ឆ្នាំនេះ​តម្លៃ​ស្រូវ​របស់​កសិករ​ភាគ​នៅ​តាម​បណ្តា​ខេត្ត​ច្រើន​មានតម្លៃ​ខ្ពស់​ឡើងវិញ

158

ភ្នំពេញ៖ នៅ​ឆ្នាំ​២០១៨​នេះ តម្លៃ​ស្រូវ​របស់​កសិករ​ភាគច្រើន​ចាប់ផ្តើម​មានតម្លៃ​ខ្ពស់​ឡើងវិញ​ហើយ​ជាពិសេស​នៅ​តាម​បណ្តា​ខេត្ត​ក្រុង បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជួយ​អន្តរាគមន៍​បាន​ភ្លាមៗ​នោះ​។​

​​ឯកឧត្តម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​ បាន​ថ្លែងប្រាប់​​​ថា កាលពី​ឆ្នាំ​២០១៦ ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​មើលឃើញ​ពី​ការធ្លាក់ចុះ​តម្លៃ​ស្រូវ​របស់​កសិករ​ទើប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ទម្លាក់​ទុក​ដល់​ធនាគារ​អភិវឌ្ឍន៍ជនបទ​ ដើម្បី​ជួយ​ដល់​វិស័យ​ស្រូវ​អង្ករ សម្រាប់​ធានា​ស្ថិរភាព​តម្លៃ​ស្រូវ ដែល​ជាក់​ស្តែង​នៅ​ឆ្នាំ​២០១៨​នេះ តម្លៃ​ស្រូវ​របស់​កសិករ​មានដូចជា ស្រូវ​សើម និង​ស្រូវ​សែន​ក្រអូប​ឡើង​តម្លៃ ១២០០​រៀល​ក្នុង​១ គីឡូ​ក្រាម និង​ក្នុង​១ តោន ថ្លៃ​៣០០ ដុល្លារ​អាមេរិក​។​

​​​ឯកឧត្តម​ បាន​ថ្លែង​ទៀតថា បច្ចុប្បន្ននេះ រឿង​សំខាន់ គឺ​កសិករ​គួរ​យកចិត្តទុកដាក់​ផលិត​ស្រូវ​មាន​ទីផ្សារ​ខ្ពស់​និង​មានតម្លៃ​ថ្លៃ​នៅលើ​ទីផ្សារ​អន្តរជាតិ ដែល​កំពុង​តម្រូវការ​ច្រើន​ដូចជា​ប្រភេទ​ស្រូវ​សែនក្រ​អូន​និង​ម្លិះ​ជាដើម ហើយ​នេះ​ជាការ​ជួយ​អន្តរាគមន៍​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ជួយ​ដល់​កសិករ​តែម្តង​។​

សម្រាប់​លោក​ឧកញ៉ា គឹម សាវុធ អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ​ហ្វូ​ត​គ្រុប បាន​ថ្លែងថា គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​ដែល​បានផ្តល់​ឥណទាន​ដល់​ក្រុមហ៊ុន​ខ្មែរ​ហ្វូ​ត​និង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​គឺមាន​លទ្ធភាព​វិនិយោគ​សង់​ឃ្លាំង​និង​ឡស​ម្ងួ​ត​គឺជា​ចំណុច​ពិសេស​អាចមាន​សមត្ថភាព​ក្នុង​ស្តុក​ទុក​ស្រូវ​ដើម្បី​អាចមាន​លទ្ធភាព​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​។​

​​​រាជរដ្ឋាភិបាល​បាន​ទំលាក់​នូវ​ឥណទាន​ពិសេស​បន្ថែម​មក​ធនាគារ​អភិវឌ្ឍន៍ជនបទ ដើម្បី​ធ្វើជា​ប្រតិបត្តិ​ករ​អនុវត្ត​គម្រោង​ផ្តល់​ឥណទាន​ជូន​ក្រុមហ៊ុន​ឯកជន​ធ្វើការ​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ និង​ឡ​សំ​ងួ​ត​ស្រូវ ក្នុងនោះ​មាន​តំបន់​ខេត្តបាត់ដំបង​មានលទ្ធភាព​ស្តុក​ស្រូវ​ចំនួន​២ សែន​តោន និង​លទ្ធភាព​ស​ម្ងួ​ត​បាន ៣០០០ តោន​ក្នុង​មួយថ្ងៃ​និង​នៅ​៣ តំបន់​ផ្សេងទៀត​ខេត្តកំពង់ធំ តាកែវ និង​ព្រៃវែង ហើយ​តំបន់​នីមួយៗ​មាន​សមត្ថភាព​ស្តុក​ស្រូវ​ចំនួន​៥​ម៉ឺន​តោន និង​ឡ​សំ​ងួ​ត​ស្រូវ​ចំនួន​១៥០០ តោន​ក្នុង​មួយថ្ងៃ​។​

រាជរដ្ឋាភិបាល​តាមរ​យៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ​ដើរតួនាទី​ជា​ប្រតិបត្តិ​ករ​នឹង​បន្ត​គាំទ្រ​និង​ជំរុញ​យន្តការ​ផ្តល់​ឥណ​ទាន​ជា​ទុន​បង្វិល​ក៏ដូចជា​លើទឹក​ចិត្ត​ដល់​វិស័យ​ឯកជន​ឱ្យ​ពង្រីក​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ​ឱ្យបាន​កាន់តែ​ធំ​និង​មាន​លក្ខណៈ​ស្តង់ដារ​ក្នុងការ​រក្សាទុក​ស្រូវ​ឱ្យមាន​គុណភាព​ល្អ​សំដៅ​ធានាបាន​នូវ​ស្ថិរភាព​ថ្លៃ​ស្រូវ​-​អង្ករ​សម្រាប់​បងប្អូន​ប្រជាកសិករ​៕