គ​.​ជ​.​ប នឹង​ដឹកជញ្ជូន​សន្លឹកឆ្នោត​ទៅរ​ក្សា​ទុក​នៅ​ឃ្លាំង គ​.​ជ​.​ប នៅ​ថ្ងៃស្អែក​

61

ភ្នំពេញ៖ បន្ទាប់ពី​បញ្ចប់​ការ​បោះពុម្ព​សន្លឹកឆ្នោត គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) នឹង​ដឹកជញ្ជូន​សន្លឹកឆ្នោត​ពី​រោងពុម្ព នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ ២០១៨ ស្អែក​នេះ ទៅ​រក្សាទុក​នៅ​ឃ្លាំ​ង​គ​.​ជ​.​ប ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ ៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

ការ​ដឹក​ជញ្ជូន​នេះ នឹងធ្វើ​ដំណើរ​ចេញពី​រោងពុម្ព លី វ៉ាន់​ហុង ស្ថិតនៅ​ផ្ទះ​លេខ ៩ ផ្លូវ​លេខ ៣៤៥ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក វេលា​ម៉ោង ៩ ព្រឹក​។ នៅក្នុង​ឱកាស​នៃ​ការដឹកជញ្ជូន​សន្លឹកឆ្នោត​នេះ អ្នកនាំពាក្យ​គ​.​ជ​.​ប នឹងមាន​វត្ត​មាននៅ​ទីនោះ​ដើម្បី​ធ្វើ​ផ្តល់​បទសម្ភាសន៍​ដល់​អ្ន​ក​កាសែត​។

សន្លឹកឆ្នោត សម្ភារៈ និង​ឯកសារ​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត គ​.​ជ​.​ប ត្រូវ​បញ្ជូន​ទៅដល់​ការិយាល័យ​បោះឆ្នោត​ទាំង ២២.៩៦៧ ការិយាល័យ នៃ​មណ្ឌល​បោះឆ្នោត​ទាំង ២៥ មិនអោយ​លើស​ពី ៣៦ ម៉ោង មុន​ថ្ងៃ​បោះឆ្នោត​ថ្នាក់ជាតិ​មកដល់​។​

បើ​តាម​គ​.​ជ​.​ប សន្លឹកឆ្នោត​ដែល​បោះ​រួចរាល់​នេះ មាន​ចំនួន​ជាង ១០​លាន​សន្លឹក សម្រាប់​បម្រើ​ដល់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ ២០១៨ នាពេលខាងមុខ​៕