ឆមាស​ទី​១ ពលរដ្ឋ​ជាង​២​ពាន់​នាក់ ​មក​ទទួល​សេវា​សុខាភិបាល​មណ្ឌល​សុខភាព​

67

ក្រចេះ ៖ ​ ប្រទេស​កម្ពុជា​សព្វថ្ងៃ ឋិត​ក្រោម​ដំបូល​សុខ​សន្តិភាព​ពេញ​បរិបូរណ៍ និង​ការ​អភិវឌ្ឍ​រីកចម្រើន គឺ​សម្រេច​បាន​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន និង​គោលដៅ​អភិវឌ្ឍ​សហស្សវត្ស​របស់ខ្លួន​មួយ​ចំនួន ​ដូចជា ការ កាត់បន្ថយ​អត្រា​មរណភាព​ទារក ​និង​មាតា ​កម្រិត​ប្រាក់ចំណូល ​បាន​កើនឡើង ហើយ​កម្រិត​នៃ​ភាព ​ក្រីក្រ​បាន​ធ្លាក់​ចុះ ។​ ចំណែកឯ​ស្ថិតិ​សុខាភិបាល និង​វិស័យ​អប់រំ​ជាច្រើន​ទៀត បាន​ប្រសើរឡើង​យ៉ាងខ្លាំង​។

ការ​ប្រឈម​ធំៗ​ជាច្រើន សម្រាប់​ប្រជាជន​ជាច្រើន ដែល​រស់​នៅតាម​ជនបទ ដូចជា ការ​ទទួលបាន សេវា​សុខភាព ឬ​ សេវា​អប់រំ និង​ការ​ផ្គត់ផ្គង់​អគ្គិសនី ​ឥឡូវ​លែង​ជា​បញ្ហា​ប្រឈម​ទៀតហើយ​ រីឯ​ប្រជាជន មួយ​ចំនួនធំ ដែល​ធ្លាប់​ទទួលរង​ផល​ប៉ះពាល់​ ដោយសារ​ជំងឺ​ផ្សេងៗ ដូចជា ​ជំងឺគ្រុនចាញ់ ឬ​ជំងឺរបេង ​និង ការអប់រំ​ផ្នែក​មធ្យមសិក្សា ​ក៏​លែង​ជា​បញ្ហា​ចោទ​ទៀតហើយ​។

ប្រធាន​មណ្ឌល​សុខភាព​ដារ អ្នកស្រី សែម ច​ន្ធូ ​បាន​ឲ្យ​ដឹងថា ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២​ពាន់ ៦​រយ​នាក់ ​បានមក​ទទួល​សេវា​ពិគ្រោះ ​ព្យាបាល​ជំងឺ​ទូទៅ​ និង​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​ដារ ក្នុងស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

អ្នកស្រី បាន​ឲ្យ​ដឹងថា មណ្ឌល​សុខភាព​ដារ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ​ចាប់ តាំងពី​ឆ្នាំ​២០១៣ ​ដែល​រហូតមកដល់​ឆ្នាំ​២០១៧ មណ្ឌល​សុខភាព​ដារ ​បាន​ទទួល​ប្រជាពលរដ្ឋ​មក ពិគ្រោះ​ពិនិត្យ​ព្យាបាល​ជំងឺ ​ចំនួន​ជាង​១៧​ពាន់​នាក់ ​និង​សម្រាលកូន ចំនួន​ជាង​៧​រយ​នាក់​ និង​ការពិនិត្យ ស្ដ្រី​មាន​ផ្ទៃពោះ ចំនួន​ជាង​១​ពាន់​នាក់​។

អ្នកស្រី​ប្រធាន​មណ្ឌល​សុខភាព​ដារ បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​មក​ទទួល​សេវា​សុខភាព​ នៅ​ឆ្នាំ ២០១៧​កន្លងទៅ មានការ​កើន​ឡើង​ជាង​ឆ្នាំមុនៗ​។ ​ដោយឡែក​នៅក្នុង​រយៈពេល​៦​ខែ​ ឆ្នាំ​២០១៨​នេះ ប្រជាពលរដ្ឋ បាន​មក​ទទួល​សេវា​ពិគ្រោះ​ពិនិត្យ និង​ព្យាបាល​ជំងឺ ​ចំនួន​ជាង​២​ម៉ឺន​៦​ពាន់​នាក់ ពិនិត្យ​ផ្ទៃ ពោះ ចំនួន​ជិត​៥​រយ​នាក់ ​និង​សម្រាលកូន ​មាន​ចំនួន​៨៦​នាក់​។

អ្នក​ស្រី សែម ច​ន្ធូ ​បានបញ្ជាក់​បន្ថែមថា ដោយ​មានការ​កំណែទម្រង់ ​នាំ​ឲ្យ​មានការ​គាំទ្រ​ជឿជាក់​ទុកចិត្ត ពី​ប្រជាពលរដ្ឋ ​ធ្វើ​ឲ្យ​មណ្ឌល​សុខភាព​ដារ បម្រើ​សេវា​សាធារណៈ ​ពិនិត្យ ពិគ្រោះ ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ មានការ កើន​ឡើង​។

លោក ឈ្នាង សុ​វុ​ទ្ធ​ថា ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តក្រចេះ ​បាន​បញ្ជាក់ថា​ មណ្ឌល​សុខភាព ចំណុះ​ឲ្យ មន្ទីរ​ពេទ្យបង្អែក​ស្រុក ​ខេត្ត មាន​ចំនួន​៣០​កន្លែង ​និង​កំពុង​សាងសង់​ជាច្រើន​កន្លែង​ទៀត ដើម្បី​ផ្ដល់​ភាព​ងាយ ​ស្រួល​ជូន​ប្រជាពលរដ្ឋ និង​ជួយ​សង្គ្រោះ​បាន​ទាន់ពេលវេលា​៕