ចិន ប្រកាស​ផ្តល់​អាហារូបករណ៍​២០០​កន្លែង​ដល់​និស្សិត​នៅ​កម្ពុជា

43

ភ្នំពេញ ៖ ​ស្របតាម​គោលនយោបាយ​ និង​ទំនាក់ទំនង​ការទូត​ល្អ​រវាង​ប្រទេស​ទាំងពីរ ​​ វិទ្យាស្ថាន​អប់រំ​ប៉េកាំង​សម្រាប់​ការ​ផ្លាស់ប្ដូរ​អន្តរជាតិ​ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន​២០០​កន្លែង ​ដល់​និស្សិត​កម្ពុជា​ដើម្បី​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​។

នៅក្នុង​កម្មវិធី​ប្រជុំ​បទ​បង្ហាញ​អំពី​កម្មវិធី​អាហារូបករណ៍​ចំនួន​២០០​កន្លែង ​កាលពី​រសៀល​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ ​កន្លងទៅនេះ ​នៅ​ទីស្តីការក្រសួង​ ឯកឧត្តម តាន់ សម្បត្តិ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គ្រឹះស្ថាន​សិក្សាអប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ​នៃ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា​ អាហារូបករណ៍​ចំនួន​២០០​កន្លែង​នេះ គឺ​ផ្តល់​ជូន​តាម​រយៈ​វិទ្យាស្ថាន​អប់រំ​ប៉េកាំង​សម្រាប់​ការ​ផ្លាស់ប្តូរ​អន្តរជាតិ​ប្រទេស​។ ​លោក​ ឲ្យ​ដឹង​ទៀតថា ​សម្រាប់​អាហារូបករណ៍​ទាំងនេះ ការ​ទទួល​ពាក្យ​មាន​ចែកចេញជា​ពីរ​វគ្គ ​ដោយ​វគ្គ​ទី​១​ នឹង​ប្រព្រឹត្ត​ទៅ នា​ខែកញ្ញា ​ឆ្នាំ​២០១៨ និង​វគ្គ​ទី​២ ​នៅ​ខែមករា ឆ្នាំ​២០១៩ ហើយ​ការផ្តល់​ការសិក្សា​ដល់​និស្សិត​ដែល​ជា​ប់​ឈ្មោះ​ទៅ​សិក្សា​បន្ត មាន​រយៈពេល​០៣​ឆ្នាំ ​លើ​គ្រប់​មុខជំនាញ​។

ដោយឡែក នៅក្រោយ​បទ​បង្ហាញ​ខាងលើនេះ សិស្ស​មក​វិទ្យាល័យ​ហ៊ុន សែន ​១០០​ខ្នង ​ពីររូប បាន​បង្ហាញ​ទស្សនៈ​ថា នេះ​ជា​ឱកាស​ល្អ​បំផុត ដែល​កម្រ​មាន​សម្រាប់​សិស្ស​និស្សិត​កម្ពុជា ​ក្នុងការ​ចាប់​យក​ឱកាស​សិក្សា​បន្ត​នៅក្រៅ​ប្រទេស ​ពិសេស​អាហារូបករណ៍​ដែល​មាន​ច្រើន​មុខវិជ្ជា និង​ជំនាញ​បច្ចេកទេស​និង វិជ្ជាជីវៈ​។

សូមបញ្ជាក់ថា ក្នុង​កម្មវិធី​បទ​បង្ហាញ​អាហារូបករណ៍​ខាងលើនេះ ​មាន​សាលា​សរុប​ចំនួន​១៦ ផ្សេងៗ​គ្នា​បាន​ធ្វើ​បទ​បង្ហាញ ជូន​ដល់​អ្នកចូលរួម​មកពី​គណៈប្រតិភូ​និង​តំណាង​សាកលវិទ្យាល័យ ​និង​សាលា​មធ្យមសិក្សា​បច្ចេកទេស​, តំណាង​គ្រឹះស្ថាន​អប់រំ ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ សាធារណៈ រាជធានី​-​ខេត្ត​, និស្សិត​នៃ​គ្រឹះស្ថាន​នានា​ ក្រោម​ឱវាទ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​និង​សិស្ស​វិទ្យាល័យ ​នៅ​រាជធានី​ភ្នំពេញ ​សរុប​ចំនួន​ប្រមាណ​ជាង​៤០០​នាក់​៕