កសិករ​ក្នុង​ខេត្តកំពង់ចាម ​កំពុង​មមាញឹក​ដាំ​ដំណាំ​បន្លែ ​បន្ទាប់ពី​ទឹក​ស្រក

96

កំពង់ចាម ៖ ​ប្រជាកសិករ រស់នៅ​តាម​ដង​ទន្លេ​ នៃ​ស្រុក​កោះសូទិន ខេត្តកំពង់ចាម​ កំពុង​មមាញឹក បង្កបង្កើនផល ​ដំណាំ​ផ្សេងៗ​តាម​ទម្លាប់ ​ខណៈដែល​ទឹកទន្លេ ចាប់​ផ្តើម​ស្រក​ទៅវិញ ​ដែល​ការដាំដុះ​ដំណាំ ​ទាំងនោះ គឺ​ធ្វើ តាម​បែប​ធម្មជាតិ ​មិន​ប្រើប្រាស់​សារធាតុ​គីមី​នោះទេ​។

ប្រជាកសិករ រស់នៅ​តាម​ដង​ទន្លេតូច ក្នុង​ឃុំ​មហាលាភ ស្រុក​កោះសូទិន ​ខេត្តកំពង់ចាម ​បន្ទាប់ពី ទឹក​ស្រក​ បាន​នឹង​កំពុង​មមាញឹក​ក្នុង​ការ​ដាំ​ដំណាំ ដូចជា ត្រសក់ ត្រឡាច ននោង ល្ពៅ ម្រះ ស្ពៃ​ក្ងោក សណ្តែកកួរ មមាញ និង​ត្រប់វែង ជាដើម ​ដែល​ជា​ទម្លាប់ និង​អាច​លក់​យក​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

ប្រជាកសិករ ​បានឱ្យដឹងថា ​ទឹកទន្លេ​ជា​រៀងរាល់ឆ្នាំ ​បាន​លិច​ដីចម្ការ​របស់​កសិករ​តំបន់​នោះ ដែល នោះ ​គឺជា​អំណោយផល​ល្អ​បំផុត ​ដោយសារ​ទឹកបាន​នាំ​ដីល្បាប់​មក​ដាក់​លើ​ដី​ចម្ការ​ ផ្ដល់​នូវ​ជីជាតិ​សម្រាប់ ការ​ដាំ​ដំណាំ​ឱ្យ​ទទួល​បាន​ទិន្នផល​ខ្ពស់​។

ប្រជាកសិករ បានឱ្យដឹងថា ​ដំណាំ​ដែល​ពួកគេ​ដាំ គឺ​ងាយស្រួល​ក្នុង​ការលក់ ​ដោយសារ​មាន​អ្នក​មក បញ្ជា​ទិញ​ដល់​ចម្ការ​តែម្ដង ​ព្រោះថា​ ដំណាំ​មិន​ប្រើ​សារធាតុ​គីមី ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នកទទួល ​ទាន​នោះទេ​។

មន្ត្រី​ជំនាញ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ចាម ​បានឱ្យដឹងថា​ ដើម្បី​ទទួល បាន​ទិន្នផល​ខ្ពស់ កសិករ​ គប្បី​ជ្រើសរើស​ពូជ​ល្អ ធ្វើ​ដី​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ត្រូវ​ភ្ជួរ​ដី​ពីរ​បី​ដង ​ហាល​ចោល កន្លះ​ខែ​សិន ទើប​រាស់​ឱ្យ​ស្អាត ហើយ​កាប់​រណ្តៅ​ដាំ​ដោយ​ដាក់​ជីលា​មក​គោ​ទ្រាប់​បាត​ និង​ត្រូវ​ថែទាំ ស្រោច ទឹក ជ្រុំ​គល់ ​ដកស្មៅ និង​ក្ដិច​ស្លឹក​ចាស់ៗ​ចោល​ជាប្រចាំ នោះ​តែ​ក្នុង​រយៈពេល​ពី​១​ខែ​កន្លះ ទៅ​២​ខែ គឺអាច ប្រមូល​ផល​បាន​ហើយ​៕