អាកាសធាតុ​មិនល្អ រារាំង​ការ​ចរាចរ​ជលយាន​ដឹក​ទេសចរ​លើ​ដែនសមុទ្រ​

54

ព្រះសីហនុ ៖ ​ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​កើតឡើង​ជាយថាហេតុ ​ដោយសារ​បញ្ហា​អាកាស​ធាតុ ដោយមាន​ភ្លៀង​លាយ ឡំ​ខ្យល់​បោកបក់​ខ្លាំង​នៅលើ​ផ្ទៃសមុទ្រ​ ធ្វើ​ឲ្យ​មាន​ទឹក​រលក​ធំៗ​នោះ សេវា​ចរាចរ​ជលយាន​លើ​ផ្ទៃសមុទ្រ​ ត្រូវបាន ​ផ្អាក​ជា​បណ្ដោះអាសន្ន​សិន​។

ប្រធាន​សមាគម​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​ជលយាន​ខេត្ដ​ព្រះសីហនុ ​សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ទេសចរណ៍​ខេត្ដ ​បានធ្វើការ​ហាមឃាត់​នាវា​ដឹក​ភ្ញៀវ​ទេសចរ​គ្រប់​ប្រភេទ មិន​ឲ្យ​ចេញ​ដំណើរ​ទៅតាម​បណ្តា​កោះ​ជា ​បណ្ដោះអាសន្ន ​រង់ចាំ​អាកាសធាតុ​ល្អ​សិន​។

លោក​ឧកញ៉ា ទៀ វិចិត្រ ប្រធាន​សមាគម​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​ជលយាន​ខេត្ដ​ព្រះសីហនុ ​បាន​ឲ្យដឹងថា ដោយ​យោង​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម ស្ដីពី​ការ​ព្យាករណ៍ អាកាសធាតុ ​និង​ស្ថានភាព​អាកាសធាតុ​នៅលើ​ផ្ទៃសមុទ្រ ​ជាក់ស្ដែង​មាន​ភ្លៀង​លាយឡំ​ និង​ខ្យល់​បោកបក់​ខ្លាំង​ផង ​នោះ សមាគម​ និង​កម្លាំង​នគរបាល​ទេសចរណ៍ ​បាន​ចុះ​ទៅដល់​ផែ​ទូក​ទៅតាម​កោះ ​ដើម្បី​ហាមប្រាម​ក្រុមហ៊ុន​ដឹក​ ជញ្ជូន​ភ្ញៀវ​តាម​ជលយាន​ទាំងអស់ ​ឲ្យ​ផ្អាក​ចរាចរណ៍​ជលយាន​បណ្ដោះអាសន្ន រង់ចាំ​អាកាសធាតុ​អំណោយផល ​ទើប​ឲ្យ​ដំណើរការ​វិញ​។

លោក​ឧកញ៉ា បាន​បញ្ជាក់ថា ​សមាគម បាន​ចងក្រង​ជា​ក្រុម​ផ្ដល់​ព័ត៌មាន​គ្នា​ទៅវិញទៅមក តាម​បណ្ដាញ ​សង្គម ដើម្បី​ងាយស្រួល​ប្រាស្រ័យ​ទាក់ទង​គ្នា​ ជួយសង្គ្រោះ​ពី​ហេតុការណ៍​នានា​ឲ្យ​បាន​ទាន់ពេលវេលា​។

លោក​បាន​អំពាវនាវ​ឲ្យ​សមាជិក​សមាគម​ទាំងអស់ ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​នានា ឲ្យ​បាន ល្អ ក្នុង​ការផ្ដល់​សេវាកម្ម​ដឹកជញ្ជូន​ភ្ញៀវ ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ ​និង​អំពាវនាវ​ឲ្យ​ភ្ញៀវ​ទេសចរ​ទាំងអស់ ដែល​ធ្វើ​ដំណើ​រ​តាម​ជលយាន ​ពាក់អាវ​សុវត្ថិភាព​ឲ្យ​បាន​គ្រប់ៗ​គ្នា ​ដើម្បី​ចៀសវាង​នូវ​ឧបទ្ទវហេតុ​កើត​ឡើងលើ​ផ្ទៃ​សមុទ្រ​៕