មនុស្សជាច្រើននាក់បានស្លា.ប់និងបាត់ខ្លួន ក្រោយភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាននៅ សេអ៊ូល

អាជ្ញាធរបាននិយាយនៅថ្ងៃអង្គារនេះថា មនុស្សយ៉ាងហោចណាស់ ៧ នាក់បានស្លាប់នៅក្នុងទីក្រុងសេអ៊ូល និងតំបន់ទីប្រជុំជនផ្សេងទៀតរបស់កូរ៉េខាងត្បូង ដោយសារតែភ្លៀងធ្លាក់ខ្លាំងពេញមួយយប់បានផ្តាច់ចរន្តអគ្គិសនី ខណៈផ្លូវថ្នល់ និងរថភ្លើងក្រោមដីក៏ជន់លិចដូចគ្នា ។

ទីស្នាក់ការកណ្តាលប្រឆាំងគ្រោះមហន្តរាយ និងសុវត្ថិភាពបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥ នាក់បានស្លាប់នៅក្នុងទីក្រុងសេអ៊ូល និង ២ នាក់ទៀតនៅក្នុងខេត្ត Gyeonggi គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃអង្គារនេះ ដោយនៅក្នុងនោះមនុស្ស​ ៤ ​នាក់​បាន​ស្លាប់​ បន្ទាប់​ពី​ជាប់​ក្នុង​អគារ​លិច​ទឹក ម្នាក់ឆក់ចរន្ត​អគ្គិសនី ​ម្នាក់ស្លាប់​នៅ​ក្រោម​កម្ទេចកម្ទី​នៃ​ចំណត​រថយន្ត​ក្រុង និង​ម្នាក់​ទៀត​ស្លាប់​ក្នុង​ការ​រអិល​បាក់​ដី ហើយរហូតមកដល់ពេលនេះយ៉ាងហោចណាស់មនុស្ស ៩ នាក់នៅក្នុងតំបន់បានរងរបួស ខណៈ ៦ នាក់កំពុងបាត់ខ្លួននៅឡើយ ។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលដកស្រង់ប្រភពពីរដ្ឋបាលឧតុនិយមកូរ៉េ (KMA) បានឲ្យដឹងថា ភាគខាងត្បូងនៃទីក្រុងសេអ៊ូលបានទទួលរងនូវកម្រិតទឹកភ្លៀងលើសពី ១០០ មីលីម៉ែត្រក្នុងមួយម៉ោងកាលពីល្ងាចថ្ងៃចន្ទ ដោយផ្នែកខ្លះនៃទីក្រុងមានកម្រិតទឹកភ្លៀងរហូតដល់ ១៤១.៥ មីលីម៉ែត្រ ដែលជាភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់ក្នុងរយៈពេល ៨០ឆ្នាំ។

ភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងសេអ៊ូលមានកម្រិត ៤២០ មីលីម៉ែត្រ គិតត្រឹមម៉ោង ៥ ព្រឹកថ្ងៃអង្គារនេះ ខណៈនៅក្នុងសង្កាត់ Gangnam អគារមួយចំនួនមិនមានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីត្រូវបានជន់លិច ។ ចំណែកហាងមួយចំនួន រថយន្ត ឡានក្រុង និងស្ថានីយ៍រថភ្លើងក្រោមដី និងហាងមួយចំនួនក៏ត្រូវបានលិចទឹកដូចគ្នា និងកំពុងធ្វើឲ្យអ្នកដំណើរជាប់គាំងផងដែរ ។

ទន្ទឹមនោះ KMA ក៏បានចេញការព្រមានអំពីការបន្តភ្លៀងធ្លាក់ខ្លាំងនៅទូទាំងរាជធានី និងតំបន់ទីប្រជុំជន ព្រមទាំងផ្នែកខ្លះនៃខេត្ត Gangwon និងខេត្ត Chungcheong រហូតយ៉ាងហោចណាស់ដល់ថ្ងៃពុធ ខណៈការណែនាំបែបនេះធ្វើឡើង នៅពេលដែលទឹកភ្លៀងត្រូវបានព្យាករណ៍ថានឹងមានកម្រិតលើសពី ៦០ មីលីម៉ែត្រក្នុងរយៈពេល ៣ ម៉ោង ឬ ១១០ មីលីម៉ែត្រក្នុងរយៈពេល ១២ ម៉ោង ៕

អត្ថបទពី៖ KPT