ស្លាប់​ទៀត​​ហើយ​​នៅ​ខេត្ត​ក្រចេះ ​​និង​កំពុង​​សង្គ្រោះ​ជិត​៥០​នាក់ ​​សង្ស័យ​ករណី​ពុល​ស្រាស

60

ក្រចេះ ៖ ​មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល​ខេត្ត ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៤ ​ខែកក្កដា​ ឆ្នាំ​២០១៨​នេះ​ថា ​ករណី​មនុស្ស​ស្លាប់​២​នាក់​ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជិត​៥០​នាក់​ នៅ​ស្រុក​ស្នួល ​ខេត្តក្រចេះ ​តាម​រោគសញ្ញា​ជា​ការ​ពុល​ស្រាស​ប្រាកដ​មែន​។ ​ប៉ុន្តែ​យ៉ាងណា​នោះ សំណាក់​ស្រាស ​ត្រូវបាន​មន្ត្រី​ជំនាញ ​បាន​យកទៅ​ធ្វើការ​ពិសោធន៍​នៅ ​មន្ទីរពិសោធន៍​ថ្នាក់ជាតិ​ហើយ ដើម្បី​បញ្ជាក់​កាន់តែច្បាស់​។

ប្រភព​ដដែល ​បាន​បញ្ជាក់ថា ​តាម​លទ្ធផល​មន្ត្រី​ជំនាញ​ក្រសួងសុខាភិបាល ​ដោយ​យោង​តាម​ប្រវត្តិ​ផឹក​ស្រាស ​រោគសញ្ញា​ជំងឺ​ជា​រោគសញ្ញា​ពុល​ជាតិ Methanol ​គឺ​ពិតជា​ពុល​ស្រាស​។ ​ដើម្បី​បញ្ជាក់​ច្បាស់​បន្ថែម​ មន្ត្រី​ជំនាញ​សុខាភិបាល​ បាន​យក​វត្ថុ​វិភាគ ​ដើម្បី​ពិសោធន៍​នៅ​មន្ទីរ​ពិសោធន៍​ថ្នាក់ជាតិ​។

យ៉ាងហោចណាស់​មនុស្ស​២​នាក់​បាន​ស្លាប់ ​និង​៤៨​នាក់​ផ្សេងទៀត​កំពុងជួយ​សង្គ្រោះ​​ ​​នៅ​មន្ទីរពេទ្យ ដោយ​សង្ស័យ​ពុល​ស្រាស នៅ​យប់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​ស្នួល​កើត ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។

សេចក្ដី​រាយ​ការណ៍​ ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ ​បាន​ឲ្យ​ដឹងថា តាម​ព័ត៌មាន​ជំហាន​ដំបូង គឺ​ពួកគាត់​ចូលរួម​ បុណ្យ​សព​នៅ​ភូមិ​ឃុំ​កើតហេតុ ហើយ​នាំគ្នា​ផឹក​ស្រា​ស​ ស្រាថ្នាំ​បាន​មាន​អាការៈ​ធេងធោង វិលមុខ ​ណែន​ដើមទ្រូង ​ស្រវាំងភ្នែក ​ឈឺក្បាល​។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធ​ករណីនេះ ​លោក គង់ គឹម​នី អភិបាលស្រុក​ស្នួល ​បាន​បញ្ជាក់ថា រហូត​មកដល់​រសៀល​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ អ្នកជំងឺ​បាន​ធូរស្រាល ​និង​បាន​ចេញពី​មន្ទីរពេទ្យ​ជា​បណ្ដើរៗ​ហើយ ​ដោយ​នៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ​នៅសល់តែ​ជាង​២០​នាក់​ប៉ុណ្ណោះ​។

យោងតាម​មេភូមិ​ស្នួល​កើត លោក កូយ អ៊ិន បាន​ឲ្យ​ដឹងថា ​រយៈពេល​២​ថ្ងៃ​មកនេះ ប្រជា​ពលរដ្ឋនៅក្នុង​ភូមិ​របស់គាត់ ​បាន​ទៅ​ធ្វើ​ចំការ​នៅ ភ្នំ​ព្រេច ​ស្រាប់តែ​បាន​សត្វ​ទន្សង​មួយ​ក្បាល ក៏​បាន​នាំគ្នា​ក្លែម​ជាមួយ​ស្រាស​ មាន​គ្នា​ប្រហែល ​១០​នាក់ ស្រាប់​តែ​មាន​អ្នក​ស្លាប់​២​នាក់​ (​ម្នាក់​នៅក្នុង​ភូមិ និង​ម្នាក់ទៀត​នៅ​ភ្នំ​ទួល​ព្រេច​)​។ បន្ទាប់ពី​បាន​ស្លាប់​ហើយ ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ ​បាន​ទៅ​កំដរ​បុណ្យសព ​ដោយ​យក​ស្រាស​ ពី​ភ្នំ​ទួល​ព្រេច​មក​ផឹក​ រហូត​មាន​អ្នក​ធ្លាក់​ខ្លួន​ឈឺ​តែម្តង​៕