ក្រុម​ប្រតិបត្ដិករ​ទេសចរណ៍​ មោទនភាព​ដែល​ប្រាសាទ​អង្គរវត្ត​ជាប់​លេខ​មួយ​៥​លើក​

51

សៀមរាប ៖ ​ប្រាសាទ​អង្គ​រវត្ត បាន​ជាប់​ចំណាត់ថ្នាក់​ជា​តំបន់​បុរាណវិទ្យា​ និង​ប្រវត្តិសាស្ត្រ​ដ៏​ទាក់​ទាញ​បំផុត ជា រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌​ដ៏​ល្បីល្បាញ​លើ​ពិភពលោក ជាប់ៗ​គ្នា​រយៈពេល​បួន​ប្រាំ​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​នៅ​ឆ្នាំ​២០១៨​នេះ អង្គរវត្ត​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​១​ បន្តទៀត​។

ក្រុម​ប្រតិ​ប​ត្ដិករ​ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​មួយចំនួន ​នៅ​ខេត្ដ​សៀមរាប ​បាន​សម្ដែង​មោទនភាព យ៉ាងខ្លាំង ​ចំពោះ​ប្រាសាទ​អង្គរវត្ដ​ ដែល​បាន​ជាប់​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ ​ចំនួន​៥​លើក ជា​សំណង់​ ប្រវត្ដិ​សាស្ដ្រ​អស្ចារ្យ​បំផុត​នៅ​លើ​ពិភពលោក​។

លោក ហែម ច័ន្ទ​ដា​រា ប្រតិ​ប​ត្ដិករ​ទេសចរណ៍​នៃ​សណ្ឋាគារ ​ម៉ែ​ម័​រ​ផា​ឡេស​ (Memoire Palce) ខេត្ដ​សៀមរាប ​បាន​សម្ដែង​ក្ដីរំភើប ​ដោយ​លើក​ឡើងថា ​ការ​ឱ្យ​តម្លៃ​ប្រាសាទ​អង្គរវត្ដ​របស់​ប្រទេស​កម្ពុជា ជា​ ប្រាសាទ ដែល​ល្បីល្បាញ ​និង​អស្ចារ្យ​បំផុត​នៅ​លើ​ពិភពលោក​នេះ ​ពិតជា​ធ្វើ​អោយ​អ្នកទេសចរ​អន្ដរជាតិ ​មក​ទស្សនា​ប្រទេស​កម្ពុជា​កាន់តែច្រើន​។

មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសារ​ចិន លោក ហេង ដា​រ៉ា​រដ្ឋ បាន​ថ្លែងថា ​ប្រាសាទ​អង្គរវត្ដ ​ពិតជា​ស័ក្ដិសម ​បំផុត​ក្នុង​ការ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ​ព្រោះ​ពិភពលោក ​មុននឹង​ផ្ដល់​ពាន​ដល់​អ្វីមួយ បាន​មើល ​ឃើញ និង​ស្វែងយល់​គ្រប់​ជ្រុងជ្រោយ​ ជាពិសេស​ ប្រាសាទ​អង្គរវត្ដ​របស់​កម្ពុជា​ ជា​សំណង់ ​ដែល​គ្មាន​ ប្រទេស​ណា​អាចធ្វើ​បានឡើយ​។

លោកស្រី សា​រ៉ា ម៉ា​ធ្យូ​ស៍ ប្រធាន Trip Advisor បាន​លើកឡើងថា ​ការ​ផ្ដល់​ចំណាត់ថ្នាក់​លេខ​១ ដល់​ប្រាសាទអង្គរវត្ត​របស់​ប្រទេស​កម្ពុជា ​ជាទី​សំណង់​ប្រវត្តិសាស្ដ្រ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ឆ្នាំ​២០១៨ ​ធ្វើឡើង តាមរយៈ​ការ​ស្រង់​មតិ​រយៈពេល​១២​ខែ ​លើ​ចំណាប់អារម្មណ៍​ និង​ទស្សនៈ​របស់​អ្នកទេសចរ​រាប់លាន​នាក់ ជុំវិញ​ពិភពលោក​។

នៅ​ឆ្នាំ​២០១៤ ប្រាសាទអង្គរវត្ត បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ​ជា​តំបន់​បុរាណវិទ្យា​ និង​ប្រវត្តិ សាស្ត្រ​ដ៏​ទាក់ទាញ​បំផុត​លើ​ពិភពលោក​។ ​ឆ្នាំ​២០១៦ ​អង្គរវត្ត បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ​ជា​រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌​ដ៏​ល្បីល្បាញ​លើ​ពិភពលោក ​នៅលើ​គេហទំព័រ​ ឡូ​ន​លី​ ផ្លែ​ណិ​ត (Lonely Planet) ​និង​ឆ្នាំ​២០១៨​នេះ រាជធានី​អង្គរ ក៏​ទទួល​បាន​ជ័យលាភី​ជា​រាជធានី​ទេសចរណ៍ និង​វប្បធម៌​ពិភពលោក​ផង​ ដែរ ដែល​គិត​មកដល់ពេលនេះ​ចំនួន​៥​លើក​មកហើយ​៕