រដ្ឋ​កេរ៉ាឡា​របស់​ឥណ្ឌា​​ស្ថិត​ក្នុង​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​ ក្រោយ​​​ទឹក​ជំនន់​​សម្លាប់​មនុស្ស​​រាប់​សិប​នាក់

58

ឥណ្ឌា៖ មនុស្ស​រាប់​សិប​នាក់​​បាន​បាត់​បង់​ជីវិត ខណៈ​ភ្លៀង​រដូវ​មូសុង​ដ៏​ខ្លាំង​ក្លា​​ បណ្ដាល​ឲ្យ​​​​មាន​ទំហំ​​ទឹក​ជំនន់​មិន​ធ្លាប់​មាន​​ពី​មុន​មក​​ នៅ​តាម​ផ្នែក​​ជា​ច្រើន​នៃ​រដ្ឋ​​កេរ៉ាឡា​ភាគ​ខាង​ត្បូង​​ប្រទេស​ឥណ្ឌា។

​អភិបាល​​រដ្ឋ​កេរ៉ាឡា​ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា​​លោក ពីណារ៉ាយី វីចាយ៉ាន មាន​​ប្រសាសន៍​​កាល​ពី​ថ្ងៃ​​អាទិត្យ​ម្សិលមិញ​ថា ​ចំនួន​អ្នក​បាត់បង់​ជីវិត​​​មាន​ ៣៣​នាក់ ហើយ​មនុស្ស ៦​នាក់​កំពុង​បាត់​ខ្លួន។ ​ក្រុម​មន្ត្រី​​បាន​លើក​ឡើង​ថា ជាង​ពាក់​កណ្ដាល​​នៃ​​ស្រុក​ចំនួន​១៤ ក្នុង​រដ្ឋ​មួយ​នេះ ​​ត្រូវ​បាន​​ដាក់​ចូល​​ទៅ​ក្នុង​ការ​ប្រកាស​អាសន្ន​​ពី​ទឹក​ជំនន់​​កម្រិត​ខ្ពស់​។ ​ភ្លៀង​ធ្លាក់​​​ខ្លាំង និង​បំណាក់​ដី​​កើត​មាន​​អំឡុង​រដូវ​មូសុង ​ចាប់​ពី​ខែ​​មិថុនា​ទៅ​ដល់​ខែ​កញ្ញា​បាន​បំផ្លាញ​​ផ្ទៃ​ដី​​​បង្ក​បង្កើន​ផល​ដំណាំ និង​បាន​ជំរុញ​ឲ្យ​មាន​​ការ​ខំ​ប្រឹង​ប្រែង​​ជម្លៀស​​​មនុស្ស​​យ៉ាង​ធំ​។

​ផល​ដំណាំ​ចំនួន ១០៣​ហិកតា​ត្រូវ​បាន​បំផ្លាញ​​ ហើយ​មនុស្ស ៣​ម៉ឺន ១​ពាន់​នាក់​ត្រូវ​បង្ខំ​ចិត្ត​​ ទៅ​ស្នាក់​នៅ​ទីជម្រក​​បណ្ដោះ​អាសន្ន​​ក្នុង​ជំរំ​​សង្គ្រោះ នេះ​បើ​យោង​តាម​​ការ​ឲ្យ​ដឹង​របស់​ក្រុម​អាជ្ញាធរ​​ គ្រប់​គ្រង​គ្រោះ​​មហន្តរាយ​រដ្ឋ​កេរ៉ាឡា​ហៅ​កាត់​ KSDMA នៅ​ក្នុង​ទីក្រុង​​របស់​រដ្ឋ​នេះ៕

អត្ថបទ៖ រិទ្ធី