ប្រធាន FFC រំឭក​កីឡាករ​ត្រូវ​ជួយ​ខ្លួនឯង ខណៈ Honda ស្ម័គ្រ​ជួយ​កម្ពុជា ២​ឆ្នាំ​អត់​យក​ប្រាក់ខែ

178

បាល់ទាត់៖ ឯកឧត្ដម សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ (FFC) បាន​ក្រើន​រំឭក​ដល់​កីឡាករ​កម្ពុជា​ទាំងអស់ ត្រូវ​ប្រឹងប្រែង​ជួយ​ខ្លួនឯង​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​ដុះ​ខាត​សមត្ថភាព​កាន់​តែ​ល្អ​ប្រសើរ និង​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ​ផ្សេងៗ ​នា​ពេល​អនាគត។ នេះ​បើ​តាម​ការ​លើក​ឡើង​រប​ស់​ឯកឧត្ដម ក្នុង​សន្និសីទ​សារព័ត៌មាន​ស​ស្ដីពី​ការប្រកាស​តែងតាំង​លោក Keisuke Honda ធ្វើជា​អ្នក​​ចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ និង​ជា​គ្រូ​បង្គោល​ក្រុម​នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ា​ល់​កាល​ពី​ម្សិលមិញ។

​ប្រធាន​សហព័ន្ធ​រូប​នេះ​មានប្រសាសន៍ថា លោក Keisuke Honda មក​កម្ពុជា​លើក​នេះ គឺ​មក​ជួយ​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​កម្ពុជា​ដោយ​ស្ម័គ្រចិត្ត និង​មិន​យក​ប្រាក់​ខែ​ឡើយ ដោយ​សហព័ន្ធ​ចេញ​ត្រឹម​ថ្លៃ​ធ្វើដំណើរ, ការ​ស្នាក់នៅ​-​ហូបចុក និង​ការ​បំពេញ​ការ​ក្នុងស្រុក​ប៉ុណ្ណោះ។ ត្រង់​ចំណុច​នេះឯកឧត្តម​បាន​ដាស់តឿន​ដល់​មន្ដ្រី​ក្រោម​ឱវាទ និង​កីឡាករ​-​កីឡា​ការិនី​ទាំងអស់ត្រូវ​គិត​គូរ និង​ព្យាយាម​ជួយ​ខ្លួនឯង​ឲ្យ​បាន​ច្រើន ដើម្បី​បង្ហាញ​ពី​តុល្យភាព​ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​ ជំរុញ​វិស័យ​បាល់ទាត់​កម្ពុជា​ឲ្យ​រីកចម្រើនលើ​គោលដៅ​តែមួយ។​ ដោយឡែក​កីឡាករ​វ័យ ៣២​ឆ្នាំ Keisuke Honda បាន​លើក​ឡើង​ថា ការ​ស្ម័គ្រ​ចិត្ត​មក​ជួយ​ដល់​វិស័យ​បាល់ទាត់​កម្ពុជា គឺជា​រឿង​មួយ​ដ៏​សប្បាយចិត្ត ព្រោះ​លោក​បានសម្រេច​គោលដៅ​មួយក្នុង​ការ​ជួយ​​កម្ពុជា ហើយ​បេសកកម្ម​នេះលោក​បាន​ផ្ដោត​លើ​គោលបំណង​សំខាន់ ២​យ៉ាង ទី​១ គឺ​លោក​ចង់​បង្កើត​ស្ទិល​លេង​ស្តង់ដារ​មួយ​របស់​កម្ពុជា។ ទី​២៖ ក្រៅពី​ផ្ដោត​លើ​ការងារ​បាល់ទាត់ លោក​ក៏បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ផ្សព្វផ្សាយ​នូវ​អ្វី​ល្អ​ៗ​របស់​កម្ពុជាទៅ​កាន់​ពិភពលោក ដូចជា​តំបន់​វប្បធម៌សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​ផ្នែក​កសិកម្ម​ជាដើម។

​សូម​បញ្ជាក់​ថា Keisuke Honda ត្រូវ​បាន​ឯកឧត្តម សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ប្រកាស​តែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ អម​ដោយ​តំណែង​គ្រូ​បង្គោល​ផង​ដែរ ក្នុង​កិច្ចសន្យា​រយៈពេល ២​ឆ្នាំកាលពី​ម្សិលមិញ ដោយ​មិន​យក​ប្រាក់​ខែ​ឡើយ​។ យ៉ាងណាមិញសមាជិក​ក្លឹប​ជើងឯក​លី​គ​កំពូល​អូស្ដ្រាលី Melbourne Victory រូប​នេះ​រំពឹង​ថា នឹង​ធ្វើ​ឲ្យ​គម្រោង​អភិវឌ្ឍ​វិស័យ​បាល់ទាត់​កម្ពុជា​មានការ​រីកចម្រើន និង​ទទួល​បាន​ផ្លែផ្កា​តាម​ការ​គ្រោង​ទុក ​ក្នុង​រយៈពេល​សមរម្យ​ណាមួយ៕
​អត្ថបទ៖ លី ឈុន​ឡា