បឹងកេត​រក្សា​កៅអី​កំពូល​តារាង ខណៈ​ណាហ្គា​បន្ដ​ដេញ​តាម​យ៉ាង​ប្រកិត

167

បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជា បាន​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​សប្ដាហ៍​ទី​១៧ ហើយ ដោយ​ក្រុម​បឹងកេត​បាន​រក្សា​កៅអី​កំពូល​តារាង​របស់​ខ្លួន ក្រោយ​យកឈ្នះ​ទាំង​ពិបាក​លើ​ក្រុម​ចំណូល​ថ្មី​វិសាខា ១-០ ស្រប​ពេល​ក្រុម​ណាហ្គា​វើ​លបន្ដ​ចាញ់​ប្រៀប​បឹងកេត ១​ពិន្ទុ​ដដែល ក្រោយ​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន ៣-០ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។

​ជំនួប​ក្រុម​បឹងកេត និង​វិសាខា គឺ​បាន​បញ្ចប់​ដោយ​ភាព​តានតឹង​បំផុត ខណៈ​ក្រុម​វិសាខា​មានឱកាស​បញ្ចប់​ទី​ជា​ច្រើន​លើក តែ​បែរជា​ធ្វើ​មិនបាន​សម្រេច ចុង​ក្រោម​បឹងកេត​បាន​បញ្ចប់​ក្ដី​សង្ឃឹម​របស់​ក្រុម​លោក ហុក សុ​ជី​វ័​ន្ដ ដោយ​ការ​តែ​ត​បាល់​បញ្ចូល​ទី​ពី​កីឡាករ Mizuo នៅ​នាទី​៨៣ ដែល​ជា​គ្រាប់​ជ័យ​ជម្នះ​ជួយ​ឲ្យ​បឹងកេត​ទទួល​បាន ៣​ពិន្ទុ​បន្ថែម និង​មាន​ពិន្ទុសរុប ៤២​ពិន្ទុដើម្បី​រក្សា​កៅអី​កំពូល​តារាង គ្រា​ដែល​វិសាខាបាន​បន្ត​ឈរ​លេខ​៣ មាន ៣៨​ពិន្ទុ​ក្នុង​ដៃ។​ ដោយឡែក​ក្រុម​ណាហ្គា​វើ​លស្ទើរតែ​ទទួល​បាន​កៅអី​កំពូល​តារាង បើ​សិន​ជំនួប​បឹងកេត និង​វិសាខា គ្មាន​ការ​ស៊ុត​បំប៉ោង​សំណាញ់​ទី​នា​ចុង​ម៉ោង​ទេ​នោះ ព្រោះ​ពួកគេ​បាន​យកឈ្នះ​វេ​ស្ទើ​ន ៣-០ កាលពី​ថ្ងៃ​សៅរ៍ ធ្វើ​ឲ្យ​ក្រុម​លោក មាស ចាន់ណា មាន​ពិន្ទុសរុប ៤២​ពិន្ទុ។ ដូច្នេះ​សម្រាប់​គូប្រជែង​កៅអី​កំពូល​តារាង​ដ៏​សំខាន់​ពេលនេះ បាន​បន្ថយ​មក​នៅ​ត្រឹម ២​ក្រុម​ប៉ុណ្ណោះ គឺ​ក្រុម​បឹងកេត និង​ណាហ្គា​វើ​ល តែ​ក្រុម​វិសាខា និង​ក្រសួង​ការពារ​ជាតិ​ក៏​នៅតែ​មានឱកាស​ផង​ដែរ។



​ចំណែក​លទ្ធផល ៤​ប្រកួត​ផ្សេងទៀត រួមមាន​ក្រុម​ក្រសួងការពារជាតិ បាន​ត្រឹម​ប្រកួត​ស្មើ​ក្រុម​សូល​ទី​ឡូ​អង្គរ ២-២ ធ្វើ​ឲ្យ​ការពារ​ជាតិ​បន្ដ​ឈរ​លេខ​៤ និង​មាន ៣៥​ពិន្ទុ គ្រា​ដែល​ក្រុម​ភ្នំពេញ​ក្រោ​នលត់​ក្រុម​ម្ចាស់ផ្ទះ​អគ្គិសនី​កម្ពុជា ៤-០ ដើម្បី​ពង្រឹង​កៅអី​លេខ​៥ មាន ២៧​ពិន្ទុ។ ក្រុម​អង្គ​រថា​យ​ហ្គឺ​របាន​សងសឹក​ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​វិញក្នុង​លទ្ធផល ៣-១ បន្ទាប់ពី​ចាញ់​ក្រៅ​ដី ២-១ និង​ក្រុម​អាស៊ី​អឺរ៉ុបបាន​បន្ដ​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង ៦-១ ក្រោយ​យកឈ្នះ​ក្នុង​ដី ២-១៕
​អត្ថបទ៖ លី ឈុន​ឡា