គ​.​ជ​.​ប សម្រេច​ព្យួរ​សិទ្ធិ​សមាជិក​៩​រូប មិនឱ្យ​បោះឆ្នោត​គាំទ្រ​បក្ស​ដែល​ខ្លួន​ពេញចិត្ត​

94

ភ្នំពេញ៖ អ្នកនាំពាក្យ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឯកឧត្ដម ហង្ស ពុទ្ធា អះអាង​ថា គ​.​ជ​.​ប ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​សម្រេច​ព្យួរ​សិទ្ធិ​បោះឆ្នោត​ចំពោះ​សមាជិក គ​.​ជ​.​ប ៩​រូប ជា​បណ្ដោះអាសន្ន ស្របតាម​ច្បាប់​ស្តីពី​ការរៀប និង​ប្រព្រឹត្តិ​ទៅ​នៃ​គ​.​ជ​. ប​។​

អ្នកនាំពាក្យ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឯកឧត្តម ហង្ស ពុទ្ធា ថ្លែង​បញ្ជាក់ថា ការសម្រេច​ព្យួរ​សិទ្ធ​នេះ គឺ​ដើម្បី​រក្សា​អព្យាក្រឹត្យ​ភាព ភាព​ឥត​លម្អៀង​ក្នុង​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី ២៩ ខែ​កក្កដា ឆ្នាំ ២០១៨​ខាងមុខ​។

ឯកឧត្តម​ ហង្ស ពុទ្ធា អះអាង ២​ឆ្នាំក្រោយ ទើប​សមាជិក គ​.​ជ​.​ប ទាំង​៩​រូប​នោះ មាន​សិទ្ធ​ធ្វើ​សកម្មភាព​ផ្សេងៗ ជាមួយ​បក្ស​នយោបាយ ឬ​អង្គការ​សមាគម ដែល​ខ្លួន​ពេញចិត្ត​។ ការសម្រេច​ព្យួរ​សិទ្ធ​នេះ គឺ​ធ្វើឡើង​តាម​ទិដ្ឋភាព​ច្បាប់ និង​ជា​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​រយៈពេល​៧​ខែ ដែល​ចេញពី​ការចរចា​គ្នា​រវាង​គណបក្ស​ប្រជាជន និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៤​កន្លងទៅ​។​

សមាជិក​ទាំង​៩ រូប ដែល​គ​.​ជប សម្រេច​ព្យួរ​សិទ្ធ រួមមាន ឯកឧត្ដម ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប ឯកឧត្តម នុត សុខុម អនុប្រធាន​គ​.​ជ​.​ប ឯកឧត្តម មាន សា​ទិ សមាជិក គ​.​ជ​.​ប ឯកឧត្តម ឌឹ​ម សុ​វណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ​គ​.​ជ​.​ប ឯកឧត្តម ឌុ​ច សុន សមាជិក គ​.​ជ​.​ប ឯកឧត្តម ហ៊ីង ធី​ឬ​ទ្ធិ សមាជិក ឯកឧត្តម ឯម សូផាត សមាជិក គ​.​ជ​.​ប ឯកឧត្ដម ហែល សារ៉ាត់ សមាជិក គ​.​ជ​.​ប និង ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នកនាំពាក្យ គ​.​ជ​.​ប ។​

យោង​តាម​មាត្រា ៨ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តិទៅ​នៃ​គ​.​ជ​.​ប សមាជិក​គជប ទាំង​៩​រូបនេះ ត្រូវបាន​ព្យួរ​សិទ្ធិ​បោះឆ្នោត​ជា​បណ្ដោះអាសន្ន​រហូតដល់​ថ្ងៃ​បញ្ចប់​មុខដំណែង​ជា​ផ្លូវការ​៕