ការពារ​ជាតិ​ឈ្នះ​មេដាយ​ច្រើន​ជាង​គេ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីដក់​ជើង​ឯកជាតិ​ឆ្នាំ​២០១៨

53

ស៊ីដក់​៖ ការប្រកួត​កីឡា​សីដក់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ ដែល​បាន​រៀប​ចំ​រយៈពេល ៥​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​០៦ រហូតដល់​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៨ បាន​បញ្ចប់​ដោយ​ជោគជ័យ គ្រា​ដែល​ក្រុម​កីឡា​សីដក់​ក្រសួង​ការពារជាតិ បាន​ដណ្ដើម​មេដាយ​ច្រើន​ជាង​គេ​សរុប ៣​គ្រឿង​មាន​មេដាយ​មាស​២ និង​ប្រាក់​១។

យោង​តាម​របាយការណ៍​លោក ទុយ ប៊ុន​ហឿន មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​នេះ​គឺ​មាន​កីឡាករ​-​កីឡា​ការិនី​សរុប ២៣៨​នាក់​មកពី ១៤​ក្លឹប​ទូទាំង​ប្រទេស​ចូលរួម និង​ប្រកួត​លើ​វិញ្ញាសា​ចំនួន ៥។ ជា​លទ្ធផល​គឺ​ក្រុម​ក្រសួងការពារជាតិ​ ដណ្ដើម​បាន​មេដាយ​ច្រើន​ជាង​គេ បន្ទាប់មក​គឺ​ក្លឹប​ក្រសួង​មហាផ្ទៃ​ដណ្ដើម​បាន​មេដាយ​មាស​១ និង​សំរឹទ្ធ ២, ក្លឹប​ដេ​អិនឈរ​លេខ​៣ ដណ្ដើម​បាន​មេដាយ​មាស​១ និង​សំរឹទ្ធ​១ និង​ក្លឹប​បាន​លុងដណ្ដើម​បាន​មេដាយ​មាស ១​គ្រឿង។​ ក្រោយ​បញ្ចប់​ការប្រកួត​ឯកឧត្ដម មាស សារិន ប្រធាន​សហព័ន្ធ​កីឡា​សីដក់​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ​-​កីឡា​ការិនី​ម្នាក់ៗ ពិសេស​កីឡាករ​-​កីឡា​ការិនី​វ័យក្មេង ដោយ​ឯកឧត្ដម​បាន​លើកទឹកចិត្ត​ដល់​ពួកគេ ​ឲ្យ​បន្ត​ការ​ខិត​ខំ​ហ្វឹកហាត់​បន្ថែម​ទៀត ដើម្បី​ដុះ​ខាត​សមត្ថភាព​ឲ្យ​កាន់តែ​ល្អ​ប្រសើរ សម្រាប់​ត្រៀម​ចូលរួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ ពិសេស​គឺ​ការ​ត្រៀម​ខ្លួន​ក្នុង​ការ​ធ្វើ​ម្ចាស់ផ្ទះ​ ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នា​ឆ្នាំ​២០២៣ តែម្ដង។



ទន្ទឹម​ជាមួយគ្នាដោយ​មើល​ឃើញ​ពី​ចំនួន​អ្នកចូលរួម​ច្រើន ឯកឧត្ដម ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចាត់​ទុក​ការប្រកួត​ថ្នាក់​ជាតិ​នេះ គឺជា​ឱកាស​វាស់​ស្ទង់​សមត្ថភាព​ដ៏​ល្អ ដែល​សហព័ន្ធ​ត្រូវ​ចម្រាញ់​រក​ធនធាន​កីឡាករ​-​កីឡា​ការិនី​ឆ្នើម​មក​បណ្ដុះបណ្ដាល​បន្ថែម​ទៀត សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នានានៅ​ចុង​ឆ្នាំ​២០១៨ និង​ឆ្នាំ​បន្ដ​បន្ទាប់។ លើស​ពី​នេះឯកឧត្ដម​ក៏​ជំរុញ​ឲ្យ​បង្កើត​ន​ការ​យក​ចិត្ត​ទុក ចំពោះ​ក្លឹប​តាម​បណ្ដាល​ខេត្ត ដើម្បី​សម្រេច​បាន​នូវ​ការ​ជ្រើស​រើស​ធនធាន​កីឡាករ ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត​ផង​ដែរ​៕
អត្ថបទ៖ លី ឈុន​ឡា