អគ្គិសនី​កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​មាន​ទឹក​ប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​

590

ភ្នំពេញ៖ អគ្គិសនី​កម្ពុជា​(EDC) ​បាន​ចុះ​កិច្ចព្រមព្រៀង​និង​ដៃគូរ​អភិវឌ្ឍន៍​អនុវត្ត​គម្រោង​សាងសង់​ខ្សែ​បញ្ជូន​និង​ចែកចាយ​បន្ថែម​នៅ​រាជធានី​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត​នៅ​ទូទាំងប្រទេស​កម្ពុជា​ដែលមាន​ទឹកប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​​ឯកឧត្តម កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា​បាន​ថ្លែងប្រាប់​​ថា រាជរដ្ឋាភិបាល​កម្ពុជា ​បាន​អនុញ្ញាត​ឲ្យ​អគ្គិសនី​កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ជាមួយនិង​ដៃគូរ​អភិវឌ្ឍន៍​មាន​ទឹកប្រាក់​១៦១២ លាន​ដុល្លារ​អាមេរិក​រួចទៅហើយ សម្រាប់​វិនិយោគ​សាងសង់​ខ្សែ​បញ្ជូន ខ្សែ​ចែកចាយ ឬ​អនុ​ស្ថានីយ​បន្ថែមទៀត ហើយ​ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ​បាន​ចំណាយ​ទុនវិនិយោគ​ច្រើនជាងគេ​និង​ក្រៅពីនេះ​នៅតាម​បណ្តា​ខេត្ត​ក្រុង​នានា​ទូទាំងប្រទេស​។​

​​ឯកឧត្តម​ បាន​បន្ថែម​ទៀតថា ការវិនិយោគ​នេះ ​គឺ​ក្នុង​បំណង​បំពេញ​នូវ​សេចក្តីត្រូវការ​អគ្គិសនី​ឲ្យ​បាន​គ្រប់គ្រាន់​និង​ចែកចាយ​ដល់​ប្រជាពលរដ្ឋ​បាន​គ្រប់ៗ​គ្នា ហើយ​រយៈពេល​៣​ឆ្នាំ​ខាងមុខ​ទៀត​នឹងមាន​ការកែប្រែ​ច្រើន​តាមរយៈ​ដៃគូ​អភិវឌ្ឍន៍​មាន​ប្រទេស​ជប៉ុន បារាំង អាឡឺម៉ង់ ចិន ធនាគារអភិវឌ្ឍន៍អាស៊ី​ន និង​ទុក​វិនិយោគ​បន្ថែមទៀត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។​

​​សម្រាប់​លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែងថា បើសិនជា​អគ្គិសនី​មានតម្លៃ​ថោក​ដូច​បណ្តា​ប្រទេសជិតខាង​នោះ​គឺជា​រឿង​ល្អ ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​បន្ថែមទៀត​មក​វិនិយោគ​បង្កើត​ង​រោងចក្រ​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​បើតាម​ផែន​របស់​អគ្គិសនី​កម្ពុជា​គឺ​សព្វថ្ងៃ​កំពុងតែ​រៀបចំ​ធ្វើ​យ៉ាង​បញ្ចុះតម្លៃ​ឲ្យ​បាន​ថោក​សមរម្យ​ផងដែរ​។​

​​យោងតាម​អគ្គិសនី​កម្ពុជា​បង្ហាញថា បច្ចុប្បន្ន​ការវិនិយោគ​របស់​ដៃគូ​រ​អភិវឌ្ឍន៍​គឺ​កំពុងតែ​ដំណើរការ​ជា​បណ្តើរៗ​នៅ​ជុំវិញ​បឹង​ទន្លេសាប និង​ជាមួយ​ក​ម្រោ​ង​វិនិយោគ​ចិន​និង​ជប៉ុន​ជាដើម ។ លើសពីនេះ​ក៏មាន​គម្រោង​វិនិយោគ​ផ្សេងទៀត​ដែលមាន​ទឹកប្រាក់​ជាង​៣០០​លាន​ដុល្លារ​អាមេរិក​កំពុងតែ​សិក្សា​ហើយ​នៅ​ឆ្នាំ​២០២០​នៅ​គ្រប់​ខេត្ត​ទាំងអស់​នឹងមាន​អនុ​ស្ថានីយ​យ៉ាង​ហើ​ច​១​ក្នុង​១​ខេត្ត ដើម្បី​ផ្គត់ផ្គង់​ឲ្យ​គ្រប់​តាម​តម្រូវការ​របស់​អ្នកប្រើប្រាស់​៕