ក្រសួងទេសចរណ៍​បង្កើត​គ្រូ​បង្គោល​ចល័ត​ទេសចរណ៍​បណ្ដុះ​ជំនាញ​ទេសចរណ៍​នៅ​មូលដ្ឋាន​

102

​​ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៨ ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​កោតសរសើរ ចំពោះ​គ្រូ​បង្គោល​ចល័ត​ចំនួន ២២​រូប ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ជាមួយ​ក្រសួងទេសចរណ៍​ដើម្បី​បណ្ដុះបណ្ដាល​យុវជន​លើ​ជំនាញ​បដិសណ្ឋារកិច្ច និង​ទេសចរណ៍​ឱ្យ​មាន​សមត្ថភាព​។​

ការចូលរួម​ចែករំលែក​ចំណេះ របស់​គ្រូ​បង្គោល​ផ្នែក​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង តម្រូវការ​ទីផ្សារការងារ និង​អភិវឌ្ឍ​អាជីព​ក្នុង​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​នៅ​កម្ពុជា​ឱ្យ​កាន់ តែ​ល្អ​ប្រសើរឡើង​ដើម្បី​ប្រកួតប្រជែង​ការងារ​នៅក្នុង​តំបន់ និង​អន្តរជាតិ​។

នៅ​ក្នុង​ពិធី​សំណេះ និង​ប្រគល់​វិញ្ញាបនបត្រ ដល់​សិក្ខាកាម​ជយលាភី​ចំនួន ១៣០០​នាក់ ដែល​បាន​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​ជំនាញ​បដិសណ្ឋារកិច្ច សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨ ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​ថ្លែង​បញ្ជាក់ថា គ្រូ​បង្គោល​ទាំង ២២​រូប នឹងចូលរួម​បណ្តុះបណ្តាល គរុកោសល្យ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ពី​ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អ្នក​ជំនាញ​ទេសចរណ៍ តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្លឹប​គ្រូ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​។

បណ្ឌិត ឡី សុភាព ថ្លែង​ដែរ​ថា ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច គឺ​ដើម្បី​ឆ្លើយតប​ទៅ​តម្រូវការ​ទីផ្សារ និង​តម​ការ​អំពាវ​នារ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន​អោយមាន​ការចូលរួម​បណ្តុះបណ្តាល​ទាំង​អ្នកមាន​លទ្ធភាព នឹង​គ្មាន​លទ្ធភាព​ទទួលបាន​ចំណេះដឹង​ស្មើរ​គ្នា ។

លោក ជួប រតនា ប្រធាន​ផ្នែក​ស្តង់ដារ និង​វាយតម្លៃ​គ្រូ​បង្គោល​អាស៊ាន ​បានអោយដឹង​ដែរ​ថា ក្រសួងទេសចរណ៍​បាន​ដាក់ចុះ ជាពិសេស​បាន​គិត​គូរ​ដល់​ការពង្រឹង និង​ទទួលស្គាល់​ជំនាញ​របស់​អ្នក​កំពុង​បម្រើ​ការងារ​សេវាកម្ម អាហារដ្ឋាន និង​ភោជនីយដ្ឋាន​ទេសចរណ៍ តាមរយៈ​ការ​បណ្តុះបណ្តាល និង​វាយតម្លៃ​សមត្ថភាព​ជាក់ស្តែង ដែល​សកម្មភាព​នេះ​ឆ្លើយតប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​។

ឆ្នាំ​២០២០​កម្ពុជា នឹង​សម្រេច​បាន​ការធ្វើ​ការបណ្តុះ​បណ្តាល និង​វាយតម្លៃ អ្នកជំនាញ​ទេសចរណ៍​កម្ពុជា បាន​ចំនួន​៥០% ឆ្នាំ​២០២៥ ទេសចរណ៍​កម្ពុជា នឹង​សម្រេចបាន​នូវ​ការងារ​ដោយ​ធ្វើការ​បណ្តុះបណ្តាល និង​វាយតម្លៃ អ្នកជំនាញ​ទេសចរណ៍​កម្ពុជា បាន​ចំនួន​១០០% ដោយ​ចូលរួម​ជម្រុញ​ផ្សព្វផ្សាយ​យុទ្ធនាការ “​បុគ្គលិក​ម្នាក់ ជំនាញ​មួយ​”៕