ជប៉ុន​បង្ហាញ​តំបន់​ទេសចរណ៍​ ដែល​មាន​សក្ដានុពល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ

128

ភ្នំពេញ ៖ ​ប្រធាន​ស្ថាប័ន​ទេសចរណ៍​ជាតិ​ជប៉ុន​ បាន​ថ្លែងថា ​តំបន់​សក្ដានុពល​ប្រទេស​ជប៉ុន ​ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ ដូចជា​ ផ្កា​សាគូ​រ៉ា ​ស្លឹកឈើ​ក្រហម​ ព្រឹល​ទឹកកក ជា​ពិសេស​ទីក្រុង​ធំៗ រួមមាន អូ​សា​កា (OSAKA) តូ​ក្យូ (TOKYO) ក្យូ​តូ ​(KYOTO) ​និង​តំបន់​(HOKKAIDO) ជាដើម ។

លោក អូ​ណឹ​ម៉ាក់ អេ​ហ្គូ (ONUMA EIGO) ប្រធាន​ស្ថាប័ន​ទេសចរណ៍​ជាតិ​ជប៉ុន​ប្រចាំ​ទីក្រុង​បាងកក បាន​លើកឡើង​ នៅក្នុង​ទស្សនា​ពិព័រណ៍​ ​ប្រទេស​ជប៉ុន នៅ​រាជធានី​ភ្នំពេញ ២០១៨ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ផ្សារ​ទំនើប​ អី​អន​សែន​សុខ ​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​កន្លងមក​ថា​ ព្រឹត្តិការណ៍​ដែល​បាន​រៀបចំ​ឆ្នាំនេះ គឺ​បាន​លើក​យក​ផ្កា​សាគូ​រ៉ា​ ជា​ប្រធានបទ​ដែល​កំពុង​ពេញ​និយម ​និង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ​ឲ្យ​ទៅ​ទស្សនា​នៅ​ប្រទេស​ជប៉ុន​ ក្រៅពី​ផ្កា​សាគូ​រ៉ា ​ជប៉ុន​នៅ​មាន​រដូវ​ស្លឹក​ឈើ​ក្រហម ​នៅ​រដូវ​​ស្លឹក​ឈើ​ជ្រុះ ​និង​ធ្លាក់​ព្រឹល​នៅ​រដូវ​រងារ​ជាដើម​។

លោក​ បន្តថា ​ក្រៅពី​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បែប​ធម្មជាតិ​ ប្រទេស​ជប៉ុន​មាន​ទីក្រុង​ធំៗ​ កំពុង​ទាក់ទាញ​ទាំង​៤​រដូវ​ផង​ដែរ ​ដូចជា អូ​សា​កា (OSAKA) តូ​ក្យូ (TOKYO) ក្យូ​តូ ​ជាទី​ក្រុង​ទំនើប​ទាន់​សម័យ ក្នុង​នោះ​ចំពោះ​ទីក្រុង (KYOTO) ​ជាទី​ក្រុង​បន្សល់​នូវ​វប្បធម៌​ ប្រពៃណី​ចំណាស់ៗ​ ​ជាច្រើន​។ ចំណែក​តំបន់ (HOKKAIDO) ជា​តំបន់​រុំ​ព័ទ្ធ​ទៅ​ដោយ​ធម្មជាតិ​សម្បូរ​បែប​ ដែលជា​ផ្នែក​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរជាដើម​។

នៅក្នុង​កម្មវិធី​នេះដែរ ​ឯកឧត្តម HARINOUCHI Hidehisa ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​លើកឡើង​ថា ភ្ញៀវ​ទេសចរណ៍​ជប៉ុន​ដែល​មក​ទស្សនា​នៅ​កម្ពុជា ​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំមាន ​កំណើន​ប្រមាណ​ចំនួន​២​សែន​នាក់​។ ​ចំណែក​ភ្ញៀវ​ទេសចរណ៍​កម្ពុជា​ ទៅ​ទស្សនា​នៅ​ប្រទេស​ជប៉ុន​វិញ នៅក្នុង​ឆ្នាំ​២០១៧ ​មាន​ចំនួន​១​ម៉ឺន​៨​ពាន់​នាក់​ បើ​ធៀប​ធៀប​ទៅ​ឆ្នាំ​២០១៦​ ចំនួន​មានការ​កើន​ឡើង​ប្រមាណ​៤២%​

ឯកឧត្តម​ បន្តថា ចំណែក​ខួប​លើក​ទី​៦៥ នៃ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​ជប៉ុន​ឆ្នាំនេះ​ គឺ​មិន​ត្រឹម​ជំរុញ​ដល់​ផ្នែក​សេដ្ឋកិច្ច និង​វប្បធម៌​របស់​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះ​ទេ ជា​ការ​ជំរុញ​ដល់​ផ្នែក​ទេសចរណ៍​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​បន្ថែម​ទៀត​ក្នុង​គោ​ដៅ​បន្ត​នូវ​កំណើន​ខ្ពស់​នៅ​លើ​វិស័យនេះ​៕