ជប៉ុន​ប្រឈម​នឹង​ការ​ស្ដារ​ការ​ផ្គត់ផ្គង់​ទឹក​នៅ​តំបន់​រង​គ្រោះ​ដោយ​​ទឹកជំនន់ ខណៈ​​សីតុណ្ហភាព​ឡើង​កម្ដៅ​ខ្លាំង

113

ជប៉ុន៖ កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ ក្រុម​កម្មករ​ក្រុងនៅ​តំបន់​ភាគ​ខាងលិច​ប្រទេស​ជប៉ុន បាន​ប្រឈម​នឹង​ការ​ស្ដារ​ការ​ផ្គត់ផ្គង់​ទឹករយៈពេល​ ១​សប្ដាហ៍ ក្រោយ​ទឹកជំនន់​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង បាន​សម្លាប់​មនុស្ស​ជាង​ ២០០​នាក់ នៅ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដ៏​អាក្រក់​បំផុត បែប​ហ្នឹង​ក្នុង​រយៈពេល​ ៣៨​ឆ្នាំ​កន្លង​មក​នេះ​។

​តំបន់​សហគមន៍​ជាច្រើន ដែល​ត្រូវ​បាន​ជន់​លិច​កាលពី​សប្ដាហ៍​មុន បច្ចុប្បន្ន​កំពុងតែ​ប្រឈម​ខ្លាំង​នឹង​ការ​ឡើង​កម្ដៅ​លើស​ពី​ ៣០​អង្សា​សេ ស្រប​ពេល​ដែល​សំរាម​ស្អុយគរ​ពាសពេញ​ផ្លូវ​នោះ​។​ ​មន្ត្រី​ទីក្រុង​មួយ​រូបបាន​និយាយ​ប្រាប់​ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា ប្រព័ន្ធ​ទឹក​ត្រូវ​បាន​ស្ដារ​រួចហើយ ​ទៅដល់​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ស្រុក ប៉ុន្តែ​លោក​មិនបាន​ដឹង​ថា​ តើ​ពេលណា​ទើប​ប្រតិបត្តិការ​ធម្មតា​ ចាប់ផ្ដើម​ឡើងវិញ​នោះ​ទេ ខណៈ​ដែល​ក្រុម​វិស្វករ​កំពុង​ព្យាយាម ​ជួសជុល​ទុយ​យោ​ទឹក​ដែល​បែក​ធ្លុះធ្លាយ​។​ រដ្ឋាភិបាល​ជប៉ុនបាន​និយាយ​ថា យោធា, ទាហាន និង​ក្រុម​ភ្នាក់​ងារ​ពន្លត់​អគ្គីភ័យ​ជាង ​៧​ម៉ឺន​នាក់ត្រូវ​បាន​ដាក់​ពង្រាយ ដើម្បី​ដោះស្រាយ​បញ្ហា​ក្រោយ​ទឹកជំនន់​។ មនុស្ស​ ២០៤​នាក់បាន​ស្លាប់ និង​មនុស្ស​ជាច្រើន​ទៀតកំពុង​បាត់​ខ្លួន​៕
​អត្ថបទ៖ សារ៉ាត់