ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​រៀបចំ “​ពិព័រណ៍​ពាណិជ្ជកម្ម​អាហារ​កែច្នៃ​ពី​កសិផល

71

ភ្នំពេញ ៖ ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា ដោយមាន​ការចូលរួម​សហការ​ពី​AT, KOTRA និង​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​​ពិព័រណ៍​​ ឧស្សាហកម្ម​កសិកម្ម ម្ហូប​អាហារ​ពី​ប្រទេស​កូរ៉េ ​និង​កម្ពុជា​នេះ ​ដោយមាន​ក្រុមហ៊ុន​ចំនួន​ជាង​២០០​ចូលរួម ក្នុង​ព្រឹត្តិការណ៍​នេះ​។

ឯកឧត្តម អូ ណាក់​យ៉ង់ (Oh Nak-Young) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ នា​ល្ងាច​ថ្ងៃទី​១៤ វិច្ឆិកា​២០១៨ ថា ​រាជរដ្ឋាភិបាល​កូរ៉េ​កំពុង​ជំរុញ​នូវ​គោលនយោបាយ​ទិសដៅ​ភាគ​ខាងត្បូង​ថ្មី ​ដើម្បី​ធ្វើការ​ពង្រឹង​នូវ​ទំនាក់ទំនង​ជាមួយ​ នឹង​ប្រទេស​អាស៊ាន​ទាំងឡាយ ហើយ​ចំណុច​សំខាន់​ នៃ​គោលនយោបាយ​នេះ គឺ​ការអនុវត្ត​ស្តីពី ​ការ​បង្កើត​នូវ​វិបុលភាព​ជារួម ​នៅក្នុង​សហគមន៍​សន្តិភាព ដោយ​ផ្តោត​សំខាន់​ទៅលើ​មនុស្ស​។

ឯកឧត្តម​ បន្តថា ក្នុង​កម្មវិធី​ពិព័រណ៍​​ ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា អ្នក​អាច​ឃើញ​ផលិតផល​កសិកម្ម​ជាច្រើន​ ដូចជា ស្វាយ ចេក និង​ស្ករត្នោត​ពី​កម្ពុជា ​ដែល​ផលិត​ដោយ​សហគ្រាស​កសិកម្ម​កូរ៉េ​។​ សមាគម​ឧស្សាហកម្ម​កូរ៉េ​នៅ​កម្ពុជា គឺជា​ការ​ប្រមូលផ្តុំ​នូវ​ក្រុមហ៊ុន​កូរ៉េ​ដែល​វិនិយោគ​លើ​វិស័យ​កសិកម្ម ​នៅ​កម្ពុជា ​ដោយ​សង្ឃឹមថា​វិស័យ​កសិកម្ម​ជាតិ ​និង​អន្តរជាតិ​ឈានមុខ​គេ​របស់​ប្រទេស​កូរ៉េ​ ក៏ដូចជា​បណ្តាញ ចែកចាយ​ត្រូវ​បាន​ផ្ទេរ​ទៅ​ឱ្យ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។

នៅក្នុង​កម្មវិធី​នេះ មាន​ក្រុមហ៊ុន​កូរ៉េ​ចំនួន​១៥ ​បានមក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ ផលិតផល​កសិកម្ម​រប​ស់​ប្រទេស​កូរ៉េ​។​

ឯកឧត្តម វេ​​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ បាន​ថ្លែងថា កម្ពុជា កូរ៉េ បាន​ទំនាក់ទំនង​ការទូត​ដែល​មាន​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​១៩៦០ ហើយ​ប្រទេស​ទាំងពីរ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដ៏​វែងឆ្ងាយ​ជាមួយគ្នា​ ដើម្បី​បង្កើន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។ ឯកឧត្តម ​បន្តថា យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​ នៃ​រដ្ឋសភា គឺ​នៅតែ​បន្ត​ការ​លើកស្ទួយ​វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាព ដែល​មាន​តួនាទី​ស្នូល​ក្នុង​ការធានា​ សន្តិសុខ​ស្បៀងអាហារ និង​វត្ថុធាតុដើម​សម្រាប់​ផលិត ​និង​កែច្នៃ​មានការ​កើន​ឡើងជា​លំដាប់​។ ​ជាក់ស្តែង​កសិផល​សរុប​សម្រាប់​នាំចេញ ក៏​មាន​ការ​កើនឡើង​ពី​៣,៦៦​លាន​តោន ក្នុង​ឆ្នាំ​២០១៣ ដល់​៥,១៤​លាន​តោន ក្នុង​ឆ្នាំ​២០១៧ ​ហើយ​តម្លៃ​បន្ថែម ​នៃ​វិស័យ​កសិកម្ម​មាន​កំណើន កើន​ដល់​២៩​ពាន់​លាន​រៀល​។

ឯកឧត្តម​ បន្តថា ដើម្បី​សម្រេច​គោលដៅ​នេះ ក្រសួង​ត្រូវ​បន្ត​កិច្ច​សហប្រតិបត្តិការ ឲ្យ​មាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា តាម​នីតិវិធី​ជា​ធរមាន​ជាមួយ​គ្រប់​ក្រសួង ​ស្ថាប័ន​ពាក់ព័ន្ធ​ អាជ្ញាធរ​ដែនដី វិស័យ​ឯកជន តាម​អភិក្រម ​រដ្ឋ​ឯកជន​ ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​។ ​ដូច្នេះ ​វត្តមាន​របស់​អ្នក​វិនិយោគ​ទាំងអស់​នាពេលនេះ គឺជា​ចលករ​មួយ​ដ៏​សំខាន់ ដើម្បី​សម្រេច​នូវ​គោលបំណង​ទាំង​អស់គ្នា​ប្រកបដោយ​ក្តីសង្ឃឹម​៕