Wayne Rooney នឹង​ពាក់អាវ​លេខ​១០​ ហើយ​ជា​ប្រធាន​ក្រុម​ពេល​ជួប​​អាមេរិក​ស្អែក​នេះ​

118

បាល់ទាត់៖ ​ថ្លែង​​ក្នុង​សន្និសីទ​មុន​ការប្រកួត ​គ្រូ​បង្វឹក​អង់គ្លេស​បច្ចុប្បន្ន​ លោក Gareth Southgate បាន​ឲ្យ​ដឹង​ថា Wayne Rooney នឹង​ពាក់អាវ​លេខ១០ ហើយ​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ពេល​ស្វាគមន៍​ក្រុម​សហរដ្ឋអាមេរិក​នៅ​ប្រកួត​ទី​១២០ និង​ជា​ប្រកួត​ចុងក្រោយ​ផង​ដែរ​នៅ​កីឡដ្ឋាន Wembley ​ស្អែក​នេះ​។

​​លោក​ Gareth Southgate ដែល​ចូល​មក​កាន់​តំណែង ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អង់គ្លេស​កាល​ឆ្នាំ២០១៦ វ័យ ៤៨​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា លោក​ជឿ​លើ​សមត្ថភាព​របស់ Rooney ថា ខ្សែប្រយុទ្ធ​រូប​នេះ​នៅ​តែ​មាន​សមត្ថភាព​ អាចទទួលភារ​កិច្ច​ជា​ប្រធាន​ក្រុម ​ជាមួយ​លេខ​អាវ​ប្រយុទ្ធ​កំពូល​មួយ​នេះ​។​ ​រំលឹក​ថា Wayne Rooney វ័យ ៣៣​ឆ្នាំ​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​ ជាមួយ​ក្លឹប​នៅ​ទឹកដី​សហរដ្ឋអាមេរិក DC United នឹង​បាន​ជួយ​ក្រុម​មួយ​នេះ​តាំង​ពី​បាត​តារាង​ឡើង​មក​លេង​វគ្គ Playoff ដោយ​បង្ហាញខ្លួន ២១ប្រកួត​ស៊ុត​បាន ១២​គ្រាប់​ ដែល​មិនងាយមាន​ខ្សែ​ប្រយុទ្ធ​រូប​ណា​ធ្វើ​បាន​​។

​​បញ្ជាក់​ថា ​ក្រុម​តោ​កំណាច​អង់គ្លេស​ ក្រោយ​ចប់​ភារកិច្ច​មិត្តភាព​នឹង​អាមេរិក គឺ​ត្រូវ​ជួប​ជាមួយ​ក្រុម​ជើង​ឯក​រង World Cup 2018 ក្រូ​អាស៊ី​ក្នុង​ពាន Nations League ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ​ផង​ដែរ​៕

ដោយ​៖ ទឹម សុវណ្ណារិទ្ធ