អាជ្ញាធរ​ខណ្ឌ​ជ្រោយ​ចង្វារ ចុះបង្ក្រាប​ទីតាំង​​ជល់​មាន់​ឃាត់ខ្លួន​មនុស្ស​ចំនួន​១២​នាក់​ ម៉ូតូ​ចំនួន​ ៣៧​គ្រឿង​, រថយន្ត​មួយ​គ្រឿង និង​មាន់​ជល់​ចំនួន​៧​ក្បាល

50

អាជ្ញាធរ​ខណ្ឌ​ជ្រោយ​ចង្វារ ចុះបង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​មួយ​កន្លែង​ឃាត់ខ្លួន​មនុស្ស​ចំនួន​១២​នាក់​ ម៉ូតូ​ចំនួន​ ៣៧​គ្រឿង​, រថយន្ត​មួយ​គ្រឿង និង​មាន់​ជល់​ចំនួន​៧​ក្បាល​

ភ្នំពេញ​៖ លោក កៅ សា​រ៉ាវុធ អភិបាលរងខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​កម្លាំង​ចម្រុះ ចុះ​ប្រតិបត្តិការ​ទីតាំង​សង្វៀន​ជល់​មាន់​មួយកន្លែង ដោយបាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ១២​នាក់​, ម៉ូតូ​ចំនួន ៣៧​គ្រឿង​, រថយន្ត​មួយគ្រឿង​, និង​មាន់​ជល់​ចំនួន ៧​ក្បាល ដែល​ស្ថិតនៅ​ក្នុងភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

លោក កៅ សា​រ៉ាវុធ បាន​ប្រាប់​ឲ្យ​ដឹងថា មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​ថា មាន​កន្លែង​បើក​លេងល្បែង​ស៉ី​សង​មាន់​ជល់​មួយកន្លែង ស្ថិតក្នុង​ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ​។ បន្ទាប់ពី​ទទួលបាន​ដំណឹង​នេះ​ភ្លាមៗ លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វារ បាន​បញ្ជា​ឲ្យ​លោក​ដឹកនាំ​កម្លាំងចម្រុះ​ចុះបង្ក្រាប​ទីតាំង​ជល់​មាន់​ខាងលើនេះ​។​

នៅក្នុង​ប្រតិបត្តិការ​ខាងលើនេះ កម្លាំងចម្រុះ​បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន ១២​នាក់​, ម៉ូតូ ៣៧​គ្រឿង​, រថយន្ត Tundra មួយគ្រឿង​, និង​មាន់​ជល់​ចំនួន ៧​ក្បាល រួម​នឹង​សម្ភារ​មួយចំនួន​ដែល​បម្រើ​ឲ្យ​សង្វៀន​ជល់​មាន់​។ កម្លាំង​ជំនាញ​បាន​នាំខ្លួន​មនុស្ស​ទាំងអស់នោះ​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​នី​តី​វិធី​៕​