កិច្ចប្រជុំកំពូលអាស៊ាន ៖ បញ្ជីឯកសារសមិទ្ធផលប្រហែល ១០០ នឹងត្រូវកត់សម្គាល់ និងអនុម័ត!

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងត្រូវអនុម័ត និងកត់សម្គាល់នូវបញ្ជីឯកសារសមិទ្ធផលដ៏វែងប្រហែល ១០០ឯកសារ ដើម្បីជាមគ្គុទេសក៍សម្រាប់សកម្មភាព និងសហប្រតិបត្តិការរបស់អាស៊ាន នាពេលខាងមុខ។

ការឲ្យដឹងខាងលើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បានអញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ (Opening Ceremony of the 40th and 41st ASEAN Summits) ជាផ្លូវការ ដោយមានការយាង អញ្ជើញចូលរួមពីមេដឹកនាំកំពូលរបស់អាស៊ាន នៅសណ្ឋា​គារសុខាភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ដោយឆ្នាំ ២០២២ នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធជាមួយដៃគូ នឹងផ្តល់នូវដំណោះស្រាយ ដើម្បីសម្រេចនូវសមិទ្ធផល និងអាទិភាពគន្លឹះសម្រាប់ឆ្នាំ ២០២២ របស់អាស៊ាន និងផ្សារភ្ជាប់ជាមួយនឹងទិសដៅសហប្រតិបត្តិការ នាពេលអនាគត។

បើតាមសម្ដេចតេជោ ហ៊ុន សែន «ក្នុងកិច្ចប្រជុំទាំងនេះ យើងនឹងអនុម័ត និងកត់សម្គាល់នូវបញ្ជីឯកសារសមិទ្ធផលដ៏វែងចំនួនប្រហែល ១០០ឯកសារ ដើម្បីជាមគ្គុទេសក៍សម្រាប់សកម្មភាព និងសហប្រតិបត្តិការរបស់យើង នាឆ្នាំតទៅមុខ»។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងបន្តថា នាថ្ងៃខានស្អែកនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចសន្ទនាសកលអាស៊ានលើកទី ២ ដើម្បីចែករំលែកទស្សនៈស៊ីជម្រៅ និងពិភាក្សាលើទិសដៅឆ្ពោះទៅកាន់ការស្តារសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងការកសាងអាស៊ានប្រកបដោយចីរភាព និងភាពធន់ ក្នុងសម័យកាលក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នកទាំងអស់គ្នា អាចចូលរួមស្ដាប់ទស្សនៈពីមេដឹកនាំ និងដៃគូអាស៊ាន ក៏ដូចជាការយល់ឃើញពីស្ថាប័នអន្តរជាតិ និងតំបន់ តើតំបន់អាស៊ានអាចឆ្លងកាត់បញ្ហាប្រឈម និងកសាងសហគមន៍កាន់តែរឹងមាំសម្រាប់គ្រប់ៗគ្នា បានយ៉ាងដូចម្តេច?៕

អត្ថបទពី៖ KPT