ក្រុមប្រឹក្សា​ធម្មនុញ្ញ ផ្សព្វផ្សាយ​អំពី​សមត្ថកិច្ច​របស់​ខ្លួន​ទាក់ទិន​នឹង​ការ​ដោះស្រាយ​វិវាទកម្ម​ទាក់ទង​នឹង​ការបោះឆ្នោត​

65

ភ្នំពេញ៖ ក្រុម​ប្រឹក្សាធម្មនុញ្ញ នៅ​ថ្ងៃទី​១២​ ខែកក្កដា​នេះ បាន​ផ្សព្វផ្សាយ​អំពី​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការ​ដោះស្រាយ​វិវាទកម្ម​ទាក់ទង​នឹង ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​។​

​​ពិធី​ផ្សព្វផ្សាយ​ដែល​នៅ​អគារ ស វិមាន​រដ្ឋ​ចំការមន​នេះ មានការ​ចូលរួម​ពី​តំណាង​បក្សនយោបាយ​ទាំង​២០ តំណាង​ស្ថាប័ន អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា រដ្ឋសភា តំណាង​ស្ថាប័ន​នានា និង​អ្នកសារព័ត៌មាន​ផងដែរ​។​

ឯកឧត្តម តាំង រតនា អគ្គលេខាធិការ​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​សាទរ​ចំពោះ​បណ្ដា​បក្សនយោបាយ​ទាំង​២០ ដែល​សម្រេចបាន​ដោយ​ជោគជ័យ​ក្នុងការ​ចុះបញ្ជី​បក្សនយោបាយ​របស់ខ្លួន សម្រាប់​ការចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​និង​នីតិ​កាល​ទី​៦​។​

នៅក្នុង​ពិធី​ផ្សព្វផ្សាយ​នេះ​ក៏បាន​ធ្វើការ​ឧទ្ទេសនាម​បង្ហាញជូន​ដល់​បណ្តា​បក្សនយោបាយ​ទាំង​២០ ក៏ដូចជា​អ្នកពាក់ព័ន្ធ​ឱ្យបាន​យល់ដឹង​កាន់តែច្បាស់​ពី​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ និង​នីតិវិធី​ផ្សេងៗ​ក្នុងការ​ដាក់ពាក្យ​បណ្តឹង​នៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ការ​ឧទ្ទេសនាម​ពីបទ​បញ្ជា និង នីតិវិធី​ក្នុង​សវនាការ​ជំនុំជម្រះ ជា​សាធារណៈ​នៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ព្រម​ជាមួយនឹង​សំណួរ ចម្លើយ​ផងដែរ​។​

​​តប​ទៅនឹង​ការផ្សព្វផ្សាយ​នេះ តំណាង​បក្សនយោបាយ​ដែល​ចូលរួម​ក៏​បង្ហាញ​ការពេញចិត្ត ដែល​ក្រុមប្រឹក្សាធម្មនុញ្ញ​ បាន​អញ្ជើញ​ឱ្យចូល​រួម ដើម្បី​ទទួលបាន​ការយល់ដឹង​កាន់តែ​ទូលំទូលាយ ។ លោក ម៉ូ រ៉ា​ផាត់ តំណាង​មកពី​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច បានបញ្ជាក់​ប្រាប់ យ៉ាង​ដូច្នេះ​។​

ក្រុមប្រឹក្សាធម្មនុញ្ញ ជា​ស្ថាប័ន​កំពូល​មួយ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ សម្រាប់​ការពារ​ការគោរព​រដ្ឋ​ធម្មនុញ្ញ បកស្រាយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ដែល​រដ្ឋសភា​បានអនុម័ត និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់សព្វគ្រប់ ហើយ​និង​សម្រេច​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក ព្រឹទ្ធសភា​។​ក្រុម ប្រឹក្សា​ធម្មនុញ្ញ​គឺ​បាន​ចាប់ដំណើរការ​ពេញលក្ខណៈ​នៅ​ថ្ងៃទី​១៥​ខែ មិថុនា​ឆ្នាំ​១៩៩៨​។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​អញ្ជើញ​បណ្តា​បក្សនយោបាយ​មក​ផ្សព្វផ្សាយ​ឱ្យបាន​យល់ដឹង​កាន់តែច្បាស់​អំពី​សមត្ថកិច្ច​របស់ខ្លួន និង​នីតិវិធី​នានា ក្នុងការ​ដាក់ពាក្យ​បណ្តឹង​ដោះស្រាយ​វិវាទកម្ម​ទាក់ទង​នឹង ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​៕