី​សំណាក់​អតីត​បេសកជន​ពិសេស​នៃ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា ដែល​បាន​និយាយថា ការដាំ​ដំណាំ​កៅស៊ូ បាន​បំផ្លាញចោល​នូវ​មុខរបរ​ដើម​របស់​ប្រជាពលរដ្ឋ ដូចជា​ការ បោចវល្លិ៍ ជៀ​ជ័រ របស់​ប្រជាជន​ជាដើម ប៉ុន្តែ​ចំណុច​នេះ សម្តេច​បដិសេធ ជំទាស់​ដោយ​ថា​មិនត្រូវ​ទុកឱ្យ​ប្រជាពលរដ្ឋ​របស់​យើង​នៅ​អន់ថយ ដូច​ពី​សម័យ​បុព្វកាល​តទៅទៀត​នោះទេ​។​

​ ​សម្តេច​តេ​ជោ​ក៏បាន​យក​ឱកាស​នេះ​ផ្តាំផ្ញើ​ដល់​គ្រប់​អាជ្ញាធរ មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវខិតខំ​បង្កើត​មុខរបរ​ជូន​ប្រជាពលរដ្ឋ ឱ្យនៅ​តំបន់​នេះ​ឱ្យបាន​ច្រើន ហើយ​ប្រគល់​អំណាច​វិមជ្ឈការ​ជូន​ពួកគាត់​ឱ្យបាន​ចូលរួម​ការពារ​ព្រៃឈើ ដើម្បី​អភិរក្ស ឱ្យ​តំបន់​នេះ ឱ្យបាន​ក្លាយជា​មូលដ្ឋាន​សិក្សា​ស្រាវជ្រាវ ដល់​សិស្ស និស្សិត និង​អ្នកសិក្សា​ស្រាវជ្រាវ​ដទៃទៀត ផងដែរ​៕