សម្តេច​តេជោ ​ហ៊ុន​ សែន ​សាទរ​បំណង​របស់​លោក ​ចាន់​ណាវ​ង្ស ​ដែល​ចង់​បង្កើត​សាកលវិទ្យាល័យ​នៅ​កម្ពុជា ​និង​ចង់​សរសេរ​សៀវភៅ​ស្តីពី​ប្រវត្តិ​របស់​សម្តេច

79

ភ្នំពេញ​៖ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយករដ្ឋ​មន្ត្រី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​ ស្វាគមន៍​ចំពោះ​បំណង​របស់​ប្រធាន​មជ្ឈ​មណ្ឌល​ត្រៀម​បង្ការ​គ្រោះ​មហន្តរាយ​អាស៊ី ​ដែល​ចង់​បង្កើត​សាកលវិទ្យាល័យ​នៅ​កម្ពុជា​ និង​អំពី​បំណង​ចង់​សរសេរ​ពី​ប្រវត្តិ​របស់​សម្តេច​ ព្រម​ទាំង​របាយការណ៍​ ស្តីអំពី​ការ​ងារ​របស់​មជ្ឈ​មណ្ឌល​ត្រៀម​បង្ការ​គ្រោះ​មហន្ត​រាយ​អាស៊ី​ និ​ង​រីករាយ​ដែល​ប្រធាន​មជ្ឈ​មណ្ឌល​រូប​នេះ​ បាន​សាទរ​ជាមួយ​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​មាន​ស្វាគមន៍​បែប​នេះ​ ខណៈ​អនុញ្ញាត​ឱ្យ​វេជ្ជ​បណ្ឌិត ​ក្រាស៊ែ ​ចាន់​ណាវង្ស ​(Krasae Chanawongse) ​ប្រធាន​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះ​មហន្តរាយ​អាស៊ី ​ចូល​ជួប​សំដែង​ការ​គួរ​សម ​និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​ នា​ព្រឹក​ថ្ងៃ​ទី​១៣ សីហា​នេះ​ ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយ​ការ​ផ្ទាល់​សម្តេច​តេជោ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ នៅ​ក្នុង​ជំនួប​នេះ ​លោក​ ក្រាស៊ែ ​បាន​សាទរ​ជាមួយ​សម្តេច​ចំពោះ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ដែល​សម្រេច​បាន​លទ្ធផល​ដ៏​ត្រចះ​ច្រង់​ និង​បង្ហាញ​ពី​បំណង​ដែល​ចង់​សរសេរ​សៀវភៅ​ពី​ប្រវត្តិ​រប​ស់សម្តេច​ក៏​ដូច​ជា​ការងារ​នៃ​មជ្ឈ​មណ្ឌល​ត្រៀម​បង្ការ​គ្រោះមហន្ត​រាយ​អាស៊ី​ផង​ដែរ​។

អ្នក​នាំ​ពាក្យ​បាន​បន្ត​ឱ្យ​ដឹង​ដែរ​ថា​ ជា​ការ​ឆ្លើយ​តប​ សម្តេច​តេជោ ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​តាម​ដាន​របស់​ឯកឧត្តម ​ទៅ​លើ​ការ​បោះឆ្នោត​ និង​អបអរ​សាទរ​ចំពោះ​លទ្ធផល​ នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា​កន្លង​មក​នេះ។​

សម្តេច​ក៏​បាន​ថ្លែង​អំណរ​គុណ​ជូន​ លោក​ ចាន់​ណាវង្ស ​អំពី​ការ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​ចង់​សរសេរ​ ពីប្រវត្តិ​របស់​សម្តេច ​និង​បាន​ជំរាប​ជូន​លោក​ចាន់​ណាវង្ស ​ពី​ការ​ត្រៀមរ​បស់​កម្ពុជា ​ក្នុង​នាម​ជាស​មាជិក​របស់​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​អាស៊ី ​នោះ​គឺ​សភាក​ម្ពុជា​ បាន​ផ្តល់​សច្ចាប័ន​រួចរាល់​ហើយ​ក្នុង​ការ​ចូលរួម​ជា​សមាជិក​របស់​មជ្ឈ​មណ្ឌល​នេះ ​ហើយ​កម្ពុជា​ក៏មាន​គណៈកម្មការ​បង្ការ​គ្រោះ​មហន្តរាយ​ផង​ដែរ ​ដែល​យន្ត​ការ​នេះ ​នឹង​អាចទៅ​ជាសា​ខាមួយ​សម្រាប់​ជា​ផ្នែក​មួយ​នៃមជ្ឈ​មណ្ឌល​ត្រៀម​បង្ការ​គ្រោះ​មហន្ត​រាយ​អាស៊ី​នេះ។​ ជាមួយនេះគឺ​កម្ពុជា ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​ក្នុង​នាម​ជា​សមាជិក​គណៈកម្មការ​នេះ។​ ដោយ​ឡែក​ចំពោះ​ការ​ផ្តល់​អាហារូបករណ៍​ ១០​កន្លែង ​ដល់​និស្សិត​កម្ពុជា ​ពី​សំណាក់​លោក ​ចាន់​ណាវង្ស ​ឱ្យទៅ​សិក្សា​នៅប្រទេស​ថៃ ​ សម្តេច​ក៏​បាន​ថ្លែង​អំណរ​គុណ​ជូន​ចំពោះលោក​ចាន់ណាវង្ស ​ដោយ​សម្តេច​ថា ​នេះ​ជា​កត្តា​សំខាន់​សម្រាប់​កម្ពុជា ​ព្រោះ​កម្ពុជា ​កន្លង​មក​ គឺ​ទទួល​ជោគ​ជ័យ​ដោយសារ​កាបណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ បានល្អ​ៗ​ ហើ​យ​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​សាកល​វិទ្យាល័យរ​បស់​ លោក ​ចាន់ណាវង្ស ​នៅក្នុង​ប្រទេស​កម្ពុជា ​សម្តេច​បាន​ស្វាគមន៍​ដោយ​រីករាយ​ ៕