បក្ស​កាន់អំណាច​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន សាទរ​បក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​

88

ភ្នំពេញ៖ គណបក្ស​ប្រជាធិបតេយ្យ​សេរី​របស់​ឯកឧត្ដម ស៊ីន ហ្ស៊ូ​អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន បាន​សម្តែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួល​បាន​ជ័យជម្នះ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅនេះ​។​

លោក Masahiro Imamura សមាជិកសភា​ជប៉ុន បានប្រគល់​លិខិត​អបអរសាទរ​របស់លោក តូ​ស៊ី​រ៉ូ នី​កៃ អគ្គលេខាធិការ គណបក្ស​ប្រជាធិបតេយ្យ​សេរី និង​ជា​សមាជិក​តំណាងរាស្ត្រ​ជប៉ុន​ដែល​លិខិត ជូន​ដល់​ផ្ទាល់ដៃ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងពេល​ចូលជួប​សម្តែង​ការគួរសម នា​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨​នេះ នៅ​ភូមិគ្រឹះ​ក្រុង​តាខ្មៅ​។​

ក្នុង​លិខិត​អបអរសាទ​របស់លោក តូ​ស៊ី​រ៉ូ នី​កៃ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ លោក​សូម​អបអរសាទរ​អស់ពីដួងចិត្ត​ចំពោះ​សម្តេច​តេ​ជោ ក្នុងឱកាស​ដែល​គណបក្ស​របស់ សម្តេច​បានទទួល​ជួយ​ជម្នះ​ដ៏​លើសលុប​នៅក្នុង​ការបោះឆ្នោត​ជា​សាកល​។ លោក​ក៏​សូម​សម្តែង​នូវ​ការគោរព​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ដែល​បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​អាច​ឆ្លង​ចាក​ផុតពី​ដំណាក់កាល​ដ៏​សែន​អកុសល​នៃ​សង្គ្រាម ហើយ​និង​បោះជំហាន​យ៉ាង​ស្វាហាប់​ឆ្ពោះទៅកាន់​ការកសាង​វិបុលភាព​។​

គណបក្ស​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ជប៉ុន ក៏បាន​អះអាង​ផងដែរ​ថា គណបក្ស​របស់លោក​នឹងធ្វើ​ការ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​កសាង​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ​រវាង​កម្ពុជា​-​ជប៉ុន ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។​

ក្រៅពី​គណបក្ស​របស់​នាយករ​ដ្ឋ​មន្ត្រី​ជប៉ុន​គេ​ក៏​ឃើញ​មាន​ប្រទេស​ចិន រុស្ស៊ី ឥណ្ឌា ហ្វីលីពីន ថៃ ឡាវ និង​វៀតណាម​ជាដើម សុទ្ធតែ​បាន​សម្តែង​ការគាំទ្រ ចំពោះ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ក៏ដូចជា​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​៕