ព្រះមហាក្សត្រ ព្រះរាជទាន​ថវិកា ១​លាន​ដុល្លារ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​កុមារ​កម្ពុជា​

318

​​ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​១០ ខែ​កក្កដា ឆ្នាំ​២០១៨ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្ដី​ថ្លៃថ្នូរ​និង សុភមង្គល ជាទី​គោរពសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​ទាំង​ទ្វេ​សព្វព្រះរាជហឫទ័យ ព្រះ​បរម​រាជា​អនុញ្ញាត ឱ្យ​លោក​អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា ចូល​ក្រាបបង្គំ​គាល់ និង​ទទួល​តង្វាយ​ជា​ព្រះរាជ​ទ្រព្យ សម្រាប់​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

បណ្តាញ​ទំនាក់​សង្គម​ហ្វេសប៊ុក ​បាន​ឆ្លើយតប​សារ​ដោយ​អះអាងថា តង្វាយ​ជា​ព្រះរាជ​ទ្រព្យ ហ្លួង​ប្រោស​ប្រទាន​មាន​ចំនួន ១,០០០,០០០ ដុល្លារ​សហរដ្ឋអាមេរិក ជា​ព្រះ​រាជូបត្ថម្ភ​ថ្មី ដ៏​វិសេសវិសាល​នៃ​ព្រះករុណា​ជា​អ​ម្ចាស់​ជីវិតលើត្បូង ចំនួន ៥០០,០០០ ដុល្លារ​សហរដ្ឋអាមេរិក និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ចំនួន ៥០០,០០០ ដុល្លារ​សហរដ្ឋអាមេរិក ជូន​ដល់ មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​បន្ត​កិច្ចការ​មនុស្ស​ធ​ម៏​ក្នុង​ការជួយ​ព្យាបាល​កុមារ​កម្ពុជា​។​

មន្ទីរពេទ្យ​គន្ធបុប្ផា ជា​មន្ទីរពេទ្យ​សប្បុរសធម៌​ដ៏​ធំ​មួយ​នៅ​កម្ពុជា ដែល​បាន​ជួយសង្គ្រោះ​ជីវិត​កុមារ​ជាច្រើន​ម៉ឺន​នាក់ ជាពិសេស​កុមារ​ក្រីក្រ​នៅ​កម្ពុជា​ឱ្យមាន​ជីវិត​រស់រាន​ឡើងវិញ​៕