អាជ្ញាធរ​អំពាវនាវ​ដល់​ប្រជា​នេសាទ​កុំ​ធ្វើ​នេសាទ​ខុសច្បាប់​ក្នុង​រដូវ​ហាមឃាត់​

37

តាកែវ ៖ ​​ អភិបាលក្រុង​ដូន​កែវ បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ​ឱ្យ​ជួយ​អភិរក្ស​ និង​ធ្វើការ​ហាមឃាត់​ចំពោះ​ជន ខិលខូច​មួយ​ចំនួន​ ដែល​បាន​ប្រើប្រាស់​ឧបករណ៍​នេសាទ ​ខុសច្បាប់ ដោយ​ជួយ​រាយការណ៍​ទៅកាន់ អាជ្ញាធរ ដើម្បី​ធ្វើការ​អន្តរាគ​ម៍​ភ្លាមៗ​តែម្តង​។

អភិបាលក្រុង​ដូន​កែវ បាន​ប្រាប់​ទៅដល់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ធន់​មន់​ សង្កាត់​បារាយ៍​ ដែល ប្រកប​របរ​នេសាទ​ត្រី​ទាំងអស់​ កុំ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ​នៅ​រដូវ​ត្រី​ពង​ ដែល​វា​នឹងធ្វើ​ឱ្យមាន ​ហានិភ័យ ​ចំពោះ​ត្រី​។

ថ្លែង​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​មួយ​ចំនួន ​ដែល​មន្ត្រី​ជលផល​ បាន​ឃាត់ខ្លួន ​កាលពី​ម្សិលមិញ លោក មូល វិចិត្រ បាន​បញ្ជាក់ថា​ ការ​ធ្វើ​ការ​នេសាទ​ត្រី​ដោយ​ប្រើប្រាស់​នូវ​ឧបករណ៍​ខុសច្បាប់ ដូចជា ថ្ម​ស្អុយ ​ការ​ឆក់ ស្បៃ​មុង​ក្រឡា​ញឹក ​ជាតិ​ផ្ទុះ ​វា​នឹង​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ការបាត់បង់​ពូជ​ត្រី​ធម្មជាតិ ​ក្នុង​បឹងបួរ ​ដូច្នេះ​មិន​ថា​ ​ឧបករណ៍​អ្វី​ក៏ដោយ ​ដែល​ច្បាប់​បាន​ហាមឃាត់​ ប្រជា​នេសាទ​កុំ​ប្រើប្រាស់​ក្នុង​ការ ​នេសាទ​។ ​ហើយ​ជាពិសេស​ទៅទៀត​នោះ ​កុំ​ធ្វើ​ការ​ចាប់​ត្រី​ ក្នុង​រដូវ​ដែល​ច្បាប់​បាន​ហាមឃាត់​ ព្រោះ​រដូវ​នេះ​ គឺ​រដូវ​ដែល​ត្រី​ពង​កូន​ ប្រសិនបើ​ចាប់​វា​ក្នុង​រដូវ​ដែល​បាន​ហាម​នោះ វា​នឹង​ធ្វើ​ឲ្យ​ត្រី​ធម្មជាតិ​កាន់តែ​ឆាប់​ផុត ពូជ​តែម្តង ​ហើយ​ជាពិសេស​ទៅទៀត​នោះ ​វា​នឹង​ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​ត្រី​ធម្មជាតិ​នៅ​លើ​ទីផ្សារ​មានការ​ខ្វះខាត​ ផងដែរ​។

លោក បាន​ថ្លែងថា ដើម្បី​អោយ​ត្រី​ធម្មជាតិ​កាន់តែ​សម្បូរ​ទ្បើង​វិញ​នោះ​ ប្រជាពលរដ្ឋ និង​អាជ្ញាធរ ពាក់ព័ន្ធ ត្រូវ​រួមគ្នា​​ ថែ​រក្សារ​នូវ​ព្រៃ​លិច​ទឹក​ ដែល​ជា​ជម្រក​ដ៏​សំខាន់​នៅ​ក្នុង​រដូវ​ត្រី​ពង​កូន​។

ម្យ៉ាងវិញទៀត ប្រជា​នេសាទ ​ត្រូវ​ជួយ​អភិរក្ស ​និង​ធ្វើការ​ហាមឃាត់​ចំពោះ​ជនខិលខូច​មួយ​ចំនួន ដែល​បាន​ប្រើប្រាស់​ ឧបករណ៍​នេសាទ ​ខុសច្បាប់​ ហើយ​បើ​បាន​ដឹងថា ​មានការ​លួច​ធ្វើ​នេសាទ​ខុសច្បាប់​ ត្រូវ​ជួយ​រាយការណ៍ ​មកកាន់​អាជ្ញាធរ ​ដើម្បី​ធ្វើការ​អន្តរាគមន៍​ភ្លាមៗ​តែម្តង​៕