កម្មការិនី​រោងចក្រ​ក្នុង​ខេត្តកំពង់ចាម ​ជាង​៤០​នាក់ បាន​ដួល​សន្លប់

45

កំពង់ចាម ៖ ​ កម្មការិនី​រោងចក្រ​កាត់ដេរ ជា​ញឹកញយ​បាន​ដួល​សន្លប់ ​ដែល​បញ្ហា​នៃ​ការ​ដួលសន្លប់​នេះ គឺពាក់ព័ន្ធ ​ទៅ​នឹង​បញ្ហា​សុខភាព​ និង​ក្លិន​ផ្សេងៗ ​ដែល​បាន​សាយភាយ​នៅ​ក្នុង​រោងចក្រ​។

កម្មការិនី​រោងចក្រ​ដេរ​ស្បែកជើង ដែលមាន​ទីតាំង​នៅក្នុង​ឃុំ​ខ្វិត ស្រុក​ព្រៃឈរ ​ខេត្តកំពង់ចាម ​ប្រមាណ​៤៦​នាក់ បាន​ដួលសន្លប់​នៅវេលា​ថ្ងៃត្រង់​ ថ្ងៃទី​១២ ខែកក្កដា នេះ ដោយសារ​បញ្ហា​សុខភាព ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ព្រៃឈរ​។

លោក ឈឿន វ៉ាន់​ថន ​ប្រធានការិយាល័យ​សុខាភិបាល​ស្រុក​ព្រៃឈរ បាន​ឲ្យ​ដឹងថា ​ក្រុម​កម្មការិនី ដែល​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​នេះ​ បណ្ដាលមកពី​ការ​អស់កម្លាំង​ដោយសារ​ធ្វើការ​លើស​ម៉ោង​ជា​រៀង រាល់ថ្ងៃ ​និង​ពុល​ក្លិន​កាវ​ស្បែកជើង​។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​កំពង់ចាម ក្រោយពី​បាន​ទទួល​ដំណឹង​នេះ​ភ្លាម បាន​ចុះទៅ ពិនិត្យ​មើល​ស្ថានភាព​សុខភាព​កម្មការិនី​ទាំងអស់នោះ​ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល នៅក្នុង មន្ទីរ​បង្អែក​ស្រុក​ព្រៃឈរ​៕