បុគ្គលិក​​សង្គ្រោះ​ជាង ៣​ម៉ឺន​នាក់​ប្រឹង​ប្រែង​ទប់​ស្កាត់​​ចំហេះ​ព្រៃ​មួយ​ចំនួន​​​នៅ​សហរដ្ឋ​អាមេរិក​

100

អាមេរិក៖ ភ្លើង​ឆេះ​ព្រៃ​ថ្មីៗ​ ៦​កន្លែង​ធំ​ៗ​កើត​ឡើង​​​នៅ​សហរដ្ឋ​អាមេរិក​ ជំរុញ​ឲ្យ​មាន​ចំនួន​នៃ​ការ​ឆាប​ឆេះ​​យ៉ាង​សកម្ម​ធំ​ៗ​​ នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​​កើន​ឡើង​​ជាង ១០០​កន្លែង​ ដែល​គេ​រំពឹង​ថា​នឹង​មាន​ការ​ឆេះ​រាល​ដាល​​បន្ថែម​ទៀត​ ព្រោះ​ថា ​ការ​ឆាប​ឆេះ​​ទាំង​នោះ​​បង្ក​ឡើង​ដោយ​រន្ទះ​បាញ់​ទៅ​លើ​​តំបន់​រាំង​ស្ងួត នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​អាជ្ញាធរ​​​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

យោង​តាម​​មជ្ឈមណ្ឌល​​សម្រប​សម្រួល​អន្តរ​ទីភ្នាក់ងារ​​ជាតិ​ឲ្យ​ដឹង​ថា បុគ្គលិក​ជាង ៣​ម៉ឺន​នាក់​ក្នុង​ចំណោម​នោះ​​ មាន​ទាំង​កង​កម្លាំង​ពន្លត់​​អគ្គិភ័យ ​ចេញ​មក​ពី​​គ្រប់​កន្លែង​ទូទាំង​​សហរដ្ឋ​អាមេរិក និង​ជិត​ ១៤០​នាក់​​ទៀត​មក​ពី​ប្រទេស​អូស្ត្រាលី និង​នូវែលហ្សេឡង់​ កំពុង​ប្រឹង​ប្រែង​​ទប់​ស្កាត់​​អណ្ដាត​ភ្លើង​ឆេះ​ ដែល​បាន​​បន្ត​រាល​ដាល​​ក្នុង​ទំហំ​ផ្ទៃ​ដី​ជាង ៦សែន ៤ម៉ឺន ៨ពាន់​ហិកតា។ ​ចំហេះ​ព្រៃ​បាន​ឆាប​ឆេះ​​តាម​រដ្ឋ​មួយ​ចំនួន ​ចាប់​ពី​រដ្ឋ​វ៉ាស៊ីនតោន​រហូត​ដល់​​រដ្ឋ​ញូវម៉ិកស៊ីកូ​ ដោយ​មាន​ទាំង​​រដ្ឋ​កាលីហ្វ័រញ៉ា ​ក្នុង​ចំណោម​រដ្ឋ​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ។

វីដេអូ​បាន​បង្ហាញ​​រូប​ភាព​ឆ្មាំ​ជាតិ​​រដ្ឋ​កាលីហ្វ័រញ៉ា​ និង​អាការ​យានិក​ឆ្មាំ​ជាតិ​អាមេរិក ​ធ្វើ​ប្រតិបត្តិការ​​ស្រោច​ទឹក​​​​លើ​បរិវេណ​ចំហេះ​ព្រៃ​ ដែល​មាន​ឈ្មោះ​ថា មែនដូស៊ីណូ ដែល​បាន​ឆេះ​ព្រៃ​ឈើ​ចំនួន ១សែន ៣ម៉ឺន ២​ពាន់​ ៨២៨​ហិកតា​ សរុប​ផ្ទៃ​ដី​​ឆាប​ឆេះ​​ធំ​ជាង​ទីក្រុង​ហុងកុង​គិត​ត្រឹម​ថ្ងៃ​សៅរ៍​​កន្លង​ទៅ​។ ចំហេះ​​ព្រៃ​មែនដូស៊ីណូ បច្ចុប្បន្ន​ត្រូវ​ចាត់​ទុក​ថា ជា​មហន្តរាយ​ភ្លើង​ព្រៃ​​ដ៏​ធំ​បំផុត​​មិន​ធ្លាប់​មាន​​ពី​មុន​មក ​​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​មួយ​នេះ៕​

អត្ថបទ៖ រិទ្ធី