អាជ្ញាធរខេត្តកំពង់ធំ​ ប្រលែង​កូន​ត្រី​ពូជ​ជាង​៥​ម៉ឺន​ក្បាល ​​និង​ត្រីស្រែ​ចម្រុះ​ចំនួន១០០​គីឡូក្រាម​ ចូល​អាងទឹក​៦មករា

46

កំពង់ធំ​៖ ​ ខណ្ឌរដ្ឋបាល​ជលផលខេត្តកំពង់ធំ ​​​ ​បាន​អំពាវនាវ​ ឲ្យ​មានការ​ចូលរួម​ទាំង​អស់​គ្នា ​ការពារ​និង​ទប់ស្កាត់​ ការប្រើប្រាស់​ឧបករណ៍ ​នេសាទ​ត្រី​ដោយ​ខុសច្បាប់​ ដែល​ត្រូវ​ច្បាប់​បាន​ហាមឃាត់​ ។ ក្នុង​នោះ​ ខណ្ឌ​​រដ្ឋបាល​ជលផល​ បាន​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សហគមន៍ ​ពី​ទោស ​នៃ​ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ ​បើ​ជន​ណា​ប្រើប្រាស់​គឺ​ត្រូវធ្វើ​កិច្ចសន្យា ​ចំពោះ​មិន​មាន​កា​រាងចាល និង​ចាត់​វិធានការ​តាមច្បាប់​។

លោក ប៉ែន វណ្ណ​រិ​ទ្ធ ​នាយខណ្ឌរដ្ឋបាល​ជលផល ខេត្តកំពង់ធំ ​ថ្លែង​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​មច្ឆាជាតិ​០១ កក្កដា​ ​ឆ្នាំ​២០១៨នេះ ​​​កូន​ត្រី​ពូជ​ជាង ៥ ម៉ឺន​ក្បាល ​និង​ត្រីស្រែ​ចម្រុះ​ចំនួន១០០​គីឡូក្រាម​ ​ត្រូវ​​បាន​លែង​ឲ្យ​លូត​លាស់​ធំធាត់​ និង​បន្តពូជ​នៅ​អាង​ទឹកតាំងក្រសាំង​ ​(អាងទឹក ៦មករា) ​ស្ថិត​នៅ​ភូមិក្បាលបី ឃុំទីពោធិ៍ ស្រុកសន្ទុក​ ខេត្តកំពង់ធំ​ ​ ។

លោក ប៉ែន វណ្ណ​រិ​ទ្ធ ​បាន​​បញ្ជាក់​ទៀត​ថា ​នេះ​គឺជា​ការ​ប្រលែង​កូន​ត្រី​ពូជ​លើក​ទី​១៦​ នៅក្នុង​ខេត្ត​កំពង់ធំ​ គឺ​ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ​នៅ​ក្នុង​តំបន់​ជួយ​គ្នា​ ថែរក្សា​មច្ឆាជាតិ​ និង​ដើម្បី​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​របស់​​ពួកគាត់ផងដែរ​។

សម្រាប់​ លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ​បាន​ឲ្យ​ដឹង​ថា​ ​អាងទឹក​តាំង​ក្រសាំង ស្ថិត​ក្នុងភូមិ​ក្បាល​បី ​ដែល​អាច​រក្សា​ទឹកបាន​ ៣០​ម៉ឺន​ម៉ែត្រ​គុណ ​មាន​ទ្វារ​ទឹក​ចំនួន​២​ កន្លែង សំណង់​បង្ហៀរទឹក​ចំនួន​១ អាច​ស្រោចស្រព​ ​ផ្ទៃដី​រដូវវស្សា​ ៩.៨៦៩​ហិច​តា​ និង​ដីស្រែ​ប្រាំង ​២.០១៩​ហិច​តា ​អ្នក​ទទួលផល ​១៨​ភូមិ ​មាន​៤​ឃុំ ប្រជាពលរដ្ឋ​១.៤១៨​គ្រួសារ ​ស្មើនឹង​៤.៧៣៦​នាក់ ។

ក្នុង​ឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ជំនាញ ខណ្ឌ​រដ្ឋបាល​ជលផល ​ទាំង​ផ្នែក សង្កាត់ និង​អធិការ​ខាងជើង​បឹង​ទន្លេសាប រួម​ទាំង​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​ទប់​ស្កាត់​ការ ប្រើប្រាស់​ឧបករណ៍​នេសាទ​ដោយ​ខុសច្បាប់ ​ជាពិសេស​បទល្មើស​ឆក់​ត្រី ​និង​ហាម​ដាច់ខាត​ ការ​ឃុបឃិត​គ្នា ​ប្រព្រឹត្ត​បទល្មើស ​ដោយ​ពុំ​មាន​ការលើកលែង​ជាដាច់ខាត​។​​

ឯកឧត្តម សុខ លូ ​ បាន​អំពាវនាវ​​​ទៀត​ថា ​សូម​កុំ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រី​ពង​កូន​ ខាង​រដ្ឋបាល​ជលផល​បាន​អភិរក្ស​ ត្រី​មាន​សរុប​៤៥​សហគមន៍ ​ នឹង​សុំ​ឲ្យ​បងប្អូន​ចូលរួម​បង្កបង្កើន​ផល ដាំ​ដំណាំ បន្លែ​បង្ក​ការ ​ចិញ្ចឹម​សត្វ​ នៅក្នុង មូលដ្ឋាន​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ​និង​សូមធ្វើ​ឲ្យ​ក្លាយ​ជា​ទម្លាប់​នៃ​ការ​ចូល​ចិត្ត​ដាំ​ដុះ​ដើម្បី​ជីវភាព​ល្អប្រសើរ ។

ឯកឧត្តម បាន​សុំ​អភ័យទោស​ចំពោះ​ការខុសឆ្គង ​របស់​មន្ត្រី​មួយ​ចំនួន​តូច​ ដែល​កន្លងមក​បាន​ធ្វើ​ឲ្យ​មានការ​ថ្នាំងថ្នាក់​ ដោយមាន​សម្តេច​តេ​ជោ ​ហ៊ុន សែន ជា​ប្រមុខ​រាជ​រដ្ឋបាលភិបាល​ បាន​ខិតខំ ថែរក្សា​ សន្តិភាព​ ស្ថេរភាព​នយោបាយ ​បាន​យូរ​អង្វែង ​និង​សូម​ឲ្យ​បងប្អូន​ទៅ​ចូលរួម​បោះឆ្នោត​ទាំង​អស់គ្នា នៅ​ថ្ងៃទី​២៩ ​ខែ​កក្កដា ឆ្នាំ ២០១៨ខាងមុខនេះ ។

សូម​បញ្ជាក់ថា ​​ពិធី​អបអរ​សាទរ​ទិវា​មច្ឆាជាតិ​០១ ​កក្កដា​លើក​ទី​១៦នេះ ​​​​​មាន​ការ​ចូលរួម​ពី​​ប្រធាន អនុ​ប្រធាន​មន្ត្រីរាជការ​ជុំវិញ​ខេត្ត ​និង​លោកតា​ លោកយាយ ​សិស្សានុសិស្ស​ចូលរួម​ជាង​២០០០​នាក់ ស្ថិត​នៅ​ក្នុង​ភូមិ​ក្បាល​បី ឃុំ​ទីពោ ​ស្រុក​សន្ទុក ​ខេត្តកំពង់ធំ ​នៅ​ព្រឹក​ថ្ងៃទី ១២ ខែ​កក្កដា ឆ្នាំ ២០១៨ ៕