ប្រមុខរាជរដ្ឋាភិបាល ៖ ករណី​បំផ្ទុះគ្រាប់រំសេវកែច្នៃនៅ​សៀម​រាប មិនពាក់ព័ន្ធនឹងការបោះឆ្នោតទេ

នៅ​​ក្នុងពិធីចែកសញ្ញាបត្រ ជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ​២​ពាន់នាក់ ​នាព្រឹកថ្ងៃទី ១៣ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន ​នា​យករដ្ឋមន្ត្រី​នៃកម្ពុជា បាន​លើកឡើងថា ករណី​បំផ្ទុះគ្រាប់រំសេវកែច្នៃ នៅ​សៀម​រាប ក្នុងថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត មិនពាក់ព័ន្ធនឹងការបោះឆ្នោតទេ​ នោះគឺ​ជា​រឿង​គំនុំបុគ្គល។​

សម្តេច​តេជោ ហ៊ុន សែន​ បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំយកឱកាសនេះ ​ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋកម្ពុជា ដែលជាង ៨០ ភាគរយ នៃអ្នក​ដែលបាន​ចុះឈ្មោះបោះឆ្នោត​ បានចេញទៅបោះឆ្នោត ប្រកប​ដោយភាពស្ងាត់ស្ងៀម អព្យាក្រឹត្យភាព​ខាងនយោបាយ សេរី និងយុត្តិធម៌ សូម្បីតែ​អ្នកណាថា​ម៉េច ក៏ថា​​ទៅ ​តែលទ្ធផលវាចេញមក​បែបនេះ»។​ សម្តេចថា ការហែរក្បួន​​អត់មានគប់គ្នា អត់ប៉ះទង្គិចគ្នា អត់វ៉ៃគ្នា ជេរបញ្ចោគ្នានោះទេ។

បើតាមសម្តេច​តេជោ ហ៊ុន សែន ​ពិតណាស់ថា នៅ​ល្ងាច​ថ្ងៃទី ៣ ខែមិថុនា ដែលជាថ្ងៃបិទការឃោ​សនា មានការបោះគ្រាប់បែកច្នៃមួយនៅខេត្តសៀមរាប តែឥឡូវចាប់បានហើយ នោះគឺជាករណីគំនុំគ្នា។ «ពួកគេមានគំនុំជាមួយគ្នាសោះ បែរជាទៅបោះគ្រាប់បែកគ្រប់​ធ្វើឲ្យផ្ទុះ ប៉ុន្តែករ​ណី​នេះ វាអត់មានឥទ្ធិពល វាអត់មានទំនាក់ទំនងអីជាមួយការបោះឆ្នោតទេ ហើយករណីនេះ ទោះបីជាមិនបោះឆ្នោតក៏វាកើតឡើងដែរ ហើយករណីនេះមិនមានការស្លាប់ ឬរបួសអ្នកណាទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេតេជោនាយករដ្ឋមន្ត្រី។

សម្តេច​តេជោ ហ៊ុន សែន ​អះអាងថា ​ក្នុងចំណោមគណបក្សទាំងអស់ចំនួន ១៧ ដែល​បាន​ចូលរួម​ការបោះឆ្នោត សុទ្ធតែទទួលបានសន្លឹកឆ្នោតទាំងអស់ ទោះតិចក្តីទោះច្រើនក្តី។ ជាមួយគ្នានោះ សម្ដេច​បានអរគុណ​ចំពោះប្រជាពលរដ្ឋ ដែលបាន​អនុវត្តសិទ្ធិរបស់​ខ្លួន​ គឺសិទ្ធិជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។

សូមបញ្ជាក់ថា ​កាលពីយប់ថ្ងៃទី ៣ ខែ​មិថុនា ឆ្នាំ ​២០២២ ដែលជាថ្ងៃបិទបញ្ចប់​យុទ្ធនាការរឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២​ មាន​ករណីបំផ្ទុះគ្រាប់រំសេវកែច្នៃ នៅមុខស្នាក់ការគណបក្ស​ប្រជាជនកម្ពុជា ស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប​។ ក្រោយករណីនេះ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យពីរនាក់​​ ទី១. ឈ្មោះ សេង សុកន អាយុ ​១៨ឆ្នាំ នៅប្រទេសថៃ ស្នាក់នៅផ្ទះជួលសង្កាត់ថ្វាយដង្គុំ និងទី២. ឈ្មោះ រ៉ន ដារ៉ុង អាយុ ២០ឆ្នាំ ជាសិស្សរៀនជួសជុលម៉ូតូ ស្រុកកំណើតនៅស្រុកសូទ្រនិគម ខេត្តសៀម​រាប ស្នាក់នៅផ្ទះជួលក្នុងភូមិសាលាកម្រើក សង្កាត់សាលាកម្រើក ក្រុងសៀមរាប៕

អត្ថបទពី៖ KPT