សម្ដេចតេជោ ហ៊ុន សែន ប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងប្រភេទនេះដល់ កុមារអាយុ ៦-១២ ឆ្នាំ ជិត ២ លាននាក់

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៥ ខែកញ្ញានេះ បានប្រកាសបើកយុទ្ធនា​ការ​ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដល់កុមារ ដែលមានអាយុ ៦ ឆ្នាំ ដល់ ១២ ឆ្នាំ នៅព្រឹកថ្ងៃទី ១៧ ខែ​កញ្ញា នៅវិមានសន្តិភាព។
ការសម្រេចបែបនេះ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ដើម្បីឈានទៅបើកសលារៀនថ្នាក់​បឋម សិក្សា​បន្តទៀត បន្ទាប់ពីការបើកថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យថ្ងៃនេះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រទេសនានាបានសិក្សា និងបានចាក់វ៉ាក់សាំង ទៅ​លើក្មេង​អាយុក្រោម ១២ ឆ្នាំរួចហើយដែរ ខណៈបញ្ហាវ៉ាក់សាំង មិនមែនជាបញ្ហាលំបាកទេ ម្ខាងគឺវ៉ាក់​សាំង​អនុញ្ញាត​ឱ្យចាក់ ឯម្ខាងទៀតយើងមានវ៉ាក់សាំងក្នុងដៃរួចជាស្រេចហើយ ខណៈចំនួនកុមារអាយុ ៦-១២ឆ្នាំ មានជិត ២ លាននាក់ (១,៨ លាន)។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការបើកយុទ្ធនាការនេះ គឺត្រូវធ្វើនៅក្របខណ្ឌទូទាំងប្រទេស ដែលសម្ដេច នឹងចូលរួមបើកនៅឯវិមានសន្តិភាព នៅថ្ងៃសុក្រ សប្តាហ៍នេះដូចពេលដែលចាក់ ឱ្យ​កុមារ និងយុវវ័យកាលពីពេលមុន ហើយសម្ដេចនឹងថ្លែងសន្និសីទសារព័ត៌មាន។
បើតាម សម្ដេចតេជោ ហ៊ុន សែន មិនមានបញ្ហាទេ ដោយសារមានក្រុមគ្រូពេទ្យ និងវ៉ាក់សាំង​ស៊ីណូវ៉ាក់​សម្រាប់ចាក់គ្រប់គ្រាន់ហើយ។

សម្ដេចតេជោ ហ៊ុន សែន ក៏ស្នើឱ្យគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង ក្របខណ្ឌទូទាំងប្រទេស អភិបាលរាជធានីខេត្ត រៀបចំបែងចែកវ៉ាក់សាំង និងក្រុមគ្រូពេទ្យ ដើម្បីអនុវត្តនូវការចាក់វ៉ាក់សាំងសម្រាប់កុមារ អាយុ ៦ ដល់ ១២ ឆ្នាំ ដែលមានជាង ១,៨ លាននាក់៕

អត្ថបទពី៖ កម្ពុជាថ្មី

កែសម្រួលដោយ៖ Ha Ti