សម្ដេច​ក្រឡាហោម​៖ CPP មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ថែរក្សា​សន្តិភាព និង​អភិវឌ្ឍន៍​ជាតិ​

69

បាត់ដំបង​៖ សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (CPP) និង​ជា ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តបាត់ដំបង បាន​ថ្លែង​ថា គណបក្ស​ប្រជាជន​កម្ពុ​ជា​មាន​សមត្ថភាព គ្រប់គ្រាន់​ក្នុង​ការ​ថែរក្សា​ការពារ​សុខសន្តិភាព​ជូន​ជាតិ​មាតុភូមិ ប្រជាពលរដ្ឋ ព្រមទាំង​អាច​ដឹកនាំ ប្រទេស និង​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​។​

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ប្រមាណ ជិត ១០០០០​នាក់ ក្នុងស្រុក​ចំនួន​៥ នៅ​ខេត្ត​បាត់ដំបង គឺ​ស្រុក​សំពៅ​លូន ស្រុក​ភ្នំព្រឹក ស្រុក កំរៀង ស្រុក​ប​វេ​ល និង​ស្រុក​ថ្មគោល នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ សម្ដេច​ក្រឡាហោម បាន មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា អភិវឌ្ឍន៍ ប្រទេស​ឲ្យ​មាន​ផ្លូវ​ស្អាត ដោយបាន​ចាក់​កៅស៊ូ ចាក់​បេតុង គ្រួស​ក្រហម ហើយ​ជាក់ស្ដែង​ផ្លូវ​តាម ឃុំ ក្នុង​ខេត្តបាត់ដំបង​ប្រមាណ​ជាង ៣០០​ឃុំ ត្រូវបាន​ចាក់​ក្រាល​កៅស៊ូ ដោយ​នៅសល់តែ ៤​ឃុំ ទៀត​ប៉ុណ្ណោះ ព្រោះ​ឃុំ​ខ្លះ​ជា​ឃុំ​នៅ​ជាប់​បឹង​ទន្លេសាប ហើយ​ប្រើប្រាស់​តែ​ផ្លូវទឹក​។​

សម្ដេច​ក្រឡ​ហោម ស ខេង បាន​បន្ថែម​ថា កម្ពុជា​ក្នុង​របរ​ប៉ុន្មាន​ចុងក្រោយ​នេះ បាន​ដឹក នាំ​ប្រទេស​ត្រឹម​រយៈពេល​ខ្លី ហើយ​ដណ្ដើម​អំណាច​គ្នា​តាមរយៈ​រដ្ឋប្រហារ ឬ​ដោយ​ចុង​កាំភ្លើង ទាំង​សម័យ​រដ្ឋ​កម្ពុជា ព្រោះ​ក្នុង​កាលៈទេសៈ​នោះ គឺ​ចាំបាច់​ត្រូវតែ​ប្រើប្រាស់​អាវុធ តែ​ក្រោយ​កិច្ច ព្រមព្រៀង​ទីក្រុង​បារី​ស កម្ពុជា​ចាប់យក​របរ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស មានការ​រៀបចំ បោះឆ្នោត​ជា​បន្តបន្ទាប់ រាល់​៥​ឆ្នាំ​ម្ដង និង​បាន​សមាហរណកម្ម​កង​កម្លាំង​ទាំងអស់ កាលពី​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​១៩៩៨ ក្រោម​គោលនយោបាយ​ឈ្នះ ឈ្នះ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជាប់ឆ្នោត​ដឹកនាំ​ប្រទេស ឲ្យ​មានការ​រីកចម្រើន ដូច​សព្វថ្ងៃនេះ ។​

ក្នុងឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែលមាន​ឈ្មោះ​បោះឆ្នោត​ទាំងអស់ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ សូម​ទៅ​បោះឆ្នោត​គ្រប់គ្នា ព្រោះ​ជា​សិទ្ធិ​របស់​ពលរដ្ឋ ដែល​ការបោះឆ្នោត នេះហើយ​វា​កាន់តែ​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ នៅក្នុង​ប្រទេស​កម្ពុជា​កា​ន់​តែ​រីកចម្រើន យូរអង្វែង ប្រទេសជាតិ​មាន​សុខសន្តិភាព ៕​