អង់គ្លេស​សង​សឹក​ក្រូ​អាស៊ី​បាន​ និង​ឡើង​ទៅ​លេង​ជុំ​បន្ត​ពាន UEFA Nations League

190

បាល់ទាត់៖ ក្រុម​តោ​បី​អង់គ្លេស​បាន​យកឈ្នះ​ក្រុម​ក្រូ​អាស៊ី ​និង​ឡើង​ទៅលេង​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Nations League Final ហើយ​តាមរយៈ​ជ័យជំនះ 2-1 កាលពី​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ ​ក្នុង​កីឡដ្ឋាន​ជាតិ​អង់គ្លេស Wembley​

​​ផ្ដើម​ការប្រកួត​នៅ​ក្នុង​វគ្គ​ទី​១ ម្ចាស់ផ្ទះ​អង់គ្លេស​មានឱកាស​សម្រុក​ច្រើន​ដោយ Sterling នឹង​ខ្សែ​ប្រយុទ្ធ Harry Kane តែ​មិន​មាន​សំណាង​ឡើយ​ ដោយ​បញ្ចប់​ត្រឹម​លទ្ធផល​បណ្ដោះអាសន្ន 0-0។ ​ឈាន​ចូល​វគ្គ​ទី​២ អង់គ្លេស​ដែល​ត្រូវការ​ឈ្នះ​បាន​ឡើង​ទៅលេង​វគ្គ​ផ្ដាច់ព្រ័ត្រ Nations League នេះ​ត្រូវ​ក្រូ​អាស៊ី​បាន​បើក​ការ​នាំ​មុខ​មុន 1-0 នៅ​នាទី​ទី៥៧ ដោយ Andrej Kramaric​ បាន​យ៉ាង​ល្អ​ធ្វើ​ឲ្យ​អ្នកគាំទ្រ Wembley​ រាប់​ម៉ឺន​នាក់​ស្ងាត់ជ្រងំ ក៏ប៉ុន្តែ​កីឡាករ​មកពី​ក្លឹប​បិសាច​ក្រហម Manchester United, Jesse Lingard​ ដែល​បង្ហាញខ្លួន​ប្រកួត​ទី២០ ឲ្យ​ជម្រើស​ជាតិ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ត្រឡប់​មក​រក​ភាព​សប្បាយ​រីករាយ​ជា​ខ្លាំង ​នៅ​នាទី​ទី៧៨ មុន​ពេល​ដែល​ខ្សែប្រយុទ្ធ Harry Kane សម្រេច​គ្រាប់​នាំមុខ​វិញ 2-1 នៅ​នាទី​ទី៨៦ នឹង​បញ្ចប់​ភាព​មិន​អាច​រក​គ្រាប់​បាល់​បាន ៧៤៧នាទី​ឲ្យ​ជម្រើសជាតិ ដោយ​គ្រាប់​ចុងក្រោយ​ពេល​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កូ​ឡុំ​ប៊ី​នៅ World Cup ហើយ​នេះ​ក៏​ជា​គ្រាប់​ទី២០ ផង​ដែរ​ឲ្យ​ជម្រើស​ជាតិ​។

​​គួរ​រំលឹក​ថា​ នេះ​ក៏​ជា​ការ​ប្រកួត​សងសឹក​វិញ​ផង​ដែរ​របស់​អង់គ្លេស​ ទៅលើ​ក្រូ​អាស៊ី​ដែល​ជួប​គ្នា​នៅ World Cup ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​នេះ​ក៏​ជា​ការ​ចាញ់​លើកដំបូង​ផង​ដែរ​ របស់​ក្រូ​អាស៊ី​ពេល​ជួប​អង់គ្លេស ​បើ​រាប់​ពី​ខែ​កញ្ញា​ឆ្នាំ២០០៩ មក ដែល​ពេលនោះ​គឺ​អង់គ្លេស​ឈ្នះ 5-1 នៅ Wembley​ នេះ​វគ្គ​ជំ​រុះ World Cup។​ ​ដោយឡែក​ឯ​ក្រុម​តោ​កំណាច​អង់គ្លេស​វិញ​ មាន​កំណត់​ត្រា​ល្អ​បំផុត​នៅ Wembley ​នេះ​ដោយ​ឈ្នះ 15ប្រកួត​ និង​ចាញ់​ ១​ប្រកួត​ប៉ុណ្ណោះ​។​ ​តាមរយៈ​លទ្ធផល​នេះ​អង់គ្លេស​ឡើង​មក​ឈរ​លេខ១ ​លើ​អេ​ស្ប៉ា​ញ​ដោយមាន ៧​ពិន្ទុ​ក្នុង​ពូ​ល​ទី​4 ហើយ​ត្រូវ​រង់​ចាំ​ការ​ចាប់​ឆ្នោត​គូ​ប្រកួត​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែល​មាន​ក្រុម​ព័រ​ទុយ​ហ្គា​ល់, ស្វី​ស, បារាំង​ រឺ​ហូ​ឡង់​ផង​ដែរ​៕

ដោយ​៖ ទឹម សុវណ្ណារិទ្ធ