ខេមរៈ​សហព័ន្ធ​កីឡា​យូ​ដូ​មើល​ឃើញ​ថា កីឡា​ការិនី​មាន​អាទិភាព​ខ្ពស់​ក្នុង​ការ​ស្វែងរក​មេដាយ​ពី​ការ​ប្រកួត​នៅ​ក្រៅ​ប្រទេស​

161

កីឡា​យូ​ដូ៖ កា​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ របស់​ខេមរៈ​សហព័ន្ធ​កីឡា​យូ​ដូ បាន​កាត់បន្ថយ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​ធ្ងន់​ប្រភេទ​បុរស ប៉ុន្តែ​បង្កើន​វិញ្ញាសា​ប្រយុទ្ធ​នារី​វិញ ព្រោះ​ចង់​ទាក់ទាញ​នារី​ចូលរួម​ជាមួយ​យូ​ដូ​ឲ្យ​បាន​ច្រើន​។

លោក ហេង លី ប្រធាន​ខេមរៈ​សហព័ន្ធ​យូ​ដូ​កម្ពុជា​ថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការប្រកួត​យូ​ដូ​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជា​តិ​ឆ្នាំ​២០១៨ នេះ បាន​កាត់បន្ថយ​នូវ​វិញ្ញាសា​ប្រយុទ្ធ​បុរស​ទម្ងន់​ ៩០​គីឡូក្រាមដោយ​បង្កើន​មកវិញ​នូវ​វិញ្ញាសា​ប្រយុទ្ធ​នារី ដើម្បី​បង្កើន​ប្រជាប្រិយភាព​ទាក់ទាញ​ឲ្យ​មាន​កីឡា​ការិនី ចូល​រួម​ហ្វឹកហាត់​ជាមួយ​កីឡា​យូ​ដូ​ឲ្យ​បាន​ច្រើន ខណៈ​បច្ចុប្បន្ន​នេះ​ប្រភេទ​កីឡា​មួយ​នេះ មាន​ចំនួន​កីឡា​ការិនី​ហ្វឹកហាត់​ហាក់​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​។​ ប្រធាន​ខេមរៈ​សហព័ន្ធ​យូ​ដូ​កម្ពុជា​អះ​អាង​ថា ការដែល​ខេមរៈ​សហព័ន្ធ​យូ​ដូយកចិត្តទុកដាក់​ លើ​ការ​បំផុស​ឲ្យ​មាន​ចំនួន​កីឡា​ការិនី ជា​នារី​ហ្វឹកហាត់​លើ​ប្រភេទ​កីឡា​មួយ​នេះឲ្យ​បាន​ច្រើន​នោះ ក៏​ព្រោះ​លោក​មើល​ឃើញ​ថា នារី​មាន​អាទិភាព​ខ្ពស់​ក្នុង​ការ​ស្វែងរក​មេដាយ ​ពី​ការប្រកួត​នៅ​ក្រៅ​ប្រទេស​។

លោក​បញ្ជាក់​ថា កីឡាករ​-​ការិនីដែល​ចូលរួម​ប្រកួតប្រជែង​ក្នុង​ជើងឯក​នេះ អ្នកមាន​សមត្ថភាព​នឹង​ត្រូវ​ជ្រើស​ជា​កីឡាករ​-​ការិនី​ជម្រើស​ជាតិ និង​ជម្រើស​ថ្នាល​របស់​ខេមរៈ​សហព័ន្ធ ព្រមទាំង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​ទទួល​បាន​ការ​បំពាក់​បំប៉ន​ពី​ខេមរៈ​សហព័ន្ធ សម្រាប់​ប្រកួត​លើ​ឆាក​អន្តរជាតិ​។​ សូម​បញ្ជាក់​ថា ការប្រកួត​យូ​ដូជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិឆ្នាំ​២០១៨​នេះ ដោយមាន​ក្លឹប​ចូលរួម​ប្រកួតប្រជែង​ចំនួន​ ១០​ក្លឹបក្នុង​នោះ​ចំនួន​កីឡាករ​-​ការិនី​កើន​ឡើង​ប្រមាណ​ជាង​២០% ​បើ​ធៀប​នឹង​ឆ្នាំមុន​៕