សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមនៅបរិវេណវិមានឈ្នះ-ឈ្នះ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំឱ្យឆ្លាក់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅបរិវេណវិមានឈ្នះ-ឈ្នះ ដើម្បីទុកជាមរតកឱ្យកូនចៅជំនាន់ក្រោយ ។

សម្តេចតេជោ ហ៊ុន សែន ពេលផ្តើមបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៩ ខែឧសភានេះ បានមានប្រសាសន៍ដោយមោទកភាពយ៉ាងខ្លាំងចំពោះជោគជ័យដ៏ធំធេង នៃភាពជាម្ចាស់ជាម្ចាស់ ផ្ទះស៊ីហ្គេម លើកទី៣២ របស់កម្ពុជា ដោយសម្តេចបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រអាស៊ាន ។

សម្ដេចតេជោ បានធ្វើការណែនាំឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ចាត់ចែងរៀបចំឆ្លាក់លើផ្ទាំង សិលា នៅឯបរិវេណវិមានឈ្នះ-ឈ្នះ នូវព្រឹត្តិការណ៍ស៊ីហ្គេមដ៏អស្ចារ្យ ដែលកម្ពុជា​ធ្វើបានដោយ​ជោគជ័យ ដើម្បីទុកជាមរតកឱ្យកូនចៅទៅថ្ងៃក្រោយ​ ដោយមានទាំងផលិតជាវីដេអូរួមមួយ និងធ្វើជាវីដេអូទៅតាម ជំនាញ នៃវិញ្ញាសានីមួយៗផងដែរ។ មោទនភាពជាតិខ្មែរ សម្រាប់ស៊ីហ្គេមនេះ គឺធំធេងណាស់។

សម្តេចតេជោ បានបញ្ជាក់ទៀតថា ក្នុងឋានៈជាម្ចាស់ផ្ទះ កម្ពុជា បានធ្វើកិច្ចការដ៏ល្អ។ ជាជោគជ័យ ដ៏ធំដែលមិននឹកស្មានដល់។ នេះជាមោទនភាពជាតិដ៏ធំ ដែលបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ អាស៊ាន ហើយវាក៏ដូចជាកំណែទម្រង់មួយដែរ តាមរយៈកម្ពុជា ​ដែលនឹងធ្វើឲ្យអ្នករៀបចំក្រោយ ត្រូវតែគិតគូរឡើងវិញថា បើកម្ពុជាក្រប៉ុណ្ណឹង មិនយកប្រាក់ ​បើហោចណាស់ បើអ្នកមានចិត្ត ក៏មិនយកប្រាក់ពីកម្ពុជាវិញដែរ ដែលជាបដិការ។ ក៏ប៉ុន្តែ បើសមាជិកអាស៊ាន ស៊ីហ្គេម លើកលែងការ​មិនយកប្រាក់អស់ទាំងនោះ វាក៏បង្កើតនូវស្ថានភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋ​នៅក្នុងក្របខណ្ឌអាស៊ានទាំងមូលផងដែរ។

សម្ដេចបានបញ្ជាក់ផងដែរថា ​ការមិនយកប្រាក់នេះ ​មិនមែនជាបញ្ហាដាច់ដោយឡែកទេ​ ប៉ុន្តែជា បញ្ហាសម្រាប់ពិចារណាឱ្យមានការធ្វើបច្ចុប្បន្នភាព​ និងអំពីដំណើរការទៅមុខ សម្រាប់​សមាហរណកម្ម អាស៊ាន៕

អត្ថបទពី៖ BTV