ធនាគារជាតិ​កម្ពុជា​សម្រេច​បិទ​គ្រឹះស្ថាន​ឥណទាន​ជន​បទ​៥០​នៅដើ​ម​ឆ្នាំ​២០១៨​នេះ

181

ភ្នំពេញ៖ ​ធនាគារជាតិ​កម្ពុជា​បាន​សម្រេច​បិទ​គ្រឹះ​ស្ថាន​ឥណទាន​ជនបទ​យ៉ាង​តិច​ចំនួន៥​០​ នៅ​ដើម​ឆ្នាំ២០១៨​នេះ ​ដោយសារ​តែ​ពួក​គេ​មិន​បាន​គោរព​ច្បាប់​ និង​បទ​ប្បញ្ញតិ្ត​ដែល​មាន​ជា​ធរមាន​នៅ​ប្រទេស​កម្ពុជា​ខណៈ​អត្រា​ការ​ប្រាក់​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​នោះ​។

ថ្លែង​នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធ​ផល​ការងារ​ប្រចាំ​ឆមាសទី​១​ និង​ទិស​ដៅ​ការ​ងារ​ឆមាស​ទី​២​ ឆ្នាំ​២០១៨​ របស់​ធនាគារ​ជាតិ​ នៃ​កម្ពុជា ​នា​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​កក្កដា ​ឆ្នាំ​២០១៨​នេះ ​ឯកឧត្តម​ ជា ​ចាន់តូ ​ទេសាភិបាល​ធនាគារជាតិ​ នៃ​កម្ពុជា​បាន​លើក​ឡើង​ថា​គ្រឹះស្ថាន​ឥណទាន​ជនបទ​ប្រមាណ​៥០​ដែល​មិន​គោរព​តាមច្បាប់​ និង​បទ​ប្បញ្ញត្តិ​ដែល​មាន​ជាធរមាន​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវ​បាន​បិទ ​ដែល​ក្នុង​នោះមា​នគ្រឹះស្ថាន​មួយ​ចំនួន​បាន​បញ្ឈប់​ដំណើរកា​រ​ដោយ​ខ្លួនឯង ​និង​គ្រឹះស្ថានផ្សេ​ងទៀ​ត​ត្រូវ​បាន​បញ្ឈប់​ដោយធនាគារជាតិ​នៃ​កម្ពុជា​ផ្ទាល់​តែ​ម្តង​។

ឯក​ឧត្តម​បាន​បន្ត​ថា​ ស្រប​ពេល​ដែល​ធនាគារជាតិ​សម្រេច​បិទ​នូវ​គ្រឹះ​ស្ថាន​ទាំង​នោះ ​អត្រា​អតិផរណា​មានក​ម្រិត​មធ្យម​២,៦% ​ហើយ​អត្រា​ប្តូរ​ប្រាក់​មាន​ស្ថិរភាព​ក្នុង​រង្វង់​៤.០៣៧​រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក​។ ស្ថិរភាពនេះ​បាន​បន្ត​ពង្រឹង​ទំនុក​ចិត្ត​របស់​ភ្នាក់ងារ​សេដ្ឋកិច្ច​ក្នុង​ការ​បង្កើន​ការ​វិនិយោគ ​ការ​ប្រើប្រាស់ ​និងសកម្មភាព​ពាណិជ្ជក​​ម្ម​នានា​ ស្រប​តាម​ការ​កើន​ឡើង​នៃ​ចំណូល ​ដែល​ ផ.ស.ស.​ ក្នុ​ងមនុស្ស​ម្នាក់​ៗ​រំពឹង​ថានឹង​កើន​ឡើង​ដល់​១.៥៦៣​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៨​នេះ​។ ទុន​បម្រុង​អន្តរជាតិ​បាន​កើន​ឡើង​ស្មើនឹង​ប្រមាណ​ ៦​ខែ​នៃ​ការ​នាំចូលទំ​និញ​និងសេ​វា ​ដែល​ជា​កម្រិត​ខ្ពស់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​ជាទូទៅ​មាន​កម្រិត​ ៣​ខែ​ប៉ុណ្ណោះ​។

ឯកឧត្តម​ ជា ​ចាន់តូ​ បាន​ថ្លែង​ឲ្យដឹ​ង​ទៀត​ថា​ កម្រិត​ខ្ពស់​នៃ​ទុន​បម្រុង​អន្តរជាតិ​បាន​បង្កើន​ភាព​ធន់​នៃសេដ្ឋកិច្ច​កម្ពុជាចំ​ពោះ​ការ​ប៉ះ​ទង្គិច​ផ្សេង​ៗ​ ដែ​ល​អាច​កើត​ឡើង​ជា​យ​ថា​ហេតុ​។ ទ​ន្ទឹម​នេះកា​រ​ប្រើប្រាស់​ប្រាក់​រៀល​ត្រូវ​បាន​លើក​កម្ពស់​ជា​លំដាប់ ​ហើយ​បច្ចុប្បន្ន​ប្រាក់​រៀល​ក្នុង​ចរាចរណ៍​បាន​កើន​ឡើង​ប្រមាណ​២២% ​ខ្ពស់​ជាង​គ្រា​ដូច​គ្នា​ឆ្នាំ​មុន ​(១៨%) ​ដោយ​សារ​កំណើន​ជំនឿ​ទុក​ចិ​ត្ត​របស់​សាធារណជ​ន​មក​លើប្រាក់​រៀល​។ ​ នៅ​ក្នុ​ង​វិស័យ​ធនាគារ ​វិស័យ​នេះ​បាន​បន្ត​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុ​ញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ប្រកប​ដោយ​បរិយាប័ន្ន​។ ឥណទាន​ត្រូវ​បាន​ផ្តល់​ដល់​គ្រប់វិស័យ​ចម្បង​ៗនៃ​សេដ្ឋកិច្ច ​ដោយ​បាន​កើន​ឡើង​ក្នុង​អត្រា​ ១៨,៨% ​ក្នុង​មួ​យ​ឆ្នាំ ​ដែល​ជា​កម្រិ​ត​សមស្រប​សម្រាប់​គាំទ្រកា​រ​រីក​ចម្រើន​សកម្មភា​ពសេដ្ឋកិច្ច ​និងមិ​ន​បង្ក​ផល​ប៉ះពាល់​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ​។

ជាមួយ​គ្នា​នោះ​ដែរ​ ឯក​ឧត្តម​បញ្ជាក់ទៀ​ត​ថា​នៅក្នុ​ង​ឆមាសទី​១ ​ឆ្នាំ​២០១៨​នេះ​ សេដ្ឋកិច្ច​កម្ពុជា​បាន​បន្ត​រីក​ចម្រើន​ប្រកប​ដោយ​ភាព​ជឿជាក់​ដោយ​រក្សា​បាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋ​កិច្ច​ល្អ​ប្រសើរ​។ ​កំណើន​ឥណទាន​នេះ​បាន​ពឹង​ផ្អែក​កាន់​តែ​ច្រើន​លើ​កំណើន​ប្រាក់​បញ្ញើ​ក្នុង​ស្រុក​ដែល​មាន​កំណើន ​២២%​។ ​ទន្ទឹម​នេះ​ ប្រជាជន​ពេញ​វ័យ​ដែល​បាន​ទទួល​សេវា​ហិរញ្ញ​វត្ថុ​បាន​កើន​ឡើង​ដល់​ ៥៧%​ នៃ​ប្រជាជន​ពេញ​វ័យ​សរុប​ ដែល​គាំទ្រជា​ចម្បង​ដោយ​វិស័យ​មី​ក្រូ​ហិរញ្ញ​វត្ថុ​​និង​ការ​រីក​ចម្រើន​នៃ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​។

ឯក​ឧត្តម​បាន​បន្ត​ថា ​ការ​រីក​ចម្រើន​នៃ​វិស័យ​ធនាគារ​ទទួល​បាន​ពីកំណើនជំ​នឿ​ទុក​ចិត្ត​របស់​សាធារណជន​មក​លើ​ប្រព័ន្ធ​ធនាគារ ​និង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​កម្ពុជា​យ៉ាងឆា​ប់​រហ័ស ​ជា​ពិសេស ​ក្នុង​រយៈ​ពេល​ ២០ ​ឆ្នាំ​ចុង​ក្រោយ​នេះ ​ក្រោម​ការ​ដឹក​នាំ​ និង​ទស្សនៈ​វែង​ឆ្ងាយ​របស់​រាជ​រដ្ឋាភិបាល ​ដែល​មាន ​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​ជា​ប្រមុខ​។

ទោះយ៉ា​ង​ណា ​ដើម្បី​បន្ត​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ ប្រកប​ដោយ​និរន្តរ​ភាព​ ការ​ត្រួត​ពិនិត្យ​ និង​បទ​ប្បញ្ញត្តិ​ក៏ត្រូវបាន​លើក​កម្ពស់​ជា​លំដាប់​ ជា​ពិសេស​លើកា​រ​ពង្រឹង​ភាព​រឹង​មាំ​នៃ​ដើ​មទុ​ន ​សន្ទនីយ​ភាព ​និង​ការគ្រប់​គ្រង​ហានិភ័យ​ជា​ប្រព័ន្ធ​នានា ​ទន្ទឹមនឹ​ង​ការ​ពង្រឹង​កិច្ច​ការពារ​អតិថិជន​។​ ម្យ៉ាងទៀត​ ធនាគា​រ​ជាតិ​នៃ​ក​ម្ពុជា​ក៏បា​ន​សហការ​ជាមួ​យ​នឹង​អាជ្ញាធរ​ពាក់​ព័ន្ធ​នានា​ទប់​ស្កាត់​ចរាចរណ៍​ និង​ការ​ដោះ​ដូរ​ cryptocurrency ដែល​មិន​មាន​ការ​អនុញ្ញាត ​និង​ការ​ផ្តល់​កម្ចី​ជាមួ​យនឹ​ងអ​ត្រា​ការ​ប្រាក់​ខ្ពស់​របស់​អ្នក​ផ្តល់ក​ម្ចី​ខុស​ច្បាប់​ ដើម្បី​ការពារ​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ចាញ់​បោក​ និង​ខាត​បង់​ដោយ​សារ​ជន​ខិលខូ​​ច​មួយ​ចំនួន​៕​