​ទ្វារ​ទំនប់​វា​រី​អគ្គិសនី​កំចាយ ត្រូវ​បាន​បើក​ដើម្បី​រំដោះ​ទឹក​

82

កំពត៖ គិត​ត្រឹម​ម៉ោង ២​រសៀល​ថ្ងៃ​ទៅ ១២ ខែ​កក្កដា ឆ្នាំ ២០១៨ នេះ កម្ពស់​ទឹក​អាង​ស្តុក​ទឹក​របស់​ទំនប់​វា​រី​អគ្គិសនី បាន​បន្ត​កើន​ឡើង​ដល់​១៤៨​ម៉ែត្រ ប៉ុន្តែ​ក្រុមហ៊ុន​នៅ​មិនទាន់​បើកទ្វារ​អាង​ស្តុក​ទឹក នៅឡើយ​ទេ ដោយ​បន្ត​រង់ចាំ​មើល អាកាសធាតុ និង​កម្រិត​ទឹក តើ​មានការ​កើន​ឡើង​បន្ថែម​ឬ​យ៉ាងណា​? ព្រោះ​កម្រិត​ដែល​ត្រូវ​បើកទ្វារ​រំដោះ​ទឹក​កម្ពស់​១៥០​ម៉ែត្រ​។​

ក្រោយពេល​ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ​កំចាយ បាន​ចេញ​សេចក្ដី​ជួន​ដំណឹង​អំពី​ការ​បើកទ្វារ​អាង​ស្តុក​ទឹក​នៃ​ទំនប់​វា​រី​អគ្គិសនី​កំចាយ​ថា​នឹង​បើក នៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី១១ ខែ​កក្កដា ឆ្នាំ ២០១៨ ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងព្រែក ប្រជា​នេសាទ អាជ្ញាធរ និង​សមត្ថកិច្ច បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង ចាត់វិធានការ​របស់​ខ្លួន ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​ផល​ប៉ះពាល់​ផ្សេងៗ ពិសេស​ការ​ជន​លិច​ដែល​អាច​បណ្តាលមកពី​ការបើកទ្វារ​អាង​ស្តុក​ទឹក​នោះ​។

ប៉ុន្តែ​គិត​មកដល់​ម៉ោង​២​រសៀល​ថ្ងៃទី១២ ខែ​កក្ក​ដា​នេះ ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ​នៅ​មិនទាន់​បើកទ្វារ​បង្ហូរទឹក​នៅឡើយ​ទេ ដោយ​ពួកគេ​បាន​កំពុង​នឹង​សង្កេត​ស្ថានភាព​អាកាសធាតុ ព្រោះ​ពេលនេះ​ទូទាំង​ខេត្តកំពត មាន​ផ្ទៃមេឃ​អាប់អួរ​នៅឡើយ តំបន់​ខ្លះ​មាន​ធ្លាក់​ភ្លៀង​នៅឡើយ ពី​សេស​តំបន់​ជួយ​ភ្នំ​កំចាយ ដែល​រង​សម្ពាធ​ទាប បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​បន្តិចៗ​មិនទាន់​ដាច់​គ្រាប់​នៅឡើយ ខណៈ​ដែល​កម្ពស់​ទឹក ១៤៦​ម៉ែត្រ​នៅ​ថ្ងៃ​ម្សិលមិញ បាន​លើង​ដល់ ១៤៨​ម៉ែត្រ​នៅ​រសៀល​ថ្ងៃទី១២ ខែ​ក​ក្កដា​នេះ ។

ឯកឧត្ដម ជាវ តា​យ អភិបាល​ខេត្តកំពត បានបង្ហាញ​អំពី​ការព្រួយបារម្ភ​អំពី​ការបើក​ទ្វារ​អាង​ស្តុក​ទឹក​របស់​ទំនប់​វា​រី​អគ្គិសនី នៅក្នុង​កិច្ចប្រជុំ​ស្វែងរក​ដំណោះស្រាយ​ការផលិត​អំពិល នៅ​ថ្ងៃទី១២ ខែ​ក​ត្ត​ដា​នេះដែរ​ថា ប្រសិនបើ​មេឃ​នៅតែ​បន្ត​ភ្លៀង កម្រិត​ទឹកតែ​កើនឡើង​ខ្ពស់ នោះ​ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ​គ្មាន​ជម្រើស​អ្វី​ក្រៅ​អំពី​ការ​បើកទ្វារ​រំដោះ​ទឹក​ទេ ហើយ​ថា​បើក​ក្រុមហ៊ុន​បើក​តិច​វា​មិន​បង្ក​ជាការ​ជន​លិច​អ្វី​ឡើយ ប៉ុន្តែ​បើ​បើក​ខ្លាំង អាច​ទឹក​ហូរ​ចូល​សមុទ្រ​មិនទាន់ បង្ក​ឲ្យ​មាន​គ្រោះ មហន្តរាយ​ជន​លិច តំបន់​នៅតាម​ដងព្រែក​កំពង់បាយ​។

មកដល់ពេលនេះ ស្ថានភាព​អ្នក​លក់ដូរ​នៅតាម​ដងព្រែក​ខាងក្រោម​ខ្សែទឹក​នៃ​ទ​នប់​វា​រី​អគ្គិសនី​កំចាយ ពិសេស​តំបន់​រមណី​ដ្ឋា​ន​ទឹកឈូ និង​តាម​ដងព្រែក​នៅ​ដំណើរ​ការបើក​ឲ្យ​ភ្ញៀវ​ចូលទៅ​កម្សាន្ត​នៅឡើយ​ទេ ។ ប៉ុន្តែ​ម្ចាស់​កន្លែង​បាន​យកចិត្តទុកដាក់​នឹង​តាមដាន​ព័ត៌មាន​ជាប់​ជានិច្ច ដើម្បី​ចាត់វិធានការ​ការពារ និង​ប្រុងប្រយ័ត្ន​ឱ្យបាន​ទាន់ពេលវេលា​បង្ការ​ទប់​ស្កាត់​ផលប៉ះពាល់​ដែល​អាច​បណ្តាល​ឲ្យ​មានការ​ជន​លិច​។

ចំណែក​ប្រជា​នេសាទ​ភាគច្រើន​មិនបាន​ចេញទៅ​នេសាទ​ទេ ដោយសារ អាកា​ធាតុ​មិន​អំណោយផល មាន​ភ្លៀង​ធ្លាក់​ច្រើន និង​ផ្ទៃ​មេឃងងឹត​មាន​ពពក​ច្រើន​។

ទាំង​ក្រុមហ៊ុន ទាំង​ពលរដ្ឋ អាជ្ញាធរ និង​កម្លាំង​របស់​ស្នងការដ្ឋាន​នគរបាលជាតិ​ខេត្តកំពត បាន​កំពុង​តាមដាន បញ្ហា​នេះ​យ៉ាង​យកចិត្តទុកដាក់​បំផុត ហើយ​បន្ត​សហការ​គ្នា ធ្វើ​យ៉ាងណា​បញ្ចៀស​ការ​ជន់​លេច​ដោយ​ទឹកភ្លៀង​នេះ​ឲ្យ​អស់ពី​លទ្ធភាព ៕