ផលិតករ​ភាពយន្ត ជប៉ុន គ្រោង​ផលិត​ភាពយន្ត​ក្នុងប្រទេស​កម្ពុជា​

115

ភ្នំពេញ៖ ក្នុង​ឱកាស​ប្រារព្ធ​កម្មវិធី​មហោស្រព​ភាពយន្ត ជប៉ុន លើក​ទី​៤ ២០១៨ លោក ខូ​ឈិ អ៊ី​ជិ​ហា​ស៊ី​ក (Koji ichihashi) ផលិតករ​ភាពយន្ត ជប៉ុន គ្រោង​ផលិត​ភាពយន្ត​ក្នុងប្រទេស​កម្ពុជា នាពេល​ខាងមុខនេះ​។​

​​លោក ខូ​ឈិ អ៊ី​ជិ​ហា​ស៊ី​ក (Koji ichihashi) បន្តថា កិច្ច​សហប្រតិបត្តិ​រវាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប ជាមួយនឹង​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា លោក​បាន​នាំយក​ខ្សែភាពយន្ត ដែលមាន​ចំណងជើង​ថា ឈុត​មរណៈ យកមក​បញ្ចាំង​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​ជប៉ុន លើក​ទី​៤ ប្រចាំឆ្នាំ​២០១៨ ខ្សែភាពយន្ត​មួយ​នេះ បានដាក់​បញ្ចាំង​នៅ​ប្រទេស​ជប៉ុន ប្រមាណ​ជាង​៣០០​រោងភាពយន្ត ហើយ​យកទៅ​បញ្ចាំង​នៅក្រៅ​ប្រទេស ជាង​៦០​ប្រទេស​។ សម្រាប់​ប្រទេស​កម្ពុជា ជា​លើកដំបូង​សម្រាប់​រូបលោក​។

ខ្សែភាពយន្ត​ដែល​យកមក​បញ្ចាំង​ក្នុង​មហោស្រព​ភាពយន្ត​ក្នុងប្រទេស​កម្ពុជា​នេះ ទទួលបាន​ជោគជ័យ​ខ្លាំង នឹង​រកប្រាក់​ចំណូលរ​ហូត​ដល់​២.៧​លាន​ដុល្លារ​អាមេរិក (​លុយ​យ៉េន ប្រហែល​ជាង​៣០​លាន​យ៉េន​)​។ ផលិតឡើង​អស់​ថវិកា តិចតួច​ជាទី​ផុត គឺ​ជាង​២៧០០០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ ការ​បញ្ចាំងភាពយន្ត​សម្រាប់​ថ្ងៃនេះ ធ្វើឡើង​ក្នុង​គោលបំណង​ចែករំលែក​នូវ​បទពិសោធន៍​របស់​ផលិតករ ជប៉ុន ព្រោះថា ខ្សែភាពយន្ត​ដែល​ត្រូវ​ចាក់​បញ្ចាំង​នាពេលនេះ ជា​ខ្សែភាពយន្ត​ដែល​ចំណាយ​ទាប​បំផុត ក្នុងប្រទេស​ជប៉ុន តែ​ទទួលបាន​ការគាំទ្រ​ច្រើន​បំផុត​។​

​​លោក​បន្ថែមទៀតថា ខ្សែភាពយន្ត​នេះ គឺ​ផលិតឡើង​ក្នុង​សាលា​របស់លោក ដែល​លោក​កំពុង​បង្រៀន គ្មាន​បំណង​ជាការ​រកប្រាក់​ចំណូល​នោះទេ ប៉ុន្តែ​ក្រោយ​ផលិត​រួច ភាពយន្ត​មួយ​នេះ ទទួលបាន​ភាពជោគជ័យ​មែនទែន​។ ដូច្នេះហើយ​ទើប​លោក​សម្រេចចិត្ត​យក​ខ្សែភាពយន្ត​មួយ​នេះ ដែល​ទទួលបាន​ការគាំទ្រ​លើ​វិស័យ​ភាពយន្ត ក្នុងប្រទេស​ជប៉ុន មក​បញ្ចាំង​ជូន​ផលិតករ និង​ប្រជាជន​កម្ពុជា យល់ច្បាស់​អំពី​វប្បធម៌ អរិយធម៌ ក៏ដូចជា​ភាសា​របស់​ប្រទេស​ជប៉ុន តាមរយៈ​ខ្សែភាពយន្ត​នេះ​។

​​​ទន្ទឹមគ្នា​ដែរ លោក ប៉ុក បូរ​ក្ស ប្រធាន​នាយកដ្ឋាន​សិល្ប​ភាពយន្ត និង​ផ្សព្វផ្សាយ បាន​លើកឡើងថា ការ​បញ្ចាំងភាពយន្ត នេះ ក្រសួង​បាន​អញ្ជើញ​ផលិតករ​កម្ពុជា និង​សិស្ស និស្សិត ខាង​ផលិត​ខ្សែភាពយន្ត ជាច្រើន​នាក់ មក​ស្តាប់ និង​ទស្សនា​ខ្សែភាពយន្ត ដែលមាន​ឱកាស​ជជែក ដេញដោល​ពាក់ព័ន្ធ​នឹង​ការផលិត​ខ្សែភាពយន្ត​។ ដោយឡែក​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​កម្ពុជា ជប៉ុន លើ​វិស័យ​ភាពយន្ត​នៅមានកម្រិត​តិចតួច​នៅឡើយ​។​

​​​លោក បានបញ្ជាក់​ទៀតថា ក្នុង​ឆ្នាំ​២០១៨​ខ្សែភាពយន្ត ខ្នាត​វែង សម្រាប់​ចាក់​បញ្ចាំង​តាម​រោងភាពយន្ត ផលិតករ​កម្ពុជា ផលិត​បាន​ជិត​៣០​រឿង ក្នុងចំណោម​រឿង​ដែល​បាន​ផលិត​ទាំងអស់ ហើយ​យើង​មាន​ភាពយន្ត​មួយ​ចំណងជើង ដែល​បាន​ចេញទៅ​ទីផ្សារ​ភាពយន្ត​ខាងក្រៅ​ប្រទេស ដោយសារតែ​ចំណាយ​ក្នុងការ​ផលិត​របស់​ម្ចាស់​ភាពយន្ត​នោះ​ខ្ពស់ ហើយក៏​បំពេញតម្រូវការ​របស់​ទស្សនិកជន​បាន ហើយក៏​ទទួលបាន​ការគាំទ្រ​ឲ្យ​ចូលរួម​មហោស្រព​ភាពយន្ត ក្នុងប្រទេស​កូរ៉េ ក្នុង​ឆ្នាំ​២០១៨​នេះ​ផងដែរ​៕​