កែវ សំរិទ្ធ ឈ្នះ ធា នុ​រាជ ខណៈ​ អេ​រ៉ា​វ៉ាន់ ចាន់​រាជ ចាញ់ ឡុង ខេត្ត

​កែវ សំរិទ្ធ អ្នក​ប្រដាល់​ស្រករ​ក្រោយ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ឈ្នះ​ពិន្ទុ អ្នក​ប្រដាល់​ជើងចាស់​ ធា នុ​រាជ ក្លិប​មកុដ​រាជសីហ៍ ដោយ​ពិន្ទុ​ប្រផុតប្រផើយ នៅ​ក្នុង​ការជួប​ប្រកួត​គ្នា ​កាលពី​ថ្ងៃទី​២៣​ ខែ​សីហា​ ឆ្នាំ​២០២០ លើ​សង្វៀន​ខា​រ៉ា​បាវ​របស់​ទូរទស្សន៍​បាយ័ន។ អ្នក​ប្រដាល់​ទាំង​២​រូបនេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម។​

នៅក្នុង​ការប្រកួត​ប្រាំ​ទឹក​ពេញ​នោះ ធា នុ​រាជ គេ​បាន​ខិតខំ​ប្រើ​ស្នៀត​ប្រចាំត្រកូល​ គឺ​ទា​ត់​បក​ក្រោយ និង​កែង​សក​ស្លាប​(​កែង​បក​)​ច្រើន​ណាស់​ដែរ ប៉ុន្តែ​ពុំបាន​សម្រេច​ឡើយ ​ដោយ​ត្រូវ ​កែវ សំរិទ្ធ គេ​ដឹង​មុន ​បាន​រង​ជាប់ ហើយ​ថែមទាំង​វាយបក​វិញ ដែល​ធ្វើឲ្យ ​ធា​នុ​រាជ​ ចាញ់​ពិន្ទុ​ប្រផុតប្រផើយ។ ក្រោយ​បញ្ចប់​ការប្រកួត គឺ​ កែវ សំរិទ្ធ ឈ្នះ ធា នុ​រាជ ​ដោយ​ពិន្ទុ។​

ឡុង ខេត្ត អ្នក​ប្រដាល់​ជើងចាស់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ​អេ​រ៉ា​វ៉ាន់ ចាន់​រាជ ក្លិប​កុសល​កីឡា​ដោយ​ពិន្ទុ​ដាច់​តែម្តង ក្នុង​ការ​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ។​

អេ​រ៉ា​វ៉ាន់ ចាន់​រាជ ត្រូវ ​ឡុង ខេត្ត​ វាយឲ្យ​អាជ្ញាកណ្ដាល​រាប់​៨ ​នៅ​ក្នុង​ទឹក​ទី​៣ ដោយសារ​ត្រូវ​ជង្គង់​របស់ ​ឡុង​ ខេត្ត។ ​បន្ទាប់ពី​បន្ត​ការប្រកួត​ទៀត​នោះ ក្នុង​ទឹក​ទី​៤ ចាន់​រាជ ក៏​ត្រូវ​ ឡុង ខេត្ត ដាល់​ចូល​ពោះ​ទឹក បណ្តាលឲ្យ​ដួល​សន្លប់​លែង​ក្រោក​តែម្ដង។

សយ សុខ អ្នក​ប្រដាល់​ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ សេក គឹម សាន្ត អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្ត​សៀមរាប។ អ្នក​ប្រដាល់​ទាំង​២​រូបនេះ ប្រកួត​គ្នា​៥​ទឹក​ពេញ ​ដោយ​ទាំង​សង​ខាង​ សុទ្ធតែ​វាយ​ចូលគ្នា​ទៅវិញទៅមក​ និង​រាង​ទ្រម​ខ្លួន​ដូចគ្នា។​ ពួកគេ​ទាំងពីរ​នាក់ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។​

ចំណែក លីន ប៊ុន​ណា​រិ​ទ្ធ ក្លិប​កីឡាប្រដាល់​កងយោធពលខេមរភូមិន្ទ ត្រូវ​ នឿន ជី​វ៉ន ក្លិប​កំរៀង​សែន​ជ័យ ខេត្ត​បាត់ដំបង វាយ​ឲ្យ​បោះបង់​ការប្រកួត​ទឹក​ទី​២ នៅក្នុង​ការ​ជួបគ្នា​ប្រភេទ​ទម្ងន់​៥១​គីឡូ​ក្រាម៕
អត្ថបទ ៖ ​វិ​សិទ្ធ​